ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

គ្រោះថ្នាក់ចរាចរណ៍ឆ្នាំ២០១៩ កន្លងទៅ មានការកើនឡើង ស្របពេលជាមួយគ្នា នឹងការចុះបញ្ជីយានយន្ត មានការកើនឡើងយ៉ាងគំហុក

78

ភ្នំពេញ៖ លោក តូច ចាន់កុសល រដ្ឋលេខាធិការប្រចាំការ ក្រសួងសាធារណការ និងដឹកជញ្ជូន បានថ្លែងថា យោងតាមរបាយការណ៍ របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឱ្យដឹងថា៖ នៅឆ្នាំ២០១៩ កន្លងទៅនេះ ករណីគ្រោះថ្នាក់ចរាចរណ៍បានកើនឡើងចំនួន២៦% ប្រៀបធៀបនឹងឆ្នាំ២០១៨ ក្នុងនោះចំនួនអ្នកស្លាប់បានកើនឡើង១២% ប្រៀបធៀបនឹងឆ្នាំ២០១៨ ចំណែកឯអ្នករបួសបានកើនឡើងចំនួន ២៩% ប្រៀបធៀបនឹងឆ្នាំ២០១៨។

ថ្ងៃអង្គារ ទី២១ ខែមករា ឆ្នាំ២០២០ កិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោកប្រចាំឆ្នាំ២០១៩ និងទិសដៅការងារឆ្នាំ២០២០ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ដើម្បីត្រួតពិនិត្យលទ្ធផលការងារ បញ្ហាប្រឈម វាយតម្លៃអំពីស្ថានភាពចរាចរណ៍ឆ្នាំ២០១៩ និងដាក់ចេញទិសដៅការងារឆ្នាំ២០២០ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅរក្សាសុវត្ថិភាពនិងសណ្ដាប់ធ្នាប់ចរាចរណ៍ផ្លូវគោក ទប់ស្កាត់ និងកាត់បន្ថយ នូវកំណើនគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក។

លោករដ្ឋលេខាធិការប្រចាំការ បានគូសបញ្ជាក់អំពីសមិទ្ធផលសម្រេចបានរបស់ក្រសួងក្នុងនោះរួមមាន៖ បានជួសជុលថែទាំផ្លូវជង្ហុកសំបុកមាន់ បានកែលម្អកន្លែងជើងកប បានពង្រីកផ្លូវតាមទីប្រជុំជនដែលមានចរាចរណ៍មមាញឹក បានដាក់ស្លាកសញ្ញាចរាចរណ៍ ចែកមួកសុវត្ថិភាព ចំណាំងផ្លាតយានយន្ត និងបាន ពង្រឹងប្រសិទ្ធភាពនៃការជួសជុលផ្លូវស្ពាន តាមរយៈការបង្កើតកម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App) និងការចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ។

លើសពីនេះទៀត ក្រសួងបានបំពាក់កាំមេរ៉ាត្រួតពិនិត្យចរាចរណ៍នៅតាមបណ្ដាផ្លូវជាតិមួយចំនួនរួមមាន៖ ផ្លូវជាតិលេខ៤១ លេខ៣ លេខ៣១ លេខ៣៣ លេខ២១ និងបានបង្កើតមជ្ឈមណ្ឌលបើកបរយានយន្តធុនធ្ងន់ ដែលគិតរហូតមកទល់ពេលនេះមជ្ឈមណ្ឌលបានបណ្ដុះបណ្ដាលអ្នកបើកបរបានចំនួន១០៥ នាក់ និងបានអប់រំបណ្តុះបណ្តាលពង្រឹងសមត្ថភាពសមាជិគណៈកម្មការប្រឡងបានចំនួន៥៨ផងដែរ។

ដោយឡែក លោករដ្ឋលេខាធិការប្រចាំការ ក៏បានលើកឡើងផងដែរ អំពីកំណើនមធ្យោបាយធ្វើដំណើរ ជាពិសេស ទោចក្រយានយន្ត ដោយនៅក្នុងឆ្នាំ២០១៩កន្លងទៅ ការចុះបញ្ជីទោចក្រយានយន្តបាន កើនឡើងរហូតដល់ចំនួន ៦៤០.៦២១គ្រឿង ដែលជាការកើនឡើងយ៉ាងគំហុកធៀបនឹងឆ្នាំ២០១៨។

ឆ្លៀតក្នុងឱកាសនោះដែរ លោករដ្ឋលេខាធិការប្រចាំការ បានគោរពស្នើសុំឱសានវាទពីសំណាក់សម្ដេចក្រឡាហោម ដើម្បីបិទបញ្ចប់យានដ្ឋានជួសជុលកែច្នៃខុសច្បាប់ និងបានអំពាវនាវឱ្យស្ថាប័ន និងភាគីពាក់ព័ន្ធទាំងអស់ជួយ ចាត់វិធានការចំពោះការប្រើប្រាស់ដីចំណីផ្លូវ យ៉ាងអាណាធិបតេយ្យ បង្កការលំបាកមិនត្រឹម តែគ្រោះថ្នាក់ចរាចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើឱ្យរដ្ឋាភិបាលចំណាយទុនយ៉ាងច្រើនក្នុងការដោះ ស្រាយផលប៉ះពាល់នេះផងដែរ។

ជាមួយគ្នានេះផងដែរ សម្ដេចក្រឡាហោមឧបនាយករដ្ឋមន្ត្រី បានថ្លែងការកោតសរសើរដល់ប្រជាពលរដ្ឋ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ផ្លូវគោក និងកោតសរសើរដល់ថ្នាក់ដឹកនាំ មន្ត្រីបំពេញការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក គ្រប់លំដាប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងរក្សាសុវត្ថិភាព និងពង្រឹងការ អនុវត្តច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក ព្រមទាំងស្ថាប័នពាក់ព័ន្ធ បណ្ដាញសារព័ត៌មាន អង្គការជាតិ អន្តរជាតិ វិស័យ ឯកជន រោងចក្រសហគ្រាស ក្រុមហ៊ុនដឹកជញ្ជូនដែលបានចូលរួមយ៉ាងសកម្ម ក្នុងការផ្សព្វផ្សាយ អំពីសុវត្ថិភាពចរាចរណ៍ផ្លូវគោក។

សម្តេចក្រឡាហោម ក៏បានជំរុញឱ្យភាគីពាក់ព័ន្ធទាំងអស់ ប្ដេជ្ញាចិត្តរួបរួមគ្នាដោះស្រាយ រាល់បញ្ហាប្រឈមនានា ដែលបាន និងកំពុងកើតមានឡើងសំដៅកាត់បន្ថយ ទាំងចំនួនហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ និងចំនួនជន រងគ្រោះដោយស្មារតីទទួលខុសត្រូវខ្ពស់៕

   ខ 

អត្ថបទដែលជាប់ទាក់ទង