ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

វិភាគ៖ ហេតអីពលរដ្ឋខ្មែរយើងមួយចំនួនតូច ចូលចិត្តជឿពាក្យចចាមរ៉ាម និងការឃោសនាបោកប្រាស់!

269

 

ភ្នំពេញ៖ក្នុងសង្គមខ្មែរយើងសព្វថ្ងៃ នៅតែមានប្រជាពលរដ្ឋខ្មែរយើងមួយចំនួនតូច នៅតែចូលចិត្តជឿពាក្យចចាមរ៉ាម និងការឃោសនាបោកប្រាស់ តែរឿងពិត មិនសូវស្តាប់ និងមិនសូវជឿទេ។ ក្នុងនោះ ដូចជា គេឃោសនាថា ទឹកខ្មៅជ្រលក់ម្រាមដៃ នៅថ្ងៃបោះឆ្នោត បណ្តាលឲ្យស្លាប់ រលួយដៃ ឬក៏ថា ការបោះឆ្នោត នឹងធ្វើឡើង ៣ថ្ងៃ និងស្អីគេ ដេកផ្ទះ ឈ្នះឯង ជាដើម ក៏ជឿលង់នឹងការឃោសនាបោកប្រាស់ទាំងនោះភ្លាម។
ការជឿស្លុងរបស់ប្រជាពលរដ្ឋខ្មែរមួយចំនួនតូចដូច្នេះ ធ្វើឲ្យខ្លួនឯង ធ្លាក់ក្នុងការឃោសនាបោកប្រាស់ខាងនយោបាយរហូត។ ថ្មីៗនេះ មានអ្នកដើរឃោសនាបោកប្រាស់ថា ទឹកខ្មៅ ដែលគ.ជ.ប ប្រើប្រាស់សម្រាប់ជ្រលក់ម្រាមដៃ សម្គាល់ថាជាអ្នកបោះឆ្នោតរួច នៅថ្ងៃបោះឆ្នោត នឹងត្រូវស្លាប់ ឬក៏រលួយដៃ ជាដើម។ តែតាមពិតទៅ កាលពីថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៨ ទឹកខ្មៅជ្រលក់ម្រាមដៃនោះ ត្រូវបានគ.ជ.ប យកមកពិសោធន៍ ហើយមានសមាជិកគ.ជ.ប តំណាងគណបក្ស និងតំណាងអង្គការសមាគមច្រើននាក់ បានសាកល្បងជ្រលក់ម្រាមដៃ ក្នុងទឹកខ្មៅនោះ ហើយភ្លាមៗនោះ ក៏សាកល្បងលុបលាង តែមិនជ្រះថែមទៀតផង។
មកដល់ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៨ អ្នកសាកល្បងជ្រលក់ម្រាមដៃនឹងទឹកខ្មៅទាំងនោះ ដែលមានទាំងលោក ឌឹម សុវណ្ណារុំ សមាជិក និងជាអ្នកនាំពាក្យគ.ជ.ប និងលោក សំ សុគន្ធាមី ប្រធានអង្គការឃ្លាំមើលការបោះឆ្នោតនីកហ្វិក ជាដើម មិនមានបញ្ហាអ្វីបន្តិចសោះ ដោយសារតែទឹកខ្មៅជ្រលក់ម្រាមដៃ សម្រាប់ប្រើប្រាស់នៅថ្ងៃបោះឆ្នោតនោះ។
