ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋ ប្រមាណ១៥០នាក់ មកទទួលការពិនិត្យនិងព្យាបាលជម្ងឺភ្នែកដោយឥតគិតថ្លៃពីអង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍន៍ នៅកម្ពុជា

50

 

កំពត៖ ប្រជាពលរដ្ឋមកពីបណ្ដាមូលដ្ឋានក្នុងខេត្តកំពត ខេត្តព្រះសីហនុ និងខេត្តកែបប្រមាណ ១៥០នាក់ បានមកទទួលសេវាការពិនិត្យ និងព្យាបាលជំងឺភ្នែកដោយឥតគិតថ្លៃពីអង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍ ប្រចាំនៅកម្ពុជា ដែលកម្មវិធីនេះ ធ្វើឡើងនៅព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២០ នៅភូមិកំពង់កណ្ដាល ឃុំជុំគ្រៀល ស្រុកទឹកឈូខេត្តកំពត តាមរយៈការចូលរួមសំណេះសំណាលសួរសុខទុក្ខ ប្រជាពលរដ្ឋពីសំណាក់ លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រមណ្ឌលកំពត។
លោកបណ្ឌិត រ៉ូស ម៉ានសះរី ប្រធានអង្គការមូលនិធិអាស៊ានដើម្បីការអប់រំ និងអភិវឌ្ឍប្រចាំនៅកម្ពុជាបានឲ្យដឹងថា អង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍ តែងបានចូលរួមចំណែក ធ្វើសកម្មភាពជាមួយរាជរដ្ឋាភិបាលកម្ពុជា ជួយដល់ប្រជាពលរដ្ឋមិនប្រកាន់និន្នាការនយោបាយនិងសាសនាអ្វីឡើយ ស្ថិតតាមសហគមន៍នានាក្នុងមូលដ្ឋានមួយចំនួនក្នុងប្រទេសកម្ពុជាចាប់តាំងពីឆ្នាំ ២០១៤មកម្ល៉េះ។ ជាពិសេសនៅក្នុងខេត្តកំពត ដោយបានផ្ដោតលើសកម្មភាពសំខាន់ៗ គឺការអប់រំលើធនធានមនុស្ស សុខភាពអនាម័យជនបទ និងមូលនិធិសមធម៌ក្នុងសហគមន៍។ជាក់ស្ដែងកម្មវិធីពិនិត្យ និងការព្យាបាលភ្នែកដោយឥតគិតថ្លៃ នៅពេលនេះគឺជាគម្រោង តាមរយៈជំនួយមនុស្សធម៌របស់ប្រទេសគុយវ៉េត ដែលមានប្រជាពលរដ្ឋ នឹងត្រូវមកចូលរួមទទួលការពិនិត្យនិងព្យាបាល មកពីខេត្ត ចំនួន៣ គឺខេត្តកែប ខេត្តព្រះសីហនុ និងខេត្តកំពត សរុបចំនួនប្រមាណ១៥០នាក់។
លោក ម៉ាត់ សេត អ្នកតំណាងរាស្ត្រ មណ្ឌលកំពតបានមានប្រសាសន៍សំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយចាត់ទុកសកម្មភាពកន្លងមករបស់អង្គការមូលនិធិអាស៊ានដើម្បីការអប់រំនិងអភិវឌ្ឍគឺជាការងារសង្គមមួយដែលរាជរដ្ឋាភិបាលកម្ពុជាទាមទារឲ្យមានការចូលរួមមិនអាចខ្វះបាន ពិសេសកិច្ចសហការក្នុងការពិនិត្យនិងព្យាបាលជំងឺភ្នែកជូនប្រជាពលរដ្ឋនៅពេលនេះគឺជាកាយវិការ ដ៏សប្បុរសធម៌មួយបានរួមចំណែកយ៉ាងល្អប្រពៃជាមួយរាជរដ្ឋាភិបាលកម្ពុជា។
ជាមួយគ្នានេះ លោកក៏បានចាត់ទុកនិងប្រៀបប្រដូចសុខភាពភ្នែកនិងសុខសន្តិភាព របស់ប្រទេសជាតិគឺពិតជា សេចក្ដីត្រូវការដ៏មានសារៈសំខាន់ដែលជាបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទូទៅនិងរាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ដែលតែងបានខិតខំយកចិត្តទុកដាក់ជាសំខាន់។
ដូច្នេះបញ្ហាសុខភាពភ្នែកបើយើង មានជំងឺភ្នែកមើលអ្វីមិនឃើញពិតជាពិបាកនឹងការរស់នៅឬប្រកបកិច្ចការងាផ្សេងៗបាន ប៉ុន្តែដូចគ្នានេះដែរបើបញ្ហាប្រទេសជាតិបើពុំមានសុខសន្តិភាព ពេញបរិបូណ៌នោះទេ ការរស់នៅឬប្រកបមុខរបររកស៊ីផ្សេងៗសម្រាប់ប្រជាពលរដ្ឋក៏ពិបាកនោះដែរ។ បើបែបនេះ មានតែយើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាសុខភាពភ្នែកឱ្យបានល្អនិងសុខសន្តិភាពប្រទេសជាតិឲ្យបានរឹងមាំ ទើបយើងទាំងអស់គ្នារស់នៅប្រកបដោយសុភមង្គល និងការអភិវឌ្ឍប្រទេសជាតិបានកាន់តែរីកចម្រើន។
ក្នុងឱកាសនោះ លោក ម៉ាត់ សេត អ្នកតំណាងរាស្រ្ត ក៏បានផ្ដាំផ្ញើឱ្យប្រជាពលរដ្ឋយើងរក្សា សុខភាពឲ្យបានល្អទាំងអស់គ្នាមិនថាតែសុខភាពភ្នែក ឬសុខភាពខ្លួនប្រាណឡើយ ពិសេសរស់នៅប្រកបដោយអនាម័យហូបស្អាត ផឹកស្អាតនិងរស់នៅស្អាត រួមនឹងការគោរពច្បាប់កក្នុង សង្គមផងដែរ៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង