ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ការពារនិងអភិរក្សធនធានធម្មជាតិ ឱ្យបានគង់វង្ស ដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ីនៃភពផែនដីតាមរយៈការលក់ឥណទានកាបូន

42

(មណ្ឌលគិរី)«យើងទាំងអស់គ្នាត្រូវចូលរួមថែរក្សាការពារនិងអភិរក្សធនធានធម្មជាតិមានព្រៃឈើនិងសត្វព្រៃឱ្យបានគង់វង្សដើម្បីកម្ពុជាអាចលក់តួនាទីព្រៃឈើដែលការពារប្រព័ន្ធអេកូឡូស៊ីនិងភពផែនដីតាមរយៈការលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត»នេះគឺជាការគូសបញ្ជាក់របស់លោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថាននៅថ្ងៃទី២១ខែមករាឆ្នាំ២០២០នេះនៅអំឡុងពេលឯកឧត្តមរដ្ឋមន្ត្រីនិងគណៈប្រតិភូក្រសួងបរិស្ថានអាជ្ញាធរខេត្តមណ្ឌលគិរីនិងស្ថាប័នពាក់ព័ន្ធនានាជួបសំណេះសំណាលជាមួយសហគមន៍ដែលទទួលបានថវិកាអភិវឌ្ឍន៍ភូមិដំណាក់កាលទី២នៃគម្រោងរ៉េដបូកនៃដែនជម្រកសត្វព្រៃកែវសីមាស្ថិតក្នុងភូមិសាស្ត្រភូមិពូជូឃុំសែនមនោរម្យស្រុកអូររាំងនិងប្រជាសហគមន៍និងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃភ្នំព្រេចនិងស្រែពកក្នុងភូមិសាស្ត្រខេត្តមណ្ឌលគិរី។

លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងអំណរគុណចំពោះភាគីពាក់ព័ន្ធនានាអង្គការដៃគូរួមមានអង្គការWCS និងWWF នៅកម្ពុជារួមនឹងប្រជាសហគមន៍ដែលបានចូលរួមការពារនិងអភរិក្សធនធានធម្មជាតិហើយកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិកន្លងមកបានល្អប្រសើរដែលអនុញ្ញាតឱ្យកម្ពុជាអាចលក់ឥណទានកាបូននិងប្រើប្រាស់ដើម្បីការងារអភិរក្សធនធានធម្មជាតិនិងអភិវឌ្ឍសេដ្ឋកិច្ចមូលដ្ឋាន។

លោកសាយសំអាល់រដ្ឋមន្ត្រីក្រសួងបរិស្ថានបានគូសបញ្ជាក់ថាអាស្រ័យដោយសារកិច្ចខិតខំប្រឹងប្រែងក្នុងការគ្រប់គ្រងនិងអភិរក្សតំបន់ការពារធម្មជាតិបានល្អប្រសើរកម្ពុជាបានលក់ឥណទានកាបូននៅក្នុងដែនជម្រកសត្វព្រៃកែវសីមាដែនជម្រកសត្វព្រៃក្រវ៉ាញខាងត្បូងនិងដែនជម្រកសត្វព្រៃតាតៃក្នុងក្របខណ្ឌទីផ្សារស្ម័គ្រចិត្តដោយទទួលបានថវិកាសរុបប្រមាណ១១លានដុល្លារអាមេរិកសម្រាប់ទ្រទ្រង់ដល់ការការពារនិងអភិរក្សក៏ដូចជាជួយលើកកម្ពស់ជីវភាពរបស់ប្រជាសហគមន៍មូលដ្ឋានដែលឆ្លើយតបទៅនឹងគោលការណ៍ហិរញ្ញប្បទាននិរន្តរភាព។ជាមួយគ្នានេះក្រុមមន្ត្រីជំនាញកំពុងសិក្សាបន្ថែមដើម្បីលក់កាបូនក្នុងដែនជម្រកសត្វព្រៃព្រៃឡង់(ក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែង) ផងដែរ។ឯកឧត្តមរដ្ឋមន្ត្រីសាយសំអាល់បានថ្លែងថារហូតមកដល់ពេលនេះមានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងចំណោមប្រទេសអាស៊ានដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

សូមគូសបញ្ជាក់ថារេដបូក(REDD+: Reducing Emission from Deforestation and Forest Degradation) គឺជាកម្មវិធីជាតិកាត់បន្ថយការបំភាយឧស័្មនផ្ទះកញ្ចក់ពីការបាត់បង់និងរេចរឹលព្រៃឈើ។រេដបូកមានគោលបំណង() ការពារព្រៃឈើឱ្យបានគង់វង្សសម្រាប់ជាផលប្រយោជន៍ជាតិនិង()ចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុសកលក្នុងអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ។

ក្រៅពីផលប្រយោជន៍ជាឈើប្រើប្រាស់និងជាមុខងារក្នុងប្រព័ន្ធអេកូឡូស៊ីព្រៃឈើនៅមានមុខងារដ៏សំខាន់មួយទៀតគឺការស្រូបយកឧស័្មនកាបូនិច(ឧស័្មនផ្ទះកញ្ចក់) ពីបរិយាកាសដែលមុខងារនេះដើរតួនាទីសំខាន់ក្នុងការកាត់បន្ថយឧស័្មនផ្ទះកញ្ចក់សកល។អនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុបានលើកទឹកចិត្តដល់ប្រទេសសម្បូរណ៍ព្រៃឈើខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរដើម្បីទទួលបានថវិកាក្នុងទម្រង់ជាទីផ្សារកាបូនស្ម័គ្រចិត្ត(Voluntary Carbon Market) និងការទូទាត់ផ្អែកតាមលទ្ធផល(Result-Based Payment)

ប្រទេសកម្ពុជាមានធនធានធម្មជាតិនិងជីវៈចម្រុះដ៏សំបូរបែប។ព្រៃឈើគ្របដណ្តប់ប្រមាណ៥០% នៃផ្ទៃប្រទេសដែលជាអត្រាខ្ពស់បំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។មកទល់បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានបង្កើនផ្ទៃដីតំបន់ការពារធម្មជាតិដែលស្ថិតនៅក្រោមយុត្តាធិការរបស់ក្រសួងបរិស្ថានរហូតដល់ប្រមាណ៤១% នៃផ្ទៃដីប្រទេសកម្ពុជាគឺស្មើនឹងប្រមាណ,២លានហិកតា។ឯកឧត្តមរដ្ឋមន្រ្តីសាយសំអាល់បានគូសបញ្ជាក់ថាព្រៃឈើដើរតួនាទីយ៉ាងសំខាន់ក្នុងការធានាការផ្គត់ផ្គង់ទឹកនិងថាមពលកាត់បន្ថយផលប៉ះពាល់ពីគ្រោះមហន្តរាយធម្មជាតិនិងរួមចំណែកដល់ការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ទេសចរណ៍ធម្មជាតិនិងគម្រោងទូទាត់សម្រាប់សេវាកម្មអេកូឡូស៊ីក៏អាចផ្តល់នូវឱកាសសម្រាប់អភិវឌ្ឍសកម្មភាពសេដ្ឋកិច្ចនានាដោយជាមួយគ្នានោះជួយគាំទ្រដល់ការងារអភិរក្សផងដែរ។រហូតមកទល់នឹងឆ្នាំ២០១៩នេះសហគមន៍ការពារធម្មជាតិទាំងអស់ដែលស្ថិតនៅតំបន់អភិរក្សក្រសួងបរិស្ថានមានចំនួនប្រមាណ១៦៨សហគមន៍។

លោកសាយសំអាល់រដ្ឋមន្រ្តីក្រសួងបរិស្ថានបានមានប្រសាសន៍ថារាជរដ្ឋាភិបាលកម្ពុជាមានទិសដៅធ្វើយ៉ាងណាឱ្យឱ្យសហគមន៍មានចំណូលបន្ថែមនិងបង្កើតជម្រើសថ្មីសម្រាប់ការប្រកបមុខរបរចិញ្ចឹមជីវិតដើម្បីកាត់ផ្តាច់ពីការពឹងអាស្រ័យលើអនុផលព្រៃឈើដែលជាទម្លាប់មានពីយូរលង់ណាស់មកហើយរបស់ប្រជាបលរដ្ឋនៅតាមសហគមន៍មូលដ្ឋានដោយបង្កើតមុខរបរថ្មីបម្រើឱ្យវិស័យអេកូទេសចរណ៍ព្រមទាំងការបណ្តុះបណ្តាលសហគមន៍ឱ្យចេះគ្រប់គ្រងនិងការចិញ្ចឹមសត្វផ្គត់ផ្គង់ទីផ្សារការដាំដំណាំរួមផ្សំផ្សេងទៀតមានបន្លែបង្ការសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃខ្លួនឯងផងនិងសម្រាប់បម្រើសេវាកម្មដល់ភ្ញៀវទេសចរដែលទៅទស្សនាកម្សាន្តនៅក្នុងតំបន់សហគមន៍របស់ពលរដ្ឋផងដែរ។ជាមួយគ្នានេះឯកឧត្តមរដ្ឋមន្ត្រីក៏បានគូសបញ្ជាក់សាជាថ្មីពីការតាំងចិត្តរបស់ក្រសួងបរិស្ថានចូលរួមអនុវត្តយុទ្ធសាស្ត្រជាតិរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ឱ្យអស់ពីកម្ពុជានៅត្រឹមឆ្នាំ២០២៥និងលុបបំបាត់ឱ្យអស់នូវជំងឺឆ្លងផ្សេងទៀតឱ្យអស់ពីតំបន់ការពារធម្មជាតិដោយសហការជាមួយក្រសួងសុខាភិបាលចែកមុងជ្រលក់ថ្នាំការពារជំងឺគ្រុនចាញ់ផ្តល់ថ្នាំការពារផ្សេងៗទៀតព្រមទាំងធ្វើការអប់រំផ្សព្វផ្សាយពីការការពារខ្លួនពីជំងឺក៏ដូចជាការសម្អាតអនាម័យបរិស្ថានជាដើមដើម្បីផាសុកភាពសម្រាប់ការរស់នៅ។

