ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ឃាត់ខ្លួន ជនល្មើសម្នាក់ ករណីគាស់សោ​ទ្វារផ្ទះយកម៉ូតូ​ កាលពីប្រមាណ៣ខែមុន

52

 

ភ្នំពេញ៖ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ បានរាយការណ៍ករណីអំពើលួច មានស្ថានទម្ងន់ទោសដោ​យកា​រកាប់គាស់ទម្លុះទម្លា​យ (គាស់សោ​ទ្វារផ្ទះយកម៉ូតូ​) កាលពីប្រមាណ៣ខែមុន ។ ជនសង្ស័យម្នាក់ ឈ្មោះ បូ ដារ៉ូ ត្រូវបានឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិ​ធី​។

សូមបញ្ជាក់ថា ករណីនេះ កើតហេតុនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩ វេលាម៉ោង២៣និង៤១នាទី នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៣៧១ ភូ​មិ​ព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ បូ ដារ៉ូ ភេទប្រុស អាយុ ១៨ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិ ព្រែកតាគង់ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរមិនពិតប្រាកដ (ឃាត់ខ្លួនមានផ្ទុកសារធាតុញៀន) ។

ជនរងគ្រោះឈ្មោះ ទូច ទី ភេទ ស្រី អាយុ ៣៧ ឆ្នាំ ជនជាតិ ខ្មែរ ទីលំនៅផ្ទះលេខ៨៩អឺ១,២ ផ្លូវបេតុង ភូមិព្រែកតាគង់ សង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ មុខរបរ ។ សម្ភារៈបាត់បង់ ៖ ម៉ូតូ០១គ្រឿងម៉ាកស្គូបពី ពណ៌ស ស៊េរី២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ 1FP 5621 ។

នគរបាល បញ្ជាក់ពីហេតុការណ៍នេះថា កាលពីថ្ងៃទី ១១ ខែ តុលា ឆ្នាំ ២០១៩ វេលាម៉ោង ២៣និង០០នាទី ជនរងគ្រោះឈ្មោះ ទូច ទី បានយកម៉ូតូមួយគ្រឿងម៉ាក ស្តុបពី ពណ៌ ស ស៊េរីឆ្នាំ ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ ១FP-៥៦២១ មកទុកនៅចំណុចផ្ទះជួលគ្មានលេខ ផ្លូវ ​៣៧១ ភូមិ ព្រែកតាគង់១ សង្កាត់ ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ (កន្លែងកើតហេតុ) ដោយបានដោតសោម៉ូតូនៅជាប់នឹងកុងតាក់ម៉ូតូ រួចបានចាក់សោទ្វារផ្ទះខាងលើ ហើយទៅសម្រាកនៅផ្ទះមួយផ្សេងទៀត នៅជិតកន្លែងកើតហេតុ ពេលសម្រាកបានមួយសន្ទុះ ជនរងគ្រោះបានបើកមើលកាមេរ៉ាសុវត្ថិភាព តាមទូរស័ព្ទដៃ ស្រាប់តែបាត់ម៉ូតូរបស់ខ្លួន ពេលនោះជនរងគ្រោះ បានមកដាក់ពាក្យបណ្តឹង នៅប៉ុស្តិ៍នគរបាលចាក់អង្រែលើ តែម្តង ភ្លាមៗនោះ សមត្ថកិច្ចយើង បានចុះទៅដល់កន្លែងកើតហេតុខាងលើ ឆែកមើលកាមេរ៉ាសុវត្ថិភាព ឃើញជនសង្ស័យឈ្មោះ បូ ដារ៉ា ធ្វើសកម្មភាព លួចយកម៉ូតូម៉ាកស្តុបពី ពណ៌ ស ស៊េរីឆ្នាំ ២០១៥ ពាក់ផ្លាកលេខ ភ្នំពេញ ១FP-៥៦២១ ជិះគេចខ្លួនបាត់ទៅ លុះមកដល់ថ្ងៃទី ០៦ ខែមករា ឆ្នាំ ២០២០ វេលាម៉ោង២១និង៣០នាទី កម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលចាក់អង្រែលើ បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យខាងលើ នៅចំណុចផ្លូវលំ ភូមិព្រែកតាគង់១ សង្កាត់ចាក់អង្រែលើ យកមកធ្វើការសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលចាក់អង្រែលើ តែម្តង ។

បច្ចុប្បន្ន ជនសង្ស័យឈ្មោះ បូ ដារ៉ូ ត្រូវបានឃាត់ខ្លួននៅ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿងចាត់តាមនីតិវិធី ៕

អត្ថបទដែលជាប់ទាក់ទង