ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រាជរដ្ឋាភិបាល ផ្តល់ការគាំទ្រ សេវាកម្មទេសចរណ៍ធម្មជាតិដល់សហគមន៍តំបន់ការពារធម្មជាតិ បឹងលំកុដ

114

ភ្នំពេញ៖ លោក សូ ខនឫទ្ធីគុណ រដ្ឋលេខាធិ ការក្រសួងបរិស្ថាន ព្រមទាំងអាជ្ញាធរដែនដី និងប្រជាពលរដ្ឋជាច្រើននាក់ បានចូលរួមក្នុងពិធីជួបសំណេះសំណាល់ និងប្រគល់សម្ភារសម្រាប់ការគ្រប់គ្រងទេសចរណ៍ធម្មជាតិ ដល់សហគមន៍បឹងលំកុដ នៅក្នុងតំបន់ការ ពារទេសភាពបឹងលំកុដ ក្នុងឃុំសេដា ស្រុកលំផាត់ ខេត្តរតនគិរី នៅថ្ងៃអង្គារ ១២រោច ខែបុស្ស ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២០។
យោងលើអត្ថបទចុះផ្សាយដោយក្រសួងបរិស្ថានបានឱ្យដឹងបន្តថា នៅក្នុងពិធីនោះ លោក ផុន ខេមរិន្ទ ប្រធានមន្ទីរបរិស្ថានខេត្តរតនគិរី បានឱ្យដឹងថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល ក្រសួងបរិស្ថាន គណៈអភិបាលខេត្តរតនគិរី និងអាជ្ញាធរមូលដ្ឋាន ព្រមទាំងស្ថាប័នពាក់ព័ន្ធ សហគមន៍តំបន់ការពារធម្មជាតិបឹងលំកុដ បាននិងកំពុងរៀបចំហេដ្ឋារចនាសម្ព័ន្ធសេវាកម្មទេសចរណ៍ធម្មជាតិមួយចំនួន។ ការទទួលបានសម្ភារបម្រើសេវាកម្មទេស ចរណ៍ធម្មជាតិនៅពេលនេះ នឹងជំរុញឱ្យប្រជាសហគមន៍ខិតខំពង្រឹងលើការគ្រប់គ្រងទេសចរណ៍ធម្មជាតិ ។ ដែលក្នុងនោះសហគមន៍មានសក្តានុពលទេសចរណ៍ធម្មជាតិ នៅនឹងកន្លែង ដូចជា បឹងធម្មជាតិដ៏ធំ មានទេសភាពស្អាត មានព្រៃឈើ និងធនធានជីវចម្រុះជាច្រើនផ្សេងទៀត សម្រាប់បម្រើឱ្យវិស័យទេសចរណ៍ធម្មជាតិ ដើម្បីបង្កើនចំណូលជីវភាពសហគមន៍ និងការចូលរួមការពារ និងអភិរក្សធនធានធម្មជាតិ សម្រាប់កូនចៅតជំនាន់។
លោក លន់ សុភាព អភិបាលរងខេត្តរតនគិរី បានវាយតម្លៃខ្ពស់ចំពោះការគាំទ្រពីរាជរដ្ឋាភិបាល ចំពោះសហគមន៍នៅតាមតំបន់ការពារធម្មជាតិ ដែលលើកទឹកចិត្តបន្ថែមទៀតដល់ប្រជាពលរដ្ឋចូលរួមកាន់តែសកម្មជាមួយអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដើម្បីធានាការគ្រប់គ្រងធនធានធម្មជាតិឱ្យមាននិរន្តរភាព។ ឯកឧត្តម បានជំរុញឱ្យអាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋមានការសហការគ្នាល្អថែមទៀតការពារធនធានធម្មជាតិ ទប់ស្កាត់ការទន្រ្ទានដីរដ្ឋធ្វើជាកម្មសិទ្ធិ និងទប់ស្កាត់ភ្លើងឆេះព្រៃផងដែរ។
លោក សូ ខនឫទ្ធីគុណ បានលើកឡើងពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ចំពោះការអភិវឌ្ឍជីវភាពសហគមន៍នៅតាមតំបន់ការពារធម្មជាតិបឹងលំកុដ ដែលក្នុងនោះ គម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាលសម្រេចផ្តល់ដល់សហគមន៍តាមតំបន់ការ ពារធម្មជាតិ ដើម្បីធ្វើការអភិវឌ្ឍសហគមន៍តាម រយៈទេសចរណ៍ធម្មជាតិ និងជំរុញឱ្យសហគមន៍មានតួនាទីសំខាន់ក្នុងការការពារ និងអភិរក្សធនធានធម្មជាតិនៅតាមតំបន់ការពារធម្មជាតិ។
លោក រដ្ឋលេខាធិការក្រសួងបរិស្ថាន បានជំរុញឱ្យប្រជាសហគមន៍ធ្វើយ៉ាងណាពង្រឹងការយកចិត្តទុកដាក់ថែទាំសម្ភារសេវាកម្មទេសចរណ៍ និងចិញ្ចឹមសត្វឱ្យបានល្អ ដើម្បីពង្រឹងការផ្តល់សេវាកម្មទេសចរណ៍ធម្មជាតិ ជីវភាពគ្រួសារ និងការចូលរួមអភិវឌ្ឍន៍សហគមន៍មូលដ្ឋាន។ ជាមួយគ្នានេះដែរ ឯកឧត្តមបានលើកទឹកចិត្តថែមទៀតដល់ប្រជាពលរដ្ឋពង្រឹងការគ្រប់គ្រងធនធានធម្មជាតិ។
សូមបញ្ជាក់ថា គម្រោងលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន ត្រូវបានរាជរដ្ឋាភិបាល សម្រេចផ្តល់ដល់សហគមន៍តាមតំបន់ការពារធម្មជាតិ តាមរយៈវេទិកាថ្នាក់ជាតិស្តីពី«ការការពារ និងអភិរក្សធនធានធម្មជាតិ» ចាប់ផ្តើមពីឆ្នាំ២០១៦ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចកម្ពុជា ដើម្បីពង្រឹងជីវភាពសហគមន៍ ដោយយកចិត្តទុកដាក់ពង្រឹងលើការកសាងហេដ្ឋារចនាសម្ព័ន្ធ មូលដ្ឋានទេសចរណ៍ធម្មជាតិ ការចិញ្ចឹមសត្វ និងការងារកសិកម្មប្រចាំគ្រួសារ បានល្អប្រសើរ និងលើកទឹកចិត្តសហគមន៍ចូលរួមចំណែកការពារ និងអភិរក្សធនធានធម្មជាតិ នៅព្រះរាជាណាចក្រកម្ពុជា។
គម្រោងលើកកម្ពស់ជីវភាពប្រជាសហគមន៍មូលដ្ឋាន ចាប់ផ្តើមផ្តល់ជួយប្រជាពល រដ្ឋនៅតាមសហគមន៍តំបន់ការពារធម្មជាតិ បានផ្តល់ដល់សហគមន៍តំបន់ការពារធម្មជាតិ បឹងលំកុដ នៅពេលនេះ មាន ផ្ទាំងសូឡា ឡដុតសំរាម ធុងសំរាម តង់សម្រាប់ភ្ញៀវទេសចរសម្រាក បន្ទប់ទឹកអនាម័យ និងប្រព័ន្ធទឹកស្អាត ពូជសត្វសម្រាប់ចិញ្ចឹម ចំនួន២០គ្រួសារ ដែលក្នុងមួយគ្រួសារៗទទួលបាន មាន់ចំនួន ១៥គីឡូក្រាម និងសម្ភារប្រើប្រាស់សម្រាប់សេវាកម្មទេចរណ៍ធម្មជាតិ ជាច្រើនផ្សេងទៀត។ លោក ប៊ួ លីមី ប្រធានសហគមន៍តំបន់ការពារធម្មជាតិបឹងលំកុដ បានបង្ហាញពីការសប្បាយរីករាយ ចំពោះការទទួលបានគម្រោងជំនួយរបស រាជរដ្ឋាភិ បាលសម្រាប់អភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិនៅក្នុងមូលដ្ឋាន ដែលនឹងរួមចំណែកឱ្យប្រជាពលរដ្ឋ មានការគិតគូរថ្មីដើម្បីជីវភាពគ្រួសារ និងកាត់បន្ថយការអាស្រ័យលើការដកហូតធនធាធម្មជាតិ ៕. ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង