ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងកម្ពុជា

50

 

ភ្នំពេញ៖ ស្ថានទូតអាមេរិកប្រចាំព្រះរាជាណាចក្រកម្ពុជា បានប្រកាសព័ត៌មានថា ឆ្នាំ ២០២០ គឺជាឆ្នាំខួបលើកទី ៧០ នៃការបង្កើតទំនាក់ទំនងការទូត រវាងសហរដ្ឋអាមេរិក និងប្រ​ទេស​កម្ពុជា។ ស្ថានទូតអាមេរិ​ក​នៅភ្នំពេញ ធ្វើការអបអរដែលមានរយៈពេ​ល​មួយឆ្នាំ ដោយទាញការចាប់អា​រ​ម្មណ៍ លើការរួមចំណែករបស់សហរ​ដ្ឋ​អាមេរិក ចំពោះការអភិវឌ្ឍន៍នៃប្រទេ​ស​កម្ពុ​ជា ព្រមទាំងភាពជាដៃគូសំខាន់ៗជាច្រើ​នទៀ​ត រវាងប្រទេសយើងទាំង​ពីរ។

ស្ថានទូតអាមេរិក បានបញ្ជាក់ថា ពិធីផ្តើមនៃការអបអ​រខួបលើកទី ៧០ នៃទំនាក់ទំនងការទូតរវាងសហរដ្ឋអាមេរិក និងប្រទេសកម្ពុជា នៅFuture Factory នៅថ្ងៃទី ៨ ខែមករា ពីម៉ោង ៥ ដល់ម៉ោង ៧ យប់ ប្រព្រឹត្តទៅក្រោមអធិបតីភាពលោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងលោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា ដោយមានការចូលរួម ពីលោករដ្ឋមន្ត្រីក្រសួងពាក់ព័ន្ធផ្សេងទៀត។

កម្ពុជា-សហរដ្ឋអាម៉េរិក មានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ លើវិស័យកសិកម្ម បរិស្ថាន សុខាភិបាល អប់រំ ពាណិជ្ជកម្ម ជំនួយមនុស្សធម៌ រហូតដល់ការពង្រឹងការអនុវត្តច្បាប់ កិច្ចសហប្រតិបត្តិការក្នុងតំបន់ និងសិទ្ធិមនុស្ស លទ្ធិប្រជាធិបតេយ្យ។

លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជា បានថ្លែងកោតសរសើរ ចំពោះការរីកចម្រើន នៃប្រទេសកម្ពុជា និងទទួលស្គាល់ថា ក្នុងរយៈពេលជាង២ទសវត្សរ៍មកនេះ ប្រទេសកម្ពុជា មានការរីកចម្រើនខ្លាំង បោះជំហានទៅមុខ។

លោក Patrick Murphy ក៏ចង់ឃើញឲ្យមាន ការកែលម្អច្រើនទៀត ផ្នែកទៅតាមរដ្ឋធម្មនុញ្ញ នៃប្រទេសកម្ពុជា ជាមួយនឹងការខិតខំប្រឹងប្រែង ទៅលើវិស័យសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នឹងមានការរីកចម្រើន នឹងមានការបោះជំហានជាមួយគ្នា ទៅមុខទៀត។

ឯកអគ្គរដ្ឋទូតអាមេរិកបានលើកឡើងផងដែរថា ទំនាក់ទំនង អាមេរិក-កម្ពុជា ៧០ឆ្នាំមកនេះ វាមិនមែនសុទ្ធតែស្រួលនោះទេ វាក៏មានបញ្ហា ប៉ុន្ដែយើងផ្ដោតអារម្មណ៍ លើវិស័យនៃកិច្ចសហប្រតិបត្ដិការ ដែលនឹងជួយជំរុញកិច្ចសហប្រតិបត្ដិការនេះឲ្យបានល្អ ហើយជួយប្រទេសកម្ពុជា ឲ្យមានភាពរីកចម្រើន។ អាមេរិក-កម្ពុជា មានគ្រឹះនៃកិច្ចសហប្រតិបត្ដិការល្អ ដូច្នេះយើងផ្ដោតទៅលើគ្រឹះនេះ ដើម្បីធ្វើឲ្យការទំនាក់ទំនងរវាង អាមេរិក-កម្ពុជា មានការរីកចម្រើនទៅមុខទៀត រួមទាំងវិស័យវប្បធម៌ វិស័យសេដ្ឋកិច្ច និងវិស័យនានាផ្សេងៗជាច្រើនទៀត៕

អត្ថបទដែលជាប់ទាក់ទង