ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ខេត្ដសៀមរាប រៀបចំពិធីរកត្រីរួមគ្នានៅបឹងបុរាណ​ទៅតាម ទំនៀមទម្លាប់នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០

65

សៀមរាប៖ ប្រជាពលរដ្ឋនៅក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្ត សៀមរាប តែងតែរៀបចំ ពិធីរកត្រីរួមគា្នក្នុងបឹងអភិរក្ស ទៅតាមទំនៀមទម្លាប់របស់អ្នកភូមិ ដែលពិធីនេះគេធ្វើជារៀង​រាល់ ឆ្នាំមិនខាន ដើម្បីចាប់ត្រីមកទុកសម្រាប់ប្រារព្ធពិធីឡើងមាឃ ឬឡើងអ្នកតា ។
លោក ពេជ្រ ឃិន មេភូមិបង្កោង បានឱ្យដឹងនៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២០នេះថា សម្រាប់ពិធីរកត្រីឆ្នាំនេះ គឺអ្នកភូមិបាន​ឯក​ភាពគ្នាកំណត់យក​ថ្ងៃទី​២៥ ខែមករា ឆ្នាំ២០២០ ដើម្បីចុះចាប់ត្រីនៅក្នុងបឹងដែលបានអភិរក្ស ប៉ុន្តែប្រជាពលរដ្ឋដែលអាចចុះចាប់ត្រី នៅក្នុង បឹងនេះ គឺបានសម្រាប់តែអ្នកភូមិបង្កោងប៉ុណ្ណោះ សម្រាប់អ្នកភូមិផ្សេងមិនត្រូវបានអនុញ្ញាត​ឱ្យចុះចាប់នោះទេ។
លោក ពេជ្រ ឃិន បានបញ្ជាក់ថា ក្រោយពីប្រកូសប្រកាសឱ្យនេសាទ អ្នកភូមិបាន​ត្រៀម​នូវឧបករណ៍សម្រាប់នេសាទបែបបុរាណ មានសំណាញ់ ឈ្នាង អង្រុត ដោយមិន​អនុញ្ញាតឱ្យប្រើប្រាស់ឧបករណ៍ឆក់នោះទេ។ លោកបន្ដថា កម្មវិធីនេសាទត្រីនេះ​នឹងចាប់ផ្តើម​នៅ​វេលាម៉ោង៧ព្រឹកដោយមានគណៈកម្មការចាំប្រកាសមេក្រូ និងបាញ់កាំជ្រួញជាសញ្ញា។ លោកបន្ថែមថា អ្នកភូមិដែលមកនេសាទទាំងអស់នោះមិនផ្តោតតែលើរកត្រីមួយមុខនោះដែរ គឺមកជួបជុំ សប្បាយរីករាយ និងមានសាមគ្គីភាពកាន់តែស្និទ្ធស្នាលរវាង​ប្រជាជននៅក្នុងភូមិ​ថែមទៀតផង។ តំបន់រមណីយដ្ឋានអង្គរ ជាតំបន់បេតិកភណ្ឌរស់ដែលសម្បូរទៅ​ដោយ​មរតក​អរូបីជាច្រើន ហើយត្រូវបានអ្នករស់នៅក្នុងតំបន់អង្គរបន្តប្រតិបត្តិយ៉ាងខ្ជាប់​ខ្ជួនរហូតមក​ដល់​បច្ចុប្បន្ន។
សូមបញ្ជាក់ថា៖ ពិធីបុណ្យឡើងមាឃ ឬបុណ្យឡើងអ្នកតា ក៏ជាទំនៀមទម្លាប់ ប្រពៃណី​មួយក្នុង​ចំណោមបេតិកភណ្ឌអរូបីជាច្រើនដែលប្រតិបត្តិដោយអ្នកស្រុកអង្គរ៕
ដោយ៖ សំរិត

 

អត្ថបទដែលជាប់ទាក់ទង