ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

មនុស្សស្លាប់៤០នាក់, ២១៣នាក់រងរបួស ក្នុងហេតុការណ៍រត់ជាន់គ្នាក្នុងពិធីបុណ្យសពមេទ័ពអ៊ីរ៉ង់ ពិធីបុណ្យត្រូវពន្យារពេល

74

(តេហេរ៉ង់)ប្រជាជនអ៊ីរ៉ង់៤០នាក់បានបាត់បង់ជីវិតនិងរាប់រយនាក់ទៀតទទួលរងរបួសដោយសារការរត់ជាន់លើគ្នានៅក្នុងពិធីបុណ្យសពលោកកាស្សេមសូឡៃមេនី(Qassem Soleimani) មេទ័ពកំពូលមួយរូបនៃកងកម្លាំងការពារជាតិអ៊ីរ៉ង់។នេះបើតាមការចេញផ្សាយដោយសារព័ត៌មានAl Jazeera នៅយប់ថ្ងៃអង្គារទី០៧ខែមករាឆ្នាំ២០២០។

ដោយសារតែពិធីបុណ្យសពនៅក្នុងរដ្ឋធានីតេហេរ៉ង់មានសភាពណែនណាន់តាន់តាប់ខ្លាំងពេកនោះទើបការធ្វើដំណើរមានការលំបាកហើយឈានទៅដល់ការកើតមានហេតុការណ៍រត់ជាន់លើគ្នានៅពេលមឈូសលោកមេទ័ពត្រូវដង្ហែទៅរកកន្លែងបញ្ចុះ។មន្ត្រីគ្រប់គ្រងគ្រាមានអាសន្នអ៊ីរ៉ង់បានប្រាប់ទូរទស្សន៍ក្នុងស្រុកអ៊ីរ៉ង់យ៉ាងដូច្នេះថា«ប្រជាជនដែលបានបាត់បង់ជីវិតក្នុងហេតុការណ៍រត់ជាន់គ្នានៅពិធីបុណ្យសពចំនួន៤០នាក់និង២១៣នាក់ទៀតទទួលរងរបួស»ដោយសារហេតុនេះហើយទើបពិធីបញ្ចុះសពលោកSoleimani ត្រូវបានពន្យារពេលសិនហើយការកំណត់ថ្មីនឹងត្រូវប្រកាសនាពេលក្រោយទៀត។

គួរបញ្ជាក់ថាពិធីបុណ្យសពលោកមេទ័ពអ៊ីរ៉ង់Qassem Soleimani ក្នុងរដ្ឋធានីតេហេរ៉ង់ត្រូវបានចូលរួមដោយប្រជាជនអ៊ីរ៉ង់យ៉ាងច្រើនកកុញជាហេតុធ្វើឲ្យពិធីទាំងមូលពិបាកក្នុងការរក្សារបៀបរៀបរយ។លោកSoleimani ដែលមួយរយៈចុងក្រោយនេះមានភាពល្បីល្បាញខ្លាំងក្នុងទំព័រសារព័ត៌មានអន្តរជាតិតាមរយៈការព្រមានសហរដ្ឋអាមេរិកជាបន្តបន្ទាប់នោះត្រូវបានសម្លាប់ក្នុងការវាយប្រហារដោយកងទ័ពអាកាសអាមេរិកលើទឹកដីអ៊ីរ៉ាក់កាលពីថ្ងៃសុក្រសប្តាហ៍មុន៕

អត្ថបទដែលជាប់ទាក់ទង