ក៏ដូចគ្នាដែរ នៅប៉ុន្មានថ្ងៃមុននេះ មានការនិយាយតៗគ្នាថា បោះឆ្នោតលើកនេះ នឹងមានរយៈពេល ៣ថ្ងៃ។ តែតាមការពិត គ.ជ.ប បានប្រកាសហើយប្រកាសទៀត តាមសារជាលាយលក្ខណ៍អក្សរ និងសារផ្ទាល់មាត់របស់សមាជិកគ.ជ.បថា ការបោះឆ្នោត នឹងធ្វើតែមួយថ្ងៃប៉ុណ្ណោះ គឺនៅថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ចាប់ពីម៉ោង ៧ព្រឹក ដល់ម៉ោង ៣ រសៀល នៅតាមការិយាល័យបោះឆ្នោត នៅទូទាំងប្រទេស។
មួយវិញទៀត យើងក៏ឃើញមានប្រជាពលរដ្ឋខ្មែរនៅក្នុងស្រុកមួយចំនួនតូច នៅតែជឿលើការឃោសនាបោកប្រាស់របស់អតីតអ្នកនយោបាយនៅអតីតគណបក្សសង្គ្រោះជាតិ ដែលបាននិយាយមកពីក្រៅប្រទេសថា “ដេកផ្ទះ ឈ្នះឯង”។ ក្នុងន័យនេះ អ្នកនយោបាយបោកប្រាស់របស់អតីតគណបក្សសង្គ្រោះជាតិ ដែលនៅក្រៅប្រទេស បានឃោសនាបោកប្រាស់ថា នៅថ្ងៃបោះឆ្នោត ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ អ្នកគាំទ្រអតីតគណបក្សប្រឆាំងនេះ មិនបាច់ទៅបោះឆ្នោតទេ គឺនៅតែផ្ទះ ក៏នឹងឈ្នះឆ្នោតដែរ។
គេឆ្ងល់ថា នៅផ្ទះឈ្នះម្តេចទៅ? បើអតីតគណបក្សសង្គ្រោះជាតិនេះ ត្រូវរំលាយ បាត់រូបរាងទៅហើយ ហើយក្នុងការបោះឆ្នោតនេះ មិនមានគណបក្សថ្មីរបស់អតីតគណបក្សប្រឆាំងនេះ ចូលរួមការបោះឆ្នោតផង ពិសេសមិនមានអ្នកទៅបោះឆ្នោតឲ្យផង តើឈ្នះតាមវិធីណាទៅរួច? ចេះតែមានហើយ! អ្នកនយោបាយឃោសនាបោកប្រាស់នេះ។
ដូច្នេះអ្នកនយោបាយ ដែលបានឃោសនាបោកប្រាស់ ដូចបានរៀបរាប់ខាងលើ គួរតែបញ្ឈប់សកម្មភាពញុះញង់របស់ខ្លួន ក្នុងបំណងរារាំង មិនឲ្យប្រជាពលរដ្ឋទៅបោះឆ្នោត ព្រោះថា សម័យនេះ ជាសម័យទំនើប មានព័ត៌មានផ្តល់ឲ្យប្រជាពលរដ្ឋគ្រប់គ្រាន់ ពិសេសតាមហ្វេសប៊ុក គឺអ្នកនយោបាយ ជើងមិនជាប់ដីឯង លែងអាចមកកុហក់បោកប្រាស់បានទៀតហើយ។ ម្យ៉ាងទៀត ប្រជាពលរដ្ឋមួយចំនួន ដែលធ្លាប់តែជឿលើការញុះញង់ និងការឃោសនាបោកប្រាស់នោះ ក៏គួរតែស្វែងយល់ព័ត៌មានសង្គម បើថាមិនចេះលេងហ្វេសប៊ុក ឬមិនហ៊ានហ្វេសប៊ុកទេ ក៏សួរតែកូនចៅ ក៏គេដឹងគ្រប់ៗគ្នាដែរ ពីព័ត៌មានសង្គម ពិសេសពាក់ព័ន្ធនឹងការបោះឆ្នោត ដែលនឹងធ្វើឡើងនាថ្ងៃអាទិត្យ ទី២៩ ខែកក្កដា ឆ្នាំ២០១៨ ខាងមុខនេះ៕ ដោយ៖ សុខ ស្រីពៅ

អត្ថបទដែលជាប់ទាក់ទង