ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋបាលរាជធានី ស្ថាបនាស្ពានទ្វារទឹក ដើមស្លែង ជាមួយនឹងការប្រកាសបិទចរាចរណ៍១៤៩ថ្ងៃលើកំណាត់ផ្លូវ៣៧១ ជាប់ព្រំប្រទល់ខណ្ឌសែនសុខនិងខណ្ឌមានជ័យ

71
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបានសម្រេច ស្ថាបនាស្ពានទ្វារទឹកដើមស្លែង ឆ្លងកាត់ប្រឡាយស្ទឹងមានជ័យ ជាប់ព្រំប្រទល់ខណ្ឌសែនសុខនិងខណ្ឌមានជ័យ ខណៈដែលស្ពានចាស់មានសភាពចាស់ទ្រុឌទ្រោម។ជាមួយនិងការបើកការដ្ឋាននេះ រដ្ឋបាលរាជធានីក៏បាន
ប្រកាសបិទចរាចរណ៍ចំនួន១៤៩ថ្ងៃផងដែរ លើកំណាត់ផ្លូវលេខ៣៧១ ចាប់ពីលេខ២០០៤ ដល់ផ្លូវលេខ ២០០៦ ។
  នេះបើយោងតាម សេចក្តីជូនដំណឹងរបស់រដ្ឋបាលរាជធានីភ្នំពេញ ចុះថ្ងៃទី១៦ ខែមករា ឆ្នាំ២០២០ដែលនៅក្នុង សេចក្តីជូនដំណឹងនេះមានន័យដើមថា៖ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយសសូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ នៅក្នុងរាជធានីភ្នំពេញ ដែលធ្វើដំណើរឆ្លងកាត់ស្ពានទ្វារទឹកដើមស្លែង តាមបណ្តោយផ្លូវលេខ៣៧១ ចាប់ពីផ្លូវលេខ២០០៤ ដល់ផ្លូវលេខ២០០៦ ស្ថិតក្នុងព្រំប្រទល់ខណ្ឌសែនសុខ និងខណ្ឌមានជ័យ រាជធានីភ្នំពេញឱ្យបានជ្រាបថា ៖ ដើម្បីដោះស្រាយបញ្ហាជន់លិចដោយទឹកភ្លៀងនៅរដូវវស្សា ដែលតែងតែកើតមានឡើងក្នុងរាជធានីភ្នំពេញ និងដោយពិនិត្យឃើញពីស្ថានភាពស្ពានទ្វារទឹកដើមស្លែងដែលឆ្លងកាត់ប្រឡាយស្ទឹងមានជ័យ មានសភាពចាស់ទ្រុឌទ្រោម និងមានទំហំតូច ដែលធ្វើឱ្យស្ទះផ្លូវបង្ហូរទឹក នៃប្រឡាយស្ទឹងមានជ័យ នោះរដ្ឋបាលរាជធានីភ្នំពេញ នឹងចាប់ផ្តើមសាងសង់ស្ពានបេតុងថ្មីត្រង់ចំណុចទ្វារទឹកដើមស្លែង និងជីកដាក់លូប្រអប់មេ តាមបណ្តោយផ្លូវលេខ៣៧១ ទំហំមុខកាត់ ២,៥ម៉ែត្រ x ២,៥ម៉ែត្រ មានចំនួន៣ជួរប្រវែង២៦១ម៉ែត្រតភ្ជាប់ទៅប្រឡាយស្ទឹងមានជ័យ ដែលអាចរំដោះទឹកចេញពីតំបន់ខាងកើត និងខាងត្បូងព្រលានយន្តហោះអន្តរជាតិភ្នំពេញ ជាពិសេសតំបន់សឡា ផ្លូវលេខ២០០៤ ផ្លូវណ័រប្រ៊ីត ផ្លូវឌួងងៀបចាប់ពីថ្ងៃជូនដំណឹងនេះតទៅរហូតដល់ចប់ការដ្ឋាន មានរយៈពេល១៤៩ថ្ងៃ ដោយមិនអនុញ្ញាតឱ្យរថយន្តគ្រប់ប្រភេទឆ្លងកាត់លើកលែងតែទោចក្រយានយន្ត ។
   អាស្រ័យហេតុនេះ សូមសាធារណជនទាំងអស់ និងបងប្អូនប្រជាពលរដ្ឋដែលរស់នៅតាមផ្លូវខាងលើមេត្តាជ្រាប និងយោគយល់អធ្យាស្រ័យចំពោះការរំខានដល់ការធ្វើចរាចរឆ្លងកាត់ការដ្ឋាន និងផល
ប៉ះពាល់ផ្សេងៗដែលអាចកើតមានឡើង និងមេត្តាពង្វាងចរាចរចេញពីទីតាំងខាងលើទៅតាមផែនទីពង្វាងចរាចរដែលបានជូនភ្ជាប់ជាមួយ ដើម្បីសម្រួលឱ្យការអនុវត្តគម្រោងសម្រេចបានតាមផែនការកំណត់។
ទទួលបានសេចក្តីជូនដំណឹងនេះ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រដ្ឋបាលខណ្ឌសែនសុខរដ្ឋបាលខណ្ឌមានជ័យ និងមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ត្រូវសហការអនុវត្ត និងសម្របសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍លើកំណាត់ផ្លូវខាងលើនេះឱ្យទទួលបានលទ្ធផលល្អ និងមានប្រសិទ្ធភាពខ្ពស់៕
អត្ថបទដែលជាប់ទាក់ទង