ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បង្ក្រាបជនសង្ស័យ៣នាក់ រឹបអូសថ្នាំញៀនជាង១៤គីឡូក្រាម

65

(ភ្នំពេញ)កម្លាំងនគរបាលនៃមន្ទីរប្រឆាំងគ្រឿងញៀនរបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានបើកប្រតិបត្តិការបង្ក្រាបករណីជួញដូរគ្រឿងញៀនមួយករណីដកហូតបានជាង១៤គីឡូក្រាមនិងឃាត់ខ្លួនមនុស្ស៣នាក់។

មន្ទីរប្រឆាំងគ្រឿងញៀនបានប្រាប់បណ្ដាញព័ត៌មាននៅរសៀលថ្ងៃទី០៨ខែមករាឆ្នាំ២០២០នេះថាប្រតិបត្តិការនេះធ្វើឡើងនៅថ្ងៃទី០៧ខែមករាដោយអនុវត្តតាមបញ្ជារបស់នាយឧត្តមសេនីយ៍សន្តិបណ្ឌិតនេតសាវឿនអគ្គស្នងការនគរបាលជាតិ, នាយឧត្តមសេនីយ៍ម៉ក់ជីតូអគ្គស្នងការរងទទួលផែនប្រឆាំងគ្រឿងញៀននិងលោកឧត្តមសេនីយ៍ឯកឡឹកវណ្ណៈនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន។

ប្រភពព័ត៌មានដដែលបានឲ្យដឹងទៀតថាប្រតិបត្តិការនេះធ្វើឡើងនៅចំណុចខារ៉ាអូខេផ្ទះលេខ៥៦ផ្លូវលេខ២៣០សង្កាត់ទឹកល្អក់៣ខណ្ឌទួលគោករាជធានីភ្នំពេញនិងមានការសម្របសម្រួលពីលោកគុជគឹមឡុងព្រះរាជអាជ្ញារងរាជធានីភ្នំពេញ។

ជាលទ្ធផលនៃប្រតិបត្តិការកម្លាំងសមត្ថកិច្ចជំនាញឃាត់ខ្លួនបានជនសង្ស័យ៣នាក់ទី១៖ឈ្មោះម៉េងឌីអាយុ២២ឆ្នាំ, ទី២៖ឈ្មោះប៊ុនធឿនធានីអាយុ២៣ឆ្នាំនិងទី៣៖ឈ្មោះជាភារុណអាយុ២១ឆ្នាំក្នុងនោះវត្ថុតាងចាប់យកបានសារធាតុញៀនសរុបជាង១៤គីឡូក្រាមរួមមានសារធាតុញៀនមេតំហ្វេតាមីន(ICE) ទម្ងន់សុទ្ធ៥,២២២.៨៣ក្រាម, នីមេតាហ្សេប៉ាមទម្ងន់៨,៨២៩.៧២ក្រាមស្មើនឹង៤៩,០៥៤គ្រាប់។

បច្ចុប្បន្នជនសង្ស័យទាំង៣នាក់កម្លាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅតុលាការចាត់ការបន្ដតាមនីតិវិធី៕

អត្ថបទដែលជាប់ទាក់ទង