ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ជនសង្ស័យ​ម្នាក់​ យកថ្នាំញៀនចូលគុកព្រៃស ត្រូវ​អនុរក្ស​ចាប់ខ្លួន​ប្រគល់​ឲ្យ​នគរបាល​ខណ្ឌដង្កោ​

54

​ភ្នំពេញ​៖​ អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មន្ត្រី​អនុរក្ស​មណ្ឌល​អប់រំ​កែប្រែ​(​ម​១)​ បាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ រួម​ជាមួយ​ថ្នាំ​ញៀន​ចំនួន​២​កញ្ចប់​ធំ​ ប្រគល់​ឲ្យ​កម្លាំង​នគរបាល​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ព្រៃវែង​។​ ហេតុការណ៍​ខាងលើ​បាន​កើតឡើង​នៅ​ថ្ងៃ​ពុធ​ ៦​រោច​ ខែបុស្ស​ ឆ្នាំកុរ​ ឯកស័ក​ ព​.​ស​២៥៦៣​ ត្រូវ​នឹង​ថ្ងៃ​ទី​១៥​ ខែមករា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៧​និង​១៥​នាទី​ នៅ​ត្រង់​ចំណុច​មណ្ឌល​អប់រំ​កែប្រែ​(​ម​១)​ ព្រៃស ស្ថិត​នៅ​ភូមិ​កំ​រៀង​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​។​

​មន្ត្រី​នគរបាល​ខណ្ឌដង្កោ​ បាន​ឲ្យ​ដឹង​ថា​ជនសង្ស័យ​ឈ្មោះ​ ឃី​ សិរី​វុ​ឌ្ឍ​ ភេទ​ប្រុស​ អាយុ​២៥​ឆ្នាំ​ ជនជាតិ​ខ្មែរ​ មុខរបរ​មិន​ពិតប្រាកដ​ ស្នាក់​នៅ​ភូមិ​សន្សំ​កុសល​ សង្កាត់​បឹង​ទំពុន​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​។​

​វត្ថុ​តាង​ចាប់​យក​៖​ ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​កញ្ចប់​ថង់​ធំ​,​ ចំណី​សត្វ​ចំនួន​០២​កំប៉ុង​ និង​ទូរស័ព្ទ​ដៃ​០១​គ្រឿង​។​

​ប្រភព​ដដែល​បន្ត​ថា​ នៅ​វេលា​ម៉ោង​ខាងលើ​ កម្លាំង​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង​ បាន​ទទួល​ដំណឹង​ពី​មណ្ឌល​អប់រំ​កែប្រែ​(​ម​១)​ នៅ​ចំណុច​មណ្ឌល​អប់រំ​កែប្រែ​(​ម​១)​ ស្ថិត​នៅ​ភូមិ​កំ​រៀង​ សង្កាត់​ព្រៃវែង​ ខណ្ឌដង្កោ​ រាជធានី​ភ្នំពេញ​ មាន​ជនសង្ស័យ​ខាងលើ​ បាន​យក​ក្រាម​ពណ៌​ស​ថ្លា​ចំនួន​០២​កញ្ចប់​ថង់​ធំ​ ដាក់​ក្នុង​កំប៉ុង​ចំណី​សត្វ​ យក​ទៅ​អោយ​ក្នុង​មណ្ឌល​អប់រំ​កែប្រែ​(​ម​១)​ ក៏​ត្រូវ​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ បាន​ឆែកឆេរ​រក​ឃើញ​ ហើយ​ក៏​បាន​ឃាត់​ប្រគល់​អោយ​សមត្ថកិច្ច​នគរបាល​ប៉ុស្តិ៍​រដ្ឋបាល​ព្រៃវែង​ នឹង​បញ្ជូន​មក​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​តាម​នីតិវិធី​ច្បាប់​។​ សមត្ថកិច្ច​បាន​ធ្វើតេស្ត​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ ជា​លទ្ធផល​៖​មាន​សារធាតុ​ញៀន​ក្នុង​ទឹកនោម​ ប្រាកដ​មែន​។​ ហើយដោយ​មានការ​សម្របសម្រួល​ពី​លោក​ ឆាយ​ ហុង​ ព្រះរាជអាជ្ញា​រង​ អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ បាន​អនុញ្ញាត​ឲ្យ​សមត្ថកិច្ច​ឃាត់ខ្លួន​ជនសង្ស័យ​ខាងលើ​ ចាត់ការ​តាម​ផ្លូវច្បាប់​តែ​ម្តង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ​កំពុង​ឃាត់ខ្លួន​បណ្តោះអាសន្ន​នៅ​អធិការដ្ឋាន​នគរបាល​ខណ្ឌដង្កោ​ ដើម្បី​សាកសួរ​ និង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ចាត់ការ​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង