ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សមាជិកសភាតំណាងមកពីសហរដ្ឋអាមេរិក ជួបជាមួយថ្នាក់ដឹកនាំកម្ពុជា ពិភាក្សាអំពីកង្វល់បញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ នៅកម្ពុជា

38

ភ្នំពេញ៖ សមាជិកសភាតំណាងមកពីសហរដ្ឋអាមេរិក បានជួបពិភាក្សាការងារដាច់ដោយឡែកគ្នា ជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន និងជាមួយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ ដែលពួកគេបានបញ្ជាក់ ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា ក៏ដូចជាកង្វល់របស់ពួកគេ ចំពោះបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ អធិបតេយ្យនៅកម្ពុជា ។

ស្ថានទូ
តអាមេរិក ប្រចាំ នៅរាជធានីភ្នំពេញ នៅយប់ថ្ងៃទី២២មករា បានឲ្យដឹងថា
នៅសប្តាហ៍នេះ លោកឯកអគ្គរដ្ឋទូតអាមេរិក និងស្ថានទូត នៅរាជធានីភ្នំពេញ មានសេចក្តីរីករាយ ក្នុងការធ្វេីជាម្ចាស់ផ្ទះទទួលសមាជិកសភាបីរូប មកធ្វេីទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រតិភូមកពីគណបក្សនយោបាយពីរក្នុងសភា ដេីម្បីសិក្សាពីប្រទេសកម្ពុជា និងជួយដល់សហរដ្ឋអាមេរិកពង្រឹងនូវការប្តេជ្ញាចិត្តរបស់ខ្លួន ក្នុងតំបន់អាស៊ីអគ្នេយ៍នេះ។

ស្ថានទូតអាមេរិក បានបន្ថែមទៀតថា ប្រតិភូរួមមាន លោក Seth Moulton សភាតំណាង គណបក្សប្រជាធិបតេយ្យ មកពីរដ្ឋម៉ាសាឈូសេត និងសភាតំណាងមកពីគណបក្សសាធារណរដ្ឋ លោក Jim Banks នៃរដ្ឋIndiana ( ដែលលោកទាំងពីរជាសមាជិកសភា នៃគណ:កម្មាធិការសេវាកម្មយោធា) និងលោក Ron Estes សភាតំណាង បក្សសាធារណរដ្ឋ នៃរដ្ឋKansas (ជាសមាជិកគណ:កម្មាធិការមធ្យោបាយ ដែលទទួលខុសត្រូវក្នុងកិច្ចការពាណិជ្ជកម្ម) និងមានបុគ្គលិកអាជីពមកពីសភាតំណាងរាស្រ្តផងដែរ។

សមាជិកសភាតំណាងមកពីសហរដ្ឋអាមេរិក នៅថ្ងៃទី២២ ខែមករានេះ បានជួបពិភាក្សាការងារដាច់ដោយឡែកគ្នា ជាមួយលោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងជាមួយលោកឧបនាយករដ្ឋមន្ត្រី ទៀ បាញ់ រដ្ឋមន្រ្តីក្រសួងការពារជាតិ ដែលពួកគេបានបញ្ជាក់ ពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់សហរដ្ឋអាមេរិក ចំពោះប្រជាជនកម្ពុជា ក៏ដូចជាកង្វល់របស់ពួកគេ ចំពោះបញ្ហាសិទ្ធិមនុស្ស ប្រជាធិបតេយ្យ អធិបតេយ្យនៅកម្ពុជា ។ ពួកគេថ្លែងថា ÷ ” យេីងមានមោទកភាព ចំពោះប្រព័ន្ធបក្សនយោបាយពីរ ក្នុងសហរដ្ឋអាមេរិក។ យេីងមាគណបក្សនយោបាយធំចំនួនពីរ ក្នុងស្ថាប័ននីតិបញ្ញត្តិរបស់យេីង។ យេីងមិនតែងតែយល់ស្របគ្នាលេីបញ្ហានានានោះទេ តែយេីងពិតជាយល់ស្របគ្នា លេីបញ្ហាសំខាន់ដ៏ធំក្នុងតំបន់ និងបំណងរបស់យេីង ធ្វេីការជិតស្និតជាមួយតំបន់អាស៊ីអគ្នេយ៍នេះ” ។ ពួកគេបន្តថា ÷ ” យេីងជឿជាក់លើកម្ពុជាមួយ ដែលមានវិបុលភាព ប្រជាធិបតេយ្យ និងមានអធិបតេយ្យ ហេីយយេីងនឹងចែករំលែកអ្វីដែលយេីងបានស្វែងយល់ពីទីនេះ ជាមួយសហការីយេីង និងជាមួយថ្នាក់ដឹកនាំស្ថាប័ននីតិប្រតិបត្តិ នៅរដ្ឋធានីវ៉ាស៊ីនតោន” ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា កម្ពុជាមិនមានចេតនាចាត់ទុកប្រទេសណាមួយធ្វើជាសត្រូវទេ គឺខិតខំធ្វើយ៉ាងណាឲ្យមានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសនានាលើសកលលោក។
ប្រមុខការទូតកម្ពុជាថ្លែងបែបនេះ នៅរសៀលថ្ងៃពុធ ទី២២ ខែមករា ឆ្នាំ២០២០នេះ ក្នុងឱកាសបានទទួលជួបគណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក នៅទីស្តីការក្រសួង។ នេះបើតាមលោក កុយ គួង អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ។
លោក កុយ គួង បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា យើងមិនមានចេតនាចាត់ទុកប្រទេសណាមួយជាសត្រូវទេ គឺមានចេតនាបង្កើតមិត្ត រក្សាមិត្ត និងពង្រីកមិត្ត ដូច្នេះខិតខំធ្វើយ៉ាងណា ឲ្យមានទំនាក់ទំនងល្អ ជាមួយបណ្តាប្រទេសទាំងអស់នៅលើសកលលោក»។
បើតាមអ្នកនាំពាក្យ ឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ដល់សហរដ្ឋអាមេរិក ដែលបានផ្តល់ប្រព័ន្ធអនុគ្រោះពន្ធផ្នែកពាណិជ្ជកម្ម GSP ដល់ប្រទេសយើង និងជំនួយផ្សេងៗទៀតផងដែរ។ សម្រាប់លោក Seth Wilbur Moulton ប្រធានគណៈប្រតិភូសមាជិកសភាសហរដ្ឋអាមេរិក បានថ្លែងថា អាមេរិកគោរពអធិបតេយ្យភាពកម្ពុជាជានិច្ច។
«សហរដ្ឋអាមេរិក បានបញ្ជាក់ដែរថា នឹងខិតខំធ្វើឲ្យទំនាក់ទំនងល្អប្រសើរនេះ ដោយអាមេរិកនឹងគោរពអធិបតេយ្យភាពរបស់កម្ពុជា» លោក កុយ គួង គូសបញ្ជាក់៕

អត្ថបទដែលជាប់ទាក់ទង