ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្ញៀវជាតិ អន្ដរជាតិ ចាប់អារម្មណ៏យ៉ាងខ្លាំងទៅ ទស្សនាសត្វស្លាប តំបន់អភិរក្សទួលព័ន្ធតាឡីបឹងស្នេហ៍

74

ភ្នំពេញ៖ ភ្ញៀវជាតិ អន្ដរជាតិ ចាប់អារម្មណ៏ជាយ៉ាងខ្លាំង ទៅទស្សនាសត្វស្លាប តំបន់អភិរក្សទួលព័ន្ធតាឡីបឹង ស្នេហ៍សម្បូរដោយសត្វស្លាបជាច្រើនប្រភេទ ដែលជាតំបន់សម្រាប់ភ្ញៀវទេសចរណ៍មួយដ៏មាន ប្រជាប្រិយភាពចូលមកទស្សនាកំសាន្តយ៉ាងរីករាយបំផុត(សព្វថ្ងៃនេះកំពុងអភិរក្ស) ស្ថិតនៅឃុំបាធាយ ស្រុកបាភ្នំ_ខេត្តព្រៃវែង ។
តំបន់​បឹង​ស្នេហ៍ ស្ថិត​នៅ​ក្នុង​ស្រុក​បាភ្នំ ខេត្ត​ព្រៃវែង បាន​ក្លាយ​ជា​ជម្រក​សត្វ​ស្លាប​កម្រ​ជា​ច្រើន​ប្រភេទ ដែល​កំពុង​ទាក់ទាញ​ភ្ញៀវ​ទេសចរ​ជា​បណ្តើៗ នៅ​ពេល​បច្ចុប្បន្ន ក្រោយ​ពី​អង្គការ​សង្គម​ស៊ីវិល និង​អាជ្ញាធរ​ចាប់​ដៃ​គ្នា អភិរក្ស​ព្រៃ​លិច​ទឹក​នៅ​តំបន់​នោះ។ ប្រជា​សហគមន៍​នៅ​តំបន់​បឹង​ស្នេហ៍ លើក​ឡើង​ថា ពួកគាត់​ត្រូវ​ការ​អ្នក​ជំនាញ​ផ្នែក​ទេសចរណ៍ ដើម្បី​ណែនាំ​ពី​ការ​ត្រៀម​ខ្លួន​បម្រើ​វិស័យ​ទេសចរ​ ដែល​អាច​រីក ចម្រើន​នៅ​ពេល​ខាង​មុខ។
បឹង​ស្នេហ៍ ស្ថិត​ក្នុង​ឃុំ​ធាយ ស្រុក​បាភ្នំ មាន​ចម្ងាយ​ប្រមាណ១៥​គីឡូម៉ែត្រ​ពី​ខេត្ត​ព្រៃវែង ដែល​ឋិត​គម្រោង​អភិរក្ស​របស់​អង្គការ​នារី​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​អនាម័យ ឬ​ហៅ​ថា អង្គការWomen និង​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ​ក្នុង​ខេត្ត។ នៅ​កណ្ដាល​បឹង​ស្នេហ៍ គឺ​មាន​ផ្ទៃដី​ព្រៃ​លិច​ទឹក​ប្រមាណ ១០០​ហិកតារ​ដែល​អ្នក​ភូមិ​ហៅ​ថា ទួលព័ន្ធតាឡី។
បុគ្គលិក​របស់​អង្គការ Women លោកស សាវន ថ្លែង​ថា ក្នុង​ពេល​បច្ចុប្បន្ន​នេះ គឺ​ចាប់​ផ្ដើម​មាន​ភ្ញៀវ​ទេសចរ​​មក​ពី​តាម​ខេត្ត និង​រាជធានី​មួយ​ចំនួន​បាន​ចាប់​ផ្ដើម​លង់​ស្នេហ៍​សម្រស់​សត្វ​ស្លាប​នៅ​លើ​ទួលព័ន្ធតាឡី នោះ ព្រោះ​ជា​សម្រស់​ធម្មជាតិ​មួយ​ដ៏​កម្រ​ក្នុង​ខេត្ត​ព្រៃវែង៖ «មាន​សត្វ​ច្រើន​ប្រភេទ​ដូចជា សត្វ​រនាល សត្វ​ទង់ សត្វ​ខ្វែក សត្វ​កុក សត្វ​ទាព្រៃ សត្វ​ប្រវឹក សត្វ​ក្រសារ សត្វ​ប្រភេទ​ស្មោញ សត្វ​ត្របកទំពាំង និង​សត្វ​អាអូត។ ប្រសិនបើ​ភ្ញៀវ​ចង់​មក​ទស្សនា​សត្វ​នេះ គឺ​មក​ពេល​ល្ងាច​ម៉ោង​ចាប់​ពី ៤ ទៅ សត្វ​ទាំង​អស់​វា​ហើរ​មក​ចូល​ដេក ហើយ​ព្រឹក​ព្រលឹម​សត្វ​កំពុង​ដេក និង​ហើរ​ចេញ​ទៅ​រក​ចំណី»។
លោកស សាវន បុគ្គលិក​របស់​អង្គការWomen បន្ត​ថា ប្រសិនបើ​តំបន់​បឹង​ស្នេហ៍ នេះ​អាច​ក្លាយ​ទៅ​ជា​តំបន់​ទេសចរណ៍​នៅ​ពេល​ខាង​មុខ នោះ​ប្រជាពលរដ្ឋ​ចំនួន ២៣​ភូមិ ដែល​រស់​នៅ​ព័ទ្ធ​ជុំវិញ​តំបន់​បឹង​ស្នេហ៍ នោះ​អាច​ទាញ​យក​ចំណូល​បាន​ពី​វិស័យ​ទេសចរណ៍​តាម​រយៈ​បម្រើ​សេវា​ដឹកជញ្ជូន​ភ្ញៀវ ឬ​លក់​ម្ហូប​អាហារ មាន​ត្រី​ធម្មជាតិ និង​វត្ថុ​អនុស្សាវរីយ៍​ជាដើម៖ បើ​គម្រោង​នេះ​ជោគជ័យ គឺ​ជួយ​ប្រជាពលរដ្ឋ​នៅ​ជុំវិញ​បឹង​នេះ​តែម្ដង ព្រោះ​បើ​ភ្ញៀវ​ទេសចរ​មក គាត់​អាច​លក់​ជា​អាហារ និង​លក់​សម្ភារៈ​ដែល​ឆ្នៃ​ពី​ក្នុង​ស្រុក​ភូមិ ជាពិសេស​នៅ​ទី​នេះ គឺ​សុទ្ធតែ​ត្រី​ធម្មជាតិ ដែល​បម្រើ​ភ្ញៀវ​ហូប​ពិសា​បាន ។
ទម្រាំ​តែ​ឈាន​ដល់​ការ​អភិរក្ស​បាន​នៅ​សល់​ដូច​រាល់​ថ្ងៃ​នេះ ក្រុម​ការងារ​អភិរក្ស និង​មន្ត្រី​ជំនាញ បាន​ធ្វើ​សកម្មភាព​ជា​ច្រើន​ចុះ​ផ្សព្វផ្សាយ និង​អប់រំ​ប្រជា ពលរដ្ឋ​ដែល​នៅ​សហគមន៍​ក្បែរៗ​នោះ ពី​អត្ថប្រយោជន៍​នៃ​ការ​ការពារ​ផង ព្រមទាំង​បង្ក្រាប​បទល្មើស​នានា។
អ្នក​សម្របសម្រួល​កម្មវិធី​របស់​អង្គការ Women លោក ទី ផន ប្រសាសន៍​ថា បច្ចុប្បន្ន​នេះ ប្រជាពលរដ្ឋ​ដែល​រស់​នៅ​ជុំវិញ​តំបន់​បឹង​ស្នេហ៍ បាន​យល់​ដឹង​ច្រើន​អំពី​សារប្រយោជន៍​នៃ​ការ​អភិរក្ស​ព្រៃលិច សម្រាប់​ជម្រក​សត្វ​ស្លាប ហើយ​ពួកគាត់​ប្រឆាំង​ដាច់​ខាត់​មិន​អនុញ្ញាត​ឲ្យ​មាន​បទល្មើស​បាញ់​សម្លាប់​សត្វ​ដើម្បី​លក់​ដូរ និង​ធ្វើ​ចំណី​នោះ​ទេ។
លោក​បន្ថែម​ថា អ្វី​ដែល​ជា​ឧបសគ្គ​រាំង​ស្ទះ​ចំពោះ​គម្រោង​ពង្រីក​វិស័យ​ទេសចរណ៍​នោះ គឺ​បញ្ហា​ខ្វះ​ថវិកា និង​ពលរដ្ឋ​ក្នុង​សហគមន៍​នៅ​មិន​ទាន់​បាន​ត្រៀម ខ្លួន និង​មាន​ជំនាញ​សម្រាប់​សេវា​នេះ​នៅ​ឡើយ៖ពី​មុន​យើង​មិន​ដែល​ស្គាល់​សត្វ​ទាំង​នេះ​ទេ ប៉ុន្តែ​ក្រោយ​ពី​អភិរក្ស​នោះ គឺ​សត្វ​ស្លាប​ច្រើន​ណាស់ ហើយ​មិន​ចាំបាច់​ទៅ​មើល​ដល់​ខេត្ត​គេ​ផ្សេងៗ​ទេ គឺ​នៅ​ទី​នេះ​ក៏​សត្វ​ស្លាប​ច្រើន​ដែរ ។
