ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងយុត្តិធម៌ ប្រកាសទទួលយកនូវមតិយោបល់ និងសំណូមពរនានាពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់

42

 


ភ្នំពេញ៖ ក្រសួងយុត្តិធម៌ បានប្រកាសរីករាយ និងសូមស្វាគមន៍ទទួលយកនូវមតិយោបល់ និងសំណូមពរនានាពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលចាត់ទុកថានេះជាការចូលរួមចំណែក និងជាធាតុចូលយ៉ាងសំខាន់ក្នុងការគិតគូរពិចារណាសម្រាប់កិច្ចការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌អោយកាន់តែល្អប្រសើរឡើង។

ក្រសួងយុត្តិធម៌ បានចេញរបាយការណ៍ថា នាថ្ងៃទី២១ ខែមករា ឆ្នាំ២០២០ នាទីស្តីការនាយករដ្ឋមន្ត្រី (វិមានសន្តិភាព) បន្ទាប់ពីទទួលបានការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ពីសម្តេចតេជោនាយករដ្ឋមន្ត្រី និងតបតាមការអញ្ជើញរបស់ឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ប្រតិភូក្រសួងយុត្តិធម៌ដឹកនាំដោយលោក អង្គ វង្ស វឌ្ឍានា បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាជាមួយឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ក្រោមការដឹកនាំសម្របសម្រួល ដោយលោក អ៊ុំ សុមន្ថា ប្រធានប្តូរវេននៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់។

នៅក្នុងកិច្ចប្រជុំនេះ លោក អង្គ វង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងប្រតិភូក្រសួងយុតិ្តធម៌បានទទួលនូវសំណួរ មតិយោបល់ និងសំណូមពរជាច្រើនពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលនៅក្នុងចំណោមសំណួរទាំងអស់នោះ គឺមានសំណួរដែលពាក់ព័ន្ធនឹងការប្រទ្បងប្រជែងផ្ទៃក្នុងជ្រើសរើសចៅក្រម-ព្រះរាជអាជ្ញា និងការរៀបចំការប្រទ្បងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០ ដែលក្រសួងយុតិ្តធម៌បានធ្វើការបកស្រាយបំភ្លឺដូចខាងក្រោម៖
១-ករណីការលើកទ្បើងទាក់ទងនឹងអាយុរបស់បេក្ខជនចូលរួមនៅក្នុងការប្រទ្បងប្រជែងផ្ទៃក្នុងជ្រើសរើសចៅក្រម-ព្រះរាជអាជ្ញា៖ ករណីនេះ ប្រតិភូក្រសួងយុតិ្តធម៌បានបកស្រាយបំភ្លឺអំពីគោលការណ៍អនុវត្តច្បាប់ និងតម្រូវការចាំបាច់នៃការរៀបចំប្រទ្បងប្រជែងផ្ទៃក្នុងជ្រើសរើសចៅក្រម-ព្រះរាជអាជ្ញា ដើម្បីបំពេញនូវកង្វះខាតធនធានមនុស្សរបស់ក្រសួងលើកិច្ចការងារអធិការកិច្ច និងឈរលើស្មារតីនៃការលើកទឹកចិត្តដល់មន្ត្រី និងថ្នាក់ដឹកនាំក្រសួងដែលមានបំណងអភិវឌ្ឍអាជីពការងារ ហើយដែលមានអតីតភាពបម្រើការងារយូរឆ្នាំជូនក្រសួង ប្រកបដោយសមត្ថភាពខ្ពស់ សកម្មការងារ និងមានបទពិសោធន៍ច្រើន ស្របតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលធ្លាប់បានលើកទ្បើងអំពីការលើកលែងនូវការកម្រិតអាយុរបស់មន្រ្តីរាជការនៅក្នុងការប្រទ្បងប្រជែងក្របខណ្ឌរដ្ឋ ហើយត្រូវផ្តោតទៅលើសមត្ថភាពវិជ្ជាជីវៈ និងការខិតខំប្រឹងប្រែងបំពេញការងារ។

២-ករណីការលើកទ្បើងអំពីការបំពេញឯកសារពាក្យសុំប្រទ្បងរបស់បេក្ខជនឈ្មោះសយ យូសុមនា ៖ ចំពោះករណីនេះ រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការបានពិនិត្យស្រាវជ្រាវលើសំណុំឯកសារពាក់ព័ន្ធនឹងការដាក់ពាក្យសុំប្រទ្បងរបស់បេក្ខជននេះ និងបានរកឃើញថា បេក្ខជននេះបានទទួលនូវលិខិតបញ្ជាក់អំពីការបញ្ចប់សញ្ញាបត្របរិញ្ញាបត្រ នាថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ហើយរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ក៏បានចេញបង្កាន់ដៃទទួលស្គាល់ការដាក់ពាក្យប្រទ្បង ជូនសាមីខ្លួន នាថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៩ បន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់ឃើញថាមានឯកសារត្រឹមត្រូវតាមច្បាប់រួចមក។ ពាក់ព័ន្ធនឹងករណីនេះដែរ ក្រោយពីបានពិនិត្យល្អិតល្អន់រួចមក ទាំងរាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ ទាំងអង្គភាពប្រឆាំងអំពើពុករលួយ រកឃើញថា ពុំមានភាពមិនប្រក្រតីណាមួយទ្បើយ។ ចំពោះករណីនេះ ប្រតិភូក្រសួងយុតិ្តធម៌បានបកស្រាយបំភ្លឺយ៉ាងច្បាស់លាស់ ជូនឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់រួចហើយ។

៣- ប្រតិភូក្រសួងយុតិ្តធម៌បានធ្វើការបកស្រាយបំភ្លឺអំពីគោលការណ៍សំខាន់ៗ ដែលធានាបានថាការប្រទ្បងប្រជែងជ្រើសរើសសិស្សចៅក្រម ប្រព្រឹត្តទៅដោយតម្លាភាព ត្រឹមត្រូវ សុក្រិត និងភាពអាចជឿទុកចិត្តបាន ដោយផ្អែកលើបទបញ្ជាផ្ទៃក្នុង និងនីតិវិធីនៃការប្រទ្បងប្រជែង ដែលត្រូវបានអនុវត្តតាំងពីការប្រទ្បងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី៧ ដូចមានរៀបរាប់ក្នុងសេចក្តីប្រកាសព័ត៌មានរបស់រាជបណ្ឌិតសភាវិជ្ជាជីវៈតុលាការ កាលពីថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០១៩។ ដំណើរការនៃការប្រទ្បងប្រជែងនេះទាំងមូល ក៏បានទទួលនូវការចូលរួមសង្កេតការណ៍ពីគ្រប់ដំណាក់កាលរបស់អង្គភាពប្រឆាំងអំពើពុករលួយផងដែរ។ ដូចគ្នាដែរ ចំពោះការប្រទ្បងប្រជែងជ្រើសរើសសិស្សចៅក្រម ជំនាន់ទី១០នេះ ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយក៏បានទទួលស្គាល់ និងវាយតម្លៃខ្ពស់លើភាពត្រឹមត្រូវ និងតម្លាភាពនៃការដំណើរការប្រទ្បងនេះ (សេចក្តីជូនដំណឹងរបស់ក្រុមប្រឹក្សាជាតិប្រឆាំងអំពើពុករលួយ ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៩)។
ក្រៅពីករណីទាំងអស់ខាងលើ ក្រសួងយុតិ្តធម៌ក៏បានទទួលនូវមតិយោបល់ ព័ត៌មាន និងសំណូមពរពីប្រតិភូគណបក្សមួយចំនួន ដែលបានលើកទ្បើងពីភាពមិនប្រក្រតីនៃការអនុវត្តនីតិវិធីច្បាប់ ភាពអសកម្មនិងបញ្ហាពុករលួយនៅក្នុងស្ថាប័នតុលាការ ហើយក្រសួងយុត្តិធម៌រីករាយ និងសូមស្វាគមន៍ទទួលយកនូវមតិយោបល់ និងសំណូមពរនានាពីសមាជិកនៃឧត្តមក្រុមប្រឹក្សាពិគ្រោះ និងផ្តល់យោបល់ ដែលចាត់ទុកថានេះជាការចូលរួមចំណែក និងជាធាតុចូលយ៉ាងសំខាន់ក្នុងការគិតគូរពិចារណាសម្រាប់កិច្ចការកំណែទម្រង់ប្រព័ន្ធយុត្តិធម៌អោយកាន់តែល្អប្រសើរឡើង ៕

 

អត្ថបទដែលជាប់ទាក់ទង