ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅរាជធានីភ្នំពេញមានរថយន្តជាង៥០ម៉ឺន គ្រឿង និងម៉ូតូជិត២លានគ្រឿង ដោយ​មិនគិតពីរថយន្តពាក់ស្លាកលេខ ខ.ម​ ,ន.ប​ រុឺម៉ក​ និង​ត្រីចក្រយានយន្ត

64
ភ្នំពេញ​៖​ មកដល់ពេលនេះ សម្រាប់រាជធានីភ្នំពេញមានរថយន្តជាង៥០ម៉ឺនគ្រឿង និងម៉ូតូជិត២លានគ្រឿង នេះ​មិនគិតពីរថយន្តពាក់ស្លាកលេខ ខ.ម​ ,ន.ប​ រុឺម៉ក​ និង​ត្រីចក្រយានយន្តនោះទេ ។ ការកើនឡើងនូវចំនួនយានយន្តនេះបានធ្វើអោយគ្រប់បណ្តាលផ្លូវនៅក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៍រាល់ថ្ងៃ បើទោះបីរដ្ឋបាលរាជធានីភ្នំពេញបាននឹងកំពុងធ្វើការដោះស្រាយជាប្រចាំយ៉ាងណាក្តី។
   ប្រធានមន្ទីរ​សាធារណកា​និង​ដឹក​ជញ្ជូន​​រាជធានីភ្នំពេញ​ លោក​ សាំ​ ពិសិដ្ឋ​ ​ បានអោយដឹងនៅព្រឹកថ្ងៃទី១៦ មករានេះថា គិតត្រឹមខែធ្នូឆ្នាំ២០១៩នេះ ស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញមានរថយន្តចំនួន៥០៨១៤៣គ្រឿង និងទោចក្រយានយន្តចំនួន ១៩៦៦៣២២ គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ​នៅមន្ទីរសាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​ ។ តែនៅក្នុងចំនួននេះយើងមិនបានគិតនិងរាប់បញ្ចូលរថយន្ត​ដែលពាក់ស្លាកលេខខ.ម​ ស្លាកលេខ ន.ប​ រុឺម៉ក​ និង​ត្រីចក្រយានយន្តឡេីយ​ ។
   លោក​ សាំ​ ពិសិដ្ឋ​ ​ក៏បានបញ្ជាក់ផងដែរថា​  ដោយ​សារ​កំណេីនយានយន្ត មានការកើនឡើងខ្លាំង រួមទាំងការបើកបរ មិនសូវគោរពច្បាប់ចរាចរណ៍ ការរំលោភចិញ្ចើម និងផ្លូវ ទៀតនោះ បានធ្វើឱ្យផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ មានការកកស្ទះចរាចរណ៏ ដែលជាបញ្ហាប្រឈមរបស់អាជ្ញាធរជារៀងរាល់ថ្ងៃ។ ជុំវិញបញ្ហានេះ  លោក​ សាំ​ ពិសិដ្ឋ​ បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមគោរពច្បាប់ចរាចរណ៍ កុំរំលោភចិញ្ចើម និងផ្លូវ ត្រូវចូលរួមទាំងអស់គ្នាដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍។
  ដើម្បីដោះស្រាយបញ្ហាកកស្ទះចរាចរណ៍នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ មានគម្រោងនឹងស្ថាបនាផ្លូវក្រោមដី២ខ្សែទៀតរត់ក្រោមផ្លូវ សហព័ន្ធរុស្សុី
នៅចំណុចមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទម្លុះ
ទៅផ្លូវ២៦៥ ដោយធ្វើចរាចរណ៍ទៅមក និងផ្លូវក្រោមដីមួយខ្សែទៀត គ្រោងនឹងធ្វើឡើងនៅមុខវិទ្យាស្ថានភាសាបរទេស ដោយចេញពីក្នុងសាលាមុជក្រោមផ្លូវសហព័ន្ធរុស្សុី ទម្លុះមកផ្លូវ២៦១ស្ថិតក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក ។ ក្រៅពីនេះនៅតំបន់ក្តាន់២ក៏មានការកែសម្រួលសួនច្បារផងដែរ ។ជាងនេះទៀតដើម្បីដោះស្រាយបញ្ហាចរាចរណ៍នេះដែរ រដ្ឋបាលរាជធានីភ្នំពេញ ក៏បានធ្វើការពង្រីកផ្លូវមួយចំនួននៅក្នុងរាជធានីភ្នំពេញផងដែរ៕
អត្ថបទដែលជាប់ទាក់ទង