សត្វ​ស្លាប​ប្រភេទ​ធំៗ និង​កម្រ​ទាំង​នោះ បាន​ក្លាយ​ជា​រឿង​ភ្ញាក់ផ្អើល និង​ចាប់​អារម្មណ៍​របស់​អ្នក​ស្រុក​ដែល​នៅ​ក្នុង​សហគមន៍ ហើយ​ពួកគេ​ប្ដេជ្ញា​ការពារ​ជាមួយ​អង្គការ Women និង​អាជ្ញាធរ​មូលដ្ឋាន។
ប្រជាពលរដ្ឋ​ម្នាក់​សម្ដែង​ការ​ត្រេកអរ​យ៉ាង​ខ្លាំង​ដូច្នេះ​ថា ក្រោយ​ពេល​អភិរក្ស​បឹង​ស្នេហ៍​នោះ គឺ​ត្រី​ចាប់​ផ្ដើម​សំបូរ ដែល​ធ្វើ​ឲ្យ​ប្រជា​នេសាទ​លក្ខណៈ​គ្រួសារ អាច​រក​ចំណូល​បាន​ច្រើន​គួរសម​សម្រាប់​ដោះស្រាយ​ជីវភាព។ រី​ឯ​សត្វ​ស្លាប ក៏​បាន​ទាក់ទាញ​ភ្ញៀវ​ទេសចរ​បណ្ដើរៗ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​បម្រើ​វិស័យ​នេះ តាម​រយៈ​លក់​ត្រី​ធម្មជាតិ​ជូន​ភ្ញៀវ និង​ដឹក​ភ្ញៀវ​ដើរ​កម្សាន្ត​មើល​សត្វ​ស្លាប​នៅ​លើ​ទួលព្រៃ​លិច​ទឹក៖ «ឥឡូវ​បើ​មាន​ភ្ញៀវ​គឺ​យើង​អាច​ជូន​គេ​ទៅ​មើល​ទួល​មាន​សត្វ​ស្លាប ដូច្នេះ​គេ​អោយ​លុយ​យើង​ខ្លះ ហើយ​បើ​ទេសចរណ៍​កាន់តែ​រីក​ធំ គឺ​ប្រជាពលរដ្ឋ​កាន់តែ​រក​បាន​ស្រួល ធ្វើ​ជីវភាព​ធូរធារ​ដែរ។
ចំពោះ​គម្រោង​ពង្រីក​វិស័យ​ទេសចរណ៍​នេះ មេ​ឃុំ​ធាយ លោក ហាក់ វង់ បាន​រៀបរាប់​ថា លោក​បាន​ជួប​ជជែក​គ្នា​ជាមួយ​ខាង​មន្ទីរ​ទេសចរណ៍ ដើម្បី​ឲ្យ​ពួកគាត់​ជួយ​ណែនាំ​ប្រជាពលរដ្ឋ​ដើម្បី​ត្រៀម​លក្ខណៈ​សម្រាប់​ទទួល​ភ្ញៀវ​ទេសចរ៖ «ក្នុង​នាម​ខ្ញុំ​ជា​មេ​ឃុំ និង​តំណាង​ឲ្យ​ប្រជាពលរដ្ឋ​សូម​អំពាវនាវ​ដល់​ក្រសួង​ទេសចរណ៍ និង​អំពាវនាវ​ដល់​អង្គការ​ក្រៅ​រដ្ឋាភិបាល ជួយ​ធ្វើ​ម៉េច​អភិវឌ្ឍន៍​តំបន់​អភិរក្ស​នៅ​ឃុំ​ធាយ​នេះ ដើម្បី​ដោះស្រាយ​ជីវភាព​ឲ្យ​ប្រជាពលរដ្ឋ​ខ្ញុំ បាន​រីកចម្រើន ។
ក្រុម​អ្នក​អភិរក្ស​ក៏​អំពាវនាវ​ឲ្យ​រដ្ឋាភិបាល​ជួយ​ជ្រោមជ្រែង​ពួកគាត់​បន្ត​ទៀត ដើម្បី​ជួយ​សម្រេច​ក្តី​ប្រាថ្នា​នៃ​បង្កើត​តំបន់​ទេសចរណ៍ បង្កើត​ការងារ​ក្នុង​តំបន់ ដើម្បី​បង្កើន​ចំណូល​ពលរដ្ឋ និង​កាត់​បន្ថយ​ការ​ធ្វើ​ចំណាកស្រុក​ផង។ ទន្ទឹម​គ្នា​នេះ ពួកគាត់​ក៏​អំពាវនាវ​ប្រជាពលរដ្ឋ​ចូលរួម​ទប់ស្កាត់​បទល្មើស​នេសាទ និង​ការ​បរបាញ់​សត្វ​ស្លាប ហើយ​នាំ​គ្នា​ការពារ និង​ស្រ លាញ់​សត្វ​ស្លាប ដើម្បី​ទុកជា​តំបន់​ទេសចរណ៍​ជាតិ ព្រមទាំង​ទុក​ជា​មរតក​ឲ្យ​ក្មេង​ជំនាន់​ក្រោយៗ​ទៀត៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង