នៅសល់តែ ២ថ្ងៃទៀត ថ្ងៃសែនចូលឆ្នាំចិននឹងមកដល់
ភ្នំពេញ៖ សម្តេចតេជោ នាយករដ្ឋមន្រ្តី នៅថ្ងៃទី២២ខែមករានេះ បានថ្លែងសាលើហ្វេសប៊ុកថា នៅសល់តែ ២ថ្ងៃទៀត ថ្ងៃសែនចូលឆ្នាំចិននឹងមកដល់។ មួយឆ្នាំៗពិតជាលឿនមែន ហើយមិនយូរប៉ុន្មានថ្ងៃចូលឆ្នាំខ្មែរ ក៏នឹងមកដល់ទៀតនៅខែមេសាខាងមុខ។
សម្តេចតេជោ បានបញ្ជាក់ថា សព្វថ្ងៃនេះ បងប្អូនខ្សែស្រឡាយកាត់ចិនក៏មានកាន់តែច្រើន ហើយបងប្អូនមានជីវភាពរស់នៅ កាន់តែធូរធារផងដែរ។
សម្តេចនាយករដ្ឋមន្រ្តី បានមានប្រសាសន៍ថា តាមធម្មតាឲ្យតែចូលឆ្នាំចិនម្តងៗ គឺបានសប្បាយដល់បងប្អូនខ្មែរផងដែរ ដូចពាក្យកំពុងពេញនិយមនិយាយថា “ ចូលឆ្នាំចិន ស្រវឹងខ្មែរ”។ តែសូមចៀសវាងកុំនាំបញ្ហាដល់ខ្លួន ដោយសារការសប្បាយភ្លេចគិត មិនបានប្រុងប្រយ័ត្ន ជាពិសេសក្នុងថ្ងៃសែនចូលឆ្នាំចិនខាងមុខនេះ។
សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិជួបតែសេចក្តីសុខចម្រុងចម្រើន និងទទួលបានលាភសំណាង និងហេងហេងគ្រប់ៗគ្នា ក្នុងឱកាសចូលឆ្នាំចិនខាងមុខនេះ៕