លោករដ្ឋមន្ត្រីសាយសំអាល់បានប្រកាសតំណាងសហគមន៍នានាថាក្រសួងបរិស្ថានមានមូលនិធិបរិស្ថាននិងសង្គមដើម្បីផ្តល់ការគាំទ្រលើការងារអភិវឌ្ឍសហគមន៍ដែលពួកគាត់អាចដាក់ពាក្យស្នើសុំដើម្បីយកទៅប្រើប្រាស់សម្រាប់ការពារសហគមន៍។លោករដ្ឋមន្ត្រីមានប្រសាសន៍ថា៖«ប្រសិនបើបងប្អូនប្រជាសហគមន៍មានគោលដៅច្បាស់លាស់រាជរដ្ឋាភិបាលនឹងគាំទ្រកញ្ចប់ថវិកាសម្រាប់ការអភិវឌ្ឍសហគមន៍ដើម្បីធ្វើយ៉ាងណាឱ្យសហគមន៍របស់យើងមានជីវភាពរីកចម្រើន។ក្រៅពីសុខសន្តិភាពនិងការអភិវឌ្ឍដែលកម្ពុជាមាននៅពេលនេះធ្វើយ៉ាងណាយើងនាំគ្នាជួយជំរុញនិងបង្កើនការអភិវឌ្ឍសហគមន៍មូលដ្ឋាន»ឯកឧត្តមរដ្ឋមន្ត្រីបានបង្ហាញក្តីសង្ឃឹមថាជាមួយនឹងគោលនយោបាយដ៏ត្រឹមត្រូវរបស់រាជរដ្ឋាភិបាលកម្ពុជាប្រជាសហគមន៍នឹងមានជីវភាពរីកចម្រើននាអនាគត។

លោកសាយសំអាល់បានថ្លែងចំពោះមុខប្រជាសហគមន៍ថា៖«ការរៀបចំបង្កើតសហគមន៍តំបន់ការពារធម្មជាតិធ្វើឡើងដើម្បីបង្កើតជាដៃគូសន្ទនារវាងប្រជាសហគមន៍និងរាជរដ្ឋាភិបាលផ្លាស់ប្តូរយោបល់គ្នាស្វែងរកដំណោះស្រាយរួមគ្នាចូលរួមក្នុងការការពារនិងអភិរក្សធនធានធម្មជាតិក៏ដូចជាចូលរួមអភិរក្សបេតិកភណ្ឌវប្បធម៌ប្រពៃណីទាំងរូបីនិងអរូបិឱ្យបានគង់វង្សនិងចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្កើតអេកូទេសចរណ៍ដើម្បីបង្កើនសេដ្ឋកិច្ចមូលដ្ឋាន»ឯកឧត្តមបានថ្លែងថា៖«ខ្ញុំជឿជាក់ថាបងប្អូននឹងសម្រេចចិត្តដ៏ត្រឹមត្រូវដើម្បីអនាគតសហគមន៍និងសូមលើកទឹកចិត្តអាជ្ញាធរខេត្តសហការឱ្យបានស្អិតរមួតនិងសម្របសម្រួលជាមួយក្រសួងបរិស្ថាននិងសហគមន៍ដើម្បីអនុវត្តគម្រោងនានាអភិវឌ្ឍសហគមន៍»នេះជាការបញ្ជាក់បន្ថែមរបស់លោកសាយសំអាល់មុននឹងបញ្ចប់ដោយគូសបញ្ជាក់ថា៖«រាជរដ្ឋាភិបាលកម្ពុជាក្រសួងបរិស្ថានចង់ឃើញស្នាមញញឹមសាមគ្គីភាពរបស់បងប្អូនប្រជាសហគមន៍កាន់តែរឹងមាំកូនៗរបស់បងប្អូនប្រជាពលរដ្ឋសិក្សាបានជ្រៅជ្រៅរៀបចំសេដ្ឋកិច្ចសហគមន៍មានការរីកចម្រើននិងធនធានធម្មជាតិត្រូវបានការពារបានល្អប្រសើរសម្រាប់មនុស្សរាប់ជំនាន់តទៅមុខទៀត»

អត្ថបទដែលជាប់ទាក់ទង