ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ប្រជាពលរដ្ឋរងផលប៉ៈពាល់ពីគ្រោង អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ អាជ្ញាធរនិងក្រុមហ៊ុនដោះស្រាយ សំណងជូនបានជាង៩០ភាគរយហើយ

66
ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញនិងក្រុមហ៊ុន អភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារ OCICដោះស្រាយសំណងជូនប្រជាពលរដ្ឋដែលរងផលប៉ៈពាល់ នៃគម្រោងនេះសម្រេចបានជាង៩០ភាគរយហើយ ដោយគ្រោងនឹងបញ្ចប់នៅពេលឆាប់ៗខាងមុខនេះ ។
  ក្នុងពិធីប្រគល់បណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១គ្រួសារដែលរងផលប៉ៈពាល់ពីគ្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនៅព្រឹកថ្ងៃទី២០ ខែមករានេះ។
   លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា ការចែកប័ណ្ណកម្មសិទ្ធិជូនប្រជាពលរដ្ឋចំនួន៥១ គ្រួសារនាពេលនេះ គឺជាលើកទី៥ហើយ ដែលសរុបទំាងអស់ចំនួន៣៤១ប័ណ្ណ ដែលគ្រោង នឹងបញ្ចប់នាពេលឆាប់ៗនេះ។
  លោកអភិបាលរាជធានីភ្នំពេញបានបញ្ជាក់ថា ការចែកប័ណ្ណ ប្រគល់ផ្ទះជូនប្រជាពលរដ្ឋដែលរងផលប៉ៈពាល់ពីគម្រោងអភិវឌ្ឍន៍ក្រុងរណបជ្រោយចង្វារនេះ ជាការឆ្លុះបញ្ចាំងនៃការយកចិត្តទុកដាក់ខ្ពស់ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធានាសិទ្ធិកាន់ កាប់ស្របច្បាប់របស់ប្រជាពលរដ្ឋ សំដៅលើកកម្ពស់ជីវភាព សុខុមាលភាព និងកាត់បន្ថយភាព ក្រីក្រ រួមទំាងរួមចំណែកការពង្រឹងយុត្តិធម៌ និងសេ្ថរភាពសង្គម។
    លោកពុង ឃាវសែ អគ្គនាយកក្រុមហ៊ុនអូស៊ីអាស៊ីបានឲ្យដឹងថា មកដល់ពេលនេះក្រុមហ៊ុន អូស៊ីអាស៊ីបានដោះស្រាយផលប៉ៈពាល់ជូនប្រជាពលរដ្ឋបានចំនួន៩២.០៦ភាគរយហើយ ខណៈនៅសល់ជាង៧ភាគរយឬជាង៨០គ្រួសារទៀតនឹងត្រូវដោះស្រាយបញ្ចប់នាពេលដ៏ខ្លីខាងមុខ។
  លោកបានបញ្ជាក់ថា ក្រុមហ៊ុនបាននិងកំពុងអភិវឌ្ឍន៍ទីក្រុងរណបជ្រោយចង្វារឲ្យក្លាយទៅជាទីក្រុង ទំនើបនៅពេលខាងមុខនេះ ដោយមានទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម អគាររដ្ឋបាល សួនច្បារ ផ្លូវគមនាគមន៍ធំទូលាយ សួនកម្សាន្តរ និងអគារលំនៅដ្ឋានប្រណិតៗ ផ្សារទំនើប សម្រាប់ការរស់នៅបែបស៊ីវិល័យរបស់ប្រជាពលរដ្ឋក្នុងទីក្រុង។
    សូមបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងរណបជ្រោយចង្វារ គឺជាគម្រោងរបស់រដ្ឋបាលរាជធានីភ្នំពេញ ដែលក្រុមហ៊ុន អូ.ស៊ី.អាយ.ស៊ី របស់លោក លោកពុង ឃាវសែ ទទួលបានសិទ្ធិវិនិយោគក្នុងទំហំ  ទឹកប្រាក់ប្រមាណជាង២ពាន់លានដុល្លារ ដោយប្រើរយៈពេលសាងសង់ប្រមាណជា ១៥ឆ្នាំ គិតចាប់ពីឆ្នាំ២០១១ ដល់ឆ្នាំ២០២៦លើផ្ទៃដីទំហំ៣៨៧ហិចតាក្នុងគោលដៅប្រែក្លាយតំបន់នេះឲ្យទៅជាទី ក្រុងរណបរាជធានីភ្នំពេញដែលបំពាក់ទៅដោយហេដ្ឋាចរនាសម្ពន្ធ័រូបវន្ត័យ៉ាងសំបូរបែប៕
អត្ថបទដែលជាប់ទាក់ទង