ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជានៅតែអាចរក្សានូវកំណើននាំចេញ បានក្នុងរង្វង់១០% ទោះបីទីផ្សារនាំចេញមានភាពរអាក់រអួល ដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម

127

(ភ្នំពេញ)៖ សេដ្ឋកិច្ចជាតិមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយកម្ពុជានៅតែអាចរក្សានូវកំណើននាំចេញបានក្នុងរង្វង់១០% ទោះបីទីផ្សារនាំចេញមានភាពរអាក់រអួលដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយគាំពារនិយមដែលដាក់ចេញដោយប្រទេសមហាអំណាចមួយចំនួនក៏ដោយ ក៏ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបាន ជាង៦៣០០លានដុល្លារ។

លោក រាជ រ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម តំណាងឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានចូលរួមជាគណៈអធិបតីក្នុងពិធីប្រគល់រង្វាន់ជ័យលាភីក្នុងការប្រកួតប្រជែងតែងអត្ថបទស្តីពី « រឿងព្រេងប្រទេសចិនរបស់ខ្ញុំ» ដែលធ្វើឡើងនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ នៅល្ងាចថ្ងៃទី០៨ ខែមករា ឆ្នាំ២០២០ រៀបចំដោយស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា។ ក្នុងពិធីនេះដែរក៏មានការចូលរួមពី លោក Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ច អមស្ថានទូតចិន ផងដែរ ។

ក្នុងឱកាសនោះដែរ លោកក៏បានលើកឡើងថា រាជរដ្ឋាភិបាលក្រោមការដឹកនាំដ៏ត្រឹមត្រូវប្រកបដោយគតិបណ្ឌិតរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ធ្វើឲ្យប្រទេសជាតិមានសុខសន្តិភាព សេដ្ឋកិច្ចជាតិមានការកើនឡើងជារៀងរាល់ឆ្នាំ ហើយកម្ពុជានៅតែអាចរក្សានូវកំណើននាំចេញបានក្នុងរង្វង់១០% ទោះបីទីផ្សារនាំចេញមានភាពរអាក់រអួលដែលបណ្តាលមកពីសង្គ្រាមពាណិជ្ជកម្ម និងគោលនយោបាយគាំពារនិយមដែលដាក់ចេញដោយប្រទេសមហាអំណាចមួយចំនួនក៏ដោយ។ វិស័យពាណិជ្ជកម្ម នៅតែជាកម្លាំងចលករ និងជាកត្តាដ៏សំខាន់ដែលមិនអាចខ្វះបាន ក្នុងចំណោមកត្តាផ្សេងទៀត ក្នុងការជួយឲ្យកម្ពុជាយើងអាចរក្សាបាននូវស្ថិរភាពនៃកំណើនសេដ្ឋកិច្ចជាតិក្នុងរង្វង់គិតជាមធ្យមប្រមាណ ៧%ក្នុងមួយឆ្នាំ ។ ការបន្តធ្វើកំណែទម្រង់ស៊ីជម្រៅ ការដាក់ចេញនូវគោលនយោបាយពាណិជ្ជកម្មច្បាស់លាស់ ការរក្សាបាននូវសុខសន្តិភាព ស្ថិរភាពនយោបាយ ការបន្តធ្វើសេរីភាវូបនីយកម្ម និងសមាហរណកម្មក្នុងតំបន់ និងការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មទ្វេភាគី គឺជាកិច្ចការចាំបាច់បំផុតសម្រាប់ការដោះដូរពាណិជ្ជកម្ម។

លោក បន្តទៀតថា តាមរយៈទំនាក់ទំនងរវាងចិន និងកម្ពុជាយើងសម្រេចបាននូវសមិទ្ធិផលជាច្រើនដូចខាងក្រោម៖ នៅក្នុងឆ្នាំ២០១៨ ទំហំវិនិយោគចិននៅកម្ពុជាមានទឹកប្រាក់រហូតដល់ទៅ ៦ពាន់លានដុល្លារ។ ទំហំពាណិជ្ជកម្មកម្ពុជា ចិន នៅឆ្នាំ២០១៨ មានចំនួនជាង ៧ពាន់លានដុល្លា ក្នុងរយៈពេល៩ខែ ឆ្នាំ២០១៩នេះទំហំពាណិជ្ជកម្មរវាងកម្ពុជា-ចិន សម្រេចបាន ជាង៦៣០០លានដុល្លារ។
ហើយនៅឆ្នាំ២០១៩ នេះរដ្ឋាភិបាលចិនបានផ្តល់កូតានាំអង្ករពីកម្ពុជាចំនួន ៤០ម៉ឺនតោន។ មានរោងចក្រជាង៧០០ ក្នុងចំណោមជាង ១ពាន់រោងចក្រជារបស់ក្រុមហ៊ុនចិន ដែលបានផ្តល់ការងារជូនប្រជាពលរដ្ឋខ្មែររាប់សិបម៉ឺននាក់។
គិតត្រឹមឆ្នាំ២០១៨ ក្រសួងពាណិជ្ជកម្មកម្ពុជា បានបង្កើតមជ្ឈមណ្ឌលពាណិជ្ជកម្មចំនួន ០៤ នៅសាធារណរដ្ឋប្រជាមានិតចិន ដូចខាងក្រោម៖ .១. មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងក្វាងចូវ ២. មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងហាយនីង ៣. មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងស៊ីអាន និង៤. មជ្ឍមណ្ឌលពាណិជ្ជកម្មកម្ពុជាប្រចាំនៅទីក្រុងហុងកុង។

មជ្ឈមណ្ឌលពាណិជ្ជកម្មទាំងអស់នោះជាទីតាំងសម្រាប់ដាក់តាំងបង្ហាញ និងផ្សព្វផ្សាយរកទីផ្សារសម្រាប់ផលិតផលសក្តានុពលកម្ពុជា ដូចជា អង្ករ ម្រេច ស្ករត្នោត អំបិល កាហ្វេ ទឹកផ្លែឈើ ស្រាបៀរ គ្រាប់ស្វាយចន្ទី ដំណាប់ផ្លែឈើ ក្រមា វត្ថុអនុស្សាវរីយ៍ និងសៀវភៅផ្សព្វផ្សាយអំពីវិនិយោគ និងទេសចរណ៍។ ឯកឧត្តមក៏បានគូសបញ្ជាក់ផងដែរថា ការចាប់ផ្តើមចរចាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន នឹងជួយដល់ការធ្វើពិពិធកម្មសេដ្ឋកិច្ច និងបើកច្រកទីផ្សារបន្ថែមទៀតសម្រាប់ទំនិញ និងសេវារបស់កម្ពុជា ដែលនេះជាគោលដៅយុទ្ធសាស្រ្តនៃយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤។ ការពង្រីកបាននូវទីផ្សារនាំចេញដែលមានលក្ខណៈអចិន្រ្តយ៍ នឹងរួមចំណែកយ៉ាងសំខាន់ក្នុងការពង្រឹងអធិបតេយ្យភាពជាតិ និងឯករាជ្យភាពនៃសេដ្ឋកិច្ចកម្ពុជា ពីការពឹងផ្អែកតែទៅលើភាពអនុគ្រោះពន្ធដែលមានលក្ខណៈបណ្តោះអាសន្ន។ មិនតែប៉ុណ្ណោះ វានឹងជួយឲ្យរដ្ឋាភិបាលអាចឈានទៅសម្រេចបាននូវចក្ខុវិស័យ និងទទួលបានឋានៈជាប្រទេសចំណូលមធ្យមកម្រិតខ្ពស់ក្នុងឆ្នាំ២០៣០ និងជាប្រទេសចំណូលខ្ពស់ក្នុងឆ្នាំ២០៥០។

លោកបានស្នើសុំឲ្យភាគីចិន តាមរយៈ លោក Wu Guoquan ទីប្រឹក្សាពាណិជ្ជកម្ម និងសេដ្ឋកិច្ច អមស្ថានទូតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា ដូចខាងក្រោម៖ស្នើសុំដល់រដ្ឋាភិបាលចិនផ្តល់នូវវគ្គបណ្តុះបណ្តាល និងអាហាររូបករណ៍បន្ថែមទៀតដល់ និស្សិត និងមន្រ្តីរាជការដែលជាយុវជនរបស់ក្រសួងពាណិជ្ជកម្មផ្តោតទៅលើប្រធានបទដែលពាក់ព័ន្ធនឹងវិស័យពាណិជ្ជកម្មដូចជា៖ E-Commerce, E-Government, Digital Economy, International Trade, Commercial Data Collections ។ល។ សុំជួយជំរុញអ្នកវិនិយោគចិនឲ្យបានកាន់តែច្រើនបន្ថែមទៀតមកធ្វើការបណ្តាក់ទុននៅកម្ពុជា ។ស្នើភាគីចិនជួយជំរុញដំណើរការនៃកិច្ចចរចារបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងកម្ពុជា-ចិន ឲ្យបានឆាប់
។ បន្ថែមលើមុខទំនិញអង្ករ ស្នើឲ្យភាគីចិន ជួយទិញផលិតផលកសិកម្មមួយចំនួនបន្ថែមទៀតដូចជា ផ្លែចេក ស្វាយ ដំឡូងមី មៀន ម្នាស់ ធុរេន ស្រកានាគ ម្រេច និងដូង៕
អត្ថបទដែលជាប់ទាក់ទង