ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកជំនាញជប៉ុន ស្វែងយល់ពីឱកាស និងការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា

57

 

ភ្នំពេញ៖
ក្នុងជំនួបពិភាក្សាការងារ នាឱកាសនោះ ទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ជួបប្រតិភូសមាគមក្រុមហ៊ុនអាជីវកម្មទឹកស្អាតក្រៅប្រទេស (KOWBA) បានផ្តោតការយកចិត្តទុកដាក់ទៅលើការស្វែងយល់ពីឱកាស និងការពង្រឹងកិច្ចសហប្រតិបត្តិការវិនិយោគលើវិស័យទឹកស្អាតនៅកម្ពុជា ជាពិសេសការត្រៀមលក្ខណៈចូលរួមក្នុងសន្និសីទស្តីពីការផ្គត់ផ្គង់ទឹកស្អាត និងការងារទឹកកខ្វក់រវាងកម្ពុជា-ជប៉ុន ដែលនឹងប្រារព្វធ្វើឡើង នៅថ្ងៃទី២២ ខែ មករា ឆ្នាំ២០២០ នៅសណ្ឋាគារ SUNWAY រាជធានីភ្នំពេញ ។

​នៅថ្ងៃទី ២១ ខែមករា ឆ្នាំ២០២០ លោក ចម ប្រសិទ្ធ ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានទទួលជួបប្រតិភូសមាគមក្រុមហ៊ុនអាជីវកម្មទឹកស្អាតក្រៅប្រទេស (KOWBA) មកពីទីក្រុង Kitakyushu ដឹកនាំដោយលោក KUBOTA Koji នាយកប្រតិបត្តិនៃនាយកដ្ឋានគម្រោងអន្តរជាតិ ទទួលបន្ទុកការិយាល័យទឹកស្អាត និងទឹកកខ្វក់ នៃទីក្រុង Kitakyushu ប្រទេសជប៉ុន ។

​លោក KUBOTA Koji ជាប្រធានប្រតិភូ បានជម្រាបជូនថា៖សមាជិកសមាគមដែលបានចូលលរួមពិភាក្សាការងារនាថ្ងៃនេះ គឺមានតំណាងមកពីក្រុមហ៊ុនចំនួន១៥ ក្រុមហ៊ុន។ ប៉ុន្តែ នៅថ្ងៃបើកសន្និសីទ ស្តីពីទឹកស្អាតកម្ពុជា-ជប៉ុន នឹងមានក្រុមហ៊ុនវិស័យទឹកស្អាតជប៉ុនសរុបចំនួន២៤ មានសមាជិកសរុបប្រមាណ ៤៥ នាក់ ។ ក្នុងឱកាសសន្និសីទនោះ នឹងមានដាក់តាំងបង្ហាញនូវឧបករណ៌បម្រើឲ្យវិស័យទឹកស្អាតនិងបច្ចេកវិទ្យាថ្មីៗជាច្រើនទៀត ។
​ឆ្លៀតឱកាសនោះ លោក KUBOTA Koji បានរំលឹកឡើងវិញពីដំណើទស្សនកិច្ចទៅកាលពីចុងឆ្នាំ ២០១៩ ទៅកាន់ទីក្រុង Kitakyushu ប្រទេសជប៉ុន នៃប្រតិភូកម្ពុជាដឹកនាំដោយ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ ដើម្បីអបអរសាទរខួប២០ឆ្នាំ នៃទំនាក់ទំនងរវាងកម្ពុជានិងទីក្រុងKitakyushu លើវិស័យទឹកស្អាត ។ ដំណើរទស្សនកិច្ចនេះ ក្លាយជាប្រធានបទមួយយ៉ាងល្បីផងដែរ ក្នុងទីក្រុង Kitakyushu និងប្រទេសជប៉ុន តាមរយៈបណ្តាញផ្សព្វផ្សាយព័ត៌មានយ៉ាងទូលំទូលាយរបស់ជប៉ុន ។ ដោយឡែកថ្ងៃនេះ ដោយភារកិច្ចមមាញឹកមិនអាចចូលរួមបាន ក្នុងសន្និសីទស្តីពីទឹកស្អាតកម្ពុជា-ជប៉ុន លោក KUBOTA Koji ជាប្រធានប្រតិភូ បាននាំមកនូវសារលិខិតមួយច្បាប់របស់លោក KITA HASHI Kenji ចៅហ្វាយក្រុង Kitakyushu ដែលក្នុងសារលិខិតនោះ បានបង្ហាញនូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅ និងកិច្ចសហប្រតិបត្តិការជាផ្លែផ្កា ដែលភាគីទាំងពីរ សម្រេចបាននាពេលកន្លងមក និងខិតខំបន្តពង្រឹងបន្ថែមទៀត ។

លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានសម្តែងការស្វាគមន៌ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលផ្លែផ្កានៃទំនាក់ទំនងរវាងកម្ពុជា ជាមួយទីក្រុង Kitakyushu ។ ក្នុងនោះ ជាមួយក្រសួងឧស្សាហកម្ម និងសិប្បកម្ម យើងមិនអាចបំភ្លេចបាននូវសមិទ្ធផលជាច្រើនលើវិស័យទឹកស្អាត​ ។ ជាពិសេស សារលិខិតរបស់ លោកចៅហ្វាយក្រុង Kitakyu shu បានផ្តល់សារៈសំខាន់នៃទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទូលំទូលាយជាមួយនិងជំហរគាំទ្រសហការបន្ថែមទៀតជាមួយក្រសួង ក្នុងវិស័យទឹកស្អាត ដែលយើងសង្ឃឹមថា៖ទំនាក់ទំនងនៃភាគីទាំងពីរនឹងត្រូវពង្រឹងពង្រីកឥតឈប់ឈរ ហើយសន្និសីទ ស្តីពីទឹកស្អាតកម្ពុជា-ជប៉ុន នាថ្ងៃបន្ទាប់នេះ នឹងសម្រេចបានលទ្ធផលដ៏ត្រចះត្រចង់តាមការរំពឹងទុក ។
​ឆ្លៀតឱកាសដែលមានក្រុមហ៊ុនជប៉ុនមកពីសមាគម KOWBA ចំនួន១៥ ក្រុមហ៊ុន លោកបានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលក៏ដូចជាក្រសួងលើវិស័យទឹកស្អាត ។ ក្នុងនោះក្រសួងមិនត្រឹមផ្តោតការផ្គត់ផ្គង់ទឹកស្អាតក្នុងទីក្រុង និងទីប្រជុំជនទេ តែត្រូវគិគូដល់តំបន់ជនបទតាមគ្រប់លទ្ធភាព ហើយក៏លើកទឹកចិត្តដល់វិស័យឯកជន ឲ្យវិនិយោគការផលិតទឹកស្អាតដើម្បីលក់ដំបន្ត ។ លើសពីនេះទៅទៀត រាជរដ្ឋាភិបាលមានការលើកទឹកចិត្តច្រើនណាស់ផ្នែកវិស័យទឹកស្អាត ដូចជា៖ការលើកលែងពន្ធលើប្រាក់ចំណេញក្នុងកាលកំណត់មួយ និងមិនយកពន្ធលើការនាំចូលឧបករណ៌សំភារៈបម្រើឲ្យការសាងសង់ និងដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតជាដើម ។ ដោយឡែកចំពោះការទទួលជំនួយឥតសំណង លោកចង់បានការដេញថ្លៃឲ្យមានក្រុមហ៊ុន SPC (Special Purpose Company) ដែលមានទម្រង់ល្អប្រសើរសម្រាប់ការផ្ទេរបច្ចេកវិទ្យានៅពេលភាគីជប៉ុនប្រគល់ការគ្រប់គ្រងដំណើរការរោងចក្រប្រព្រឹត្តិកម្មទឹកស្អាតដល់ភាគីកម្ពុជា ៕

អត្ថបទដែលជាប់ទាក់ទង