ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានីភ្នំពេញបានពង្រាយ បង្គន់អនាម័យ នៅតាមទីសាធារណៈនានាចំនួន១២កន្លែង និងសូមអោយប្រជាពលរដ្ឋចូលរួមសំអាតទាំងអស់គ្នា

76
ភ្នំពេញ៖  រដ្ឋបាលរាជធានីភ្នំពេញបាននិងកំពុងយកចិត្តទុកដាក់ទៅលើការស្ថាបនាការកែលម្អសួនច្បារនៅក្នុងរាជធានីភ្នំពេញជាមួយនឹងការដាក់បង្គន់អនាម័យនៅតាមបណ្ដាសួរច្បារនានានៅក្នុងរាជធានីភ្នំពេញផងដែរ ដើម្បីធ្វើយ៉ាងណាឱ្យបរិស្ថាននៅ
តាមសួនច្បារបានលក្ខណៈល្អប្រសើរ ស្របទៅនឹងក្រុងដែលមានភាពស៊ីវីល័យ។
   លោក សំ សាមុត ប្រធានអង្គភាពសួនច្បារនិងរុក្ខជាតិនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងនៅព្រឹកថ្ងៃទី០៨ មករា ២០២០នេះថា នៅរាជធានីភ្នំពេញមកដល់ពេលនេះ សម្រាប់បង្គន់អនាម័យដែលបានបំពាក់នៅតាមទីសាធារណៈនានា មានរហូតដល់១២ កន្លែង ក្នុងនោះរួមមាន នៅមុខវត្តបទុមវត្តីមានចំនួនពីរកន្លែងគឺនៅសួនកុមារចំនួន១០ បង្គន់ នៅសួនក្រមង៉ុយចំនួន១០ បង្គន់ នៅតំបន់កំពង់ដអរិយក្សត្រចំនួន១៨បង្គន់ នៅខាងលិចរង្វង់មូលសម្ដេចជោណាត ៦បង្គន់ នៅបញ្ជរទេសចរណ៍ចំនួន២០បង្គន់ នៅសួនច្បារ ក្រសួងការពារជាតិ ចំនួន៦បង្គន់ នៅសួនច្បារភ្នំចំនួន ១០បង្គន់នៅបេនឡានក្រុងឬទីលានប្រជាធិបតេយ្យខណ្ឌឬស្សីកែវចំនួន ១៥បង្គន់ នៅសួនព្រះនាងប្រាជ្ញាបារមីចំនួន១៥បង្គន់ នៅទីលានប្រជាធិបតេយ្យចាស់ចំនួន៦បង្គន់ នៅក្រោយក្រសួងសាធារណៈការនិងដឹកជញ្ជូន ជាប់នឹងស្ថានទូតអាមេរិកជាមួយនឹងសួនច្បារយាយពេញចំនួន២ បង្គន់ ដែលបង្គន់ទាំងនេះមានលក្ខណៈទំនើបនិងមានអនាម័យ។
  លោកសំ សាមុត បានបញ្ជាក់ទៀតថា ចំពោះការងារថែទាំសួនច្បារនិងបង្គន់អនាម័យនៅទីសាធារណៈទាំងអស់នេះ គឺស្ថិតនៅក្រោមការមើលថែទាំ ពីកម្មករនៃមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ ហើយអ្នកចូលបង្គន់ទាំងនេះ គឺមិនតម្រូវឲ្យមានការបង់ប្រាក់នោះទេ ។
   លោកក៏បានបញ្ជាក់ផងដែរថា បញ្ហាប្រឈមដែលជាការលំបាកដល់បងប្អូនកម្មករមើលថែបង្គន់សាធារណៈ ខ្លាំងជាងគេនោះ មានបង្គន់២កន្លែង នោះគឺនៅកំពង់ដអរិយក្សត្រ១កន្លែងនិងនៅមុខវត្តបុទុមវតីមួយកន្លែង ដោយសារតែ មានបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលគាត់ផឹកស្រាស្រវឹង ពួកគាត់បានចូលទៅក្អួតពាសវាលពាសកាលពេញបង្គង់ដែល តម្រូវឲ្យកម្មករធ្វើការបោះសំអាតឡើងវិញ។
  លោកសំ សាមុតក៏បានធ្វើការអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ដែលប្រើប្រាស់បង្គន់អនាម័យសាធារណៈត្រូវចូលរួមថែទាំសំអាតបរិស្ថានទាំងអស់គ្នា ពិសេសបងប្អូនជាស្ត្រីកុំយកសំឡីអនាម័យដាក់ចូលក្នុងចានបង្គន់ និងបងប្អូនបុរសកុំជក់បារីក្នុងបន្ទប់បង្គង់ផងដែរ៕
អត្ថបទដែលជាប់ទាក់ទង