ប្តីស្លាប់គាបនៅក្នុងរថយន្ត រីឯប្រពន្ធរងរបួសធ្ងន់ ដោយសាររថយន្តកុងតឺន័របុកជាមួយរថយន្តហាយឡិនឌ័រ
បាត់ដំបងៈ បុរសជាប្តីបានស្លាប់ដោយគាបជាប់នៅក្នុងរថយន្ត រីឯប្រពន្ធ រងរបួសធ្ងន់ សមត្ថកិច្ចសង្គ្រោះទៅមន្ទីរពេទ្យ ដោយសាររថយន្តកុងតឺន័រឡើងវ៉ារថយន្តផ្សេង ហើយទៅបុកជាមួយរថយន្តហាយឡិនឌ័ររបស់ជនរងគ្រោះ ក្នុងទិសដៅបញ្ច្រាសគ្នា។
គ្រោះចរាចរណ៍នេះកើតឡើងកាលពីព្រឹកថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៩ នៅលើផ្លូវជាតិលេខ៥
ត្រង់ចំណុចក្រុមទី១ ភូមិរាមគន់ ឃុំគារ ស្រុកមោងឫស្សី ចន្លោះបង្គោលគីឡូម៉ែត្រលេខ243-244 ។
មេបញ្ជាការរងមូលដ្ឋានអាវុធហត្ថស្រុកមោងឫស្សី លោកម៉ៅ ហ៊ត បានឱ្យដឹងថា តៃកុងរថយន្តហាយឡិនឌ័រ ដែលស្លាប់មានឈ្មោះសៀក សេងទ្រី អាយុ៥៥ឆ្នាំ និងស្រ្តីជាប្រពន្ធរងរបួសធ្ងន់ ឈ្មោះពេញ សុធី អាយុ៥៣ឆ្នាំ ។ ទាំងពីរនាក់ប្តីប្រពន្ធនេះ រស់នៅភូមិ សង្កាត់ប៉ាហ៊ី ក្រុងប៉ៃលិន ខេត្តប៉ៃលិន។
ចំណែកតៃកុងរថយន្តបង្កមិនស្គាល់ឈ្មោះទេ ក្រោយកើតហេតុ បានរត់គេចខ្លួនបាត់។
សាក្សីបានប្រាប់សមត្ថិច្ច ដែលចុះទៅវាស់វែងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាកនីសាន់ធុនធំដឹកជញ្ជូនទំនិញ ពាក់ផ្លាកលេខព្រះសីហនុ 3A 1691 សណ្ដោងរ៉ឺម៉ក ដឹកកុងតឺន័រ ពាក់ផ្លាកលេខព្រះស៊ីហនុ 4A 1959 ធ្វើដំណើរមកពីទិសបាត់ដំបងទៅភ្នំពេញ មកដល់ចំណុចកើតហេតុ បានឡើងវ៉ាជែងរថយន្តផ្សេងទៀត បណ្ដាលឱ្យជ្រុលទៅបុករថយន្តហាយឡិនឌ័រ
ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2AD 9374 កំពុងធ្វើដំណើរបញ្ច្រាសទិសគ្នា បណ្តាលឱ្យស្លាប់ម្នាក់ និងរបួសធ្ងន់ម្នាក់។
ចំណែកមធ្យោបាយរថយន្តខូចទាំង២គ្រឿង បញ្ជួនទៅអធិការដ្ឋានជំនាញចរាចរណ៍ ដើម្បី
ស្រាវជ្រាវរកម្ចាស់រថយន្ត ឱ្យចូលខ្លួនមកដោះស្រាយតាមច្បាប់៕