ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រសួងការបរទេស សម្ដែងការខកចិត្តចំពោះការអធិប្បាយរបស់លោកស្រី រ៉ូណា ស្មីត រឿងការបោះឆ្នោតនៅកម្ពុជា

92


ភ្នំពេញ៖ សេចក្ដីថ្លែងការណ៍របស់អ្នកនាំពាក្យក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ មានការខកចិត្តយ៉ាងខ្លាំង ចំពោះការអធិប្បាយកាលពីពេលថ្មីៗនេះ របស់លោកស្រីសាស្រ្តាចារ្យ រ៉ូណា ស្មីត អ្នករាយការណ៍ពិសេស របស់អង្គការសហប្រជាជាតិ ស្ដីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា ដែលបានសរសេរ ក្នុងទំព័របណ្ដាញសង្គម (Facebook) របស់ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សប្រចាំកម្ពុជា ដោយបង្ហាញពីការព្រួយបារម្ភរបស់ខ្លួន ពីភាពស្របច្បាប់ នៃការមិនចូលរួមបោះឆ្នោត និងការចោទប្រកាន់ ស្ដីពីការផ្អាកសេវាសាធារណៈ ចំពោះជនទាំងឡាយណា ដែលមិនបោះឆ្នោតឲ្យគណបក្សកាន់អំណាច នៅក្នុងដំណើការការបោះឆ្នោតតំណាងរាស្រ្តនៅកម្ពុជា។
សេចក្ដីថ្លែងការណ៍របស់ ក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្ដរជាតិ នៅថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០១៨នេះ បានឲ្យដឹងថា ពេលវេលា និងគោលបំណង នៃការធ្វើការកត់សម្គាល់របស់លោកស្រីសាស្រ្តាចារ្យ រ៉ូណា ស្មីត នេះ បានធ្វើឲ្យមានសំណួរចោទសួរ មួយចំនួន ដោយហេតុថាខ្លឹមសារ នៃការកត់សម្គាល់របស់គាត់ មានភាពលំអៀង និងមានការវិនិច្ឆ័យទុកជាមុន នៅក្នុងបរិបទ នៃការរៀបចំការបោះឆ្នោត ដែលទទួលបានការយកចិត្តទុកដាក់នៅកម្ពុជា។ ការអំពាវនាវរបស់គាត់ ហាក់ដូចជា បានបង្ហាញឲ្យឃើញ ពីការគាំទ្រដល់យុទ្ធនាការ ដែលមានការសម្របសម្រួលដោយ សម រង្ស៊ី និងសមាជិក នៃគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយ ដោយស្របច្បាប់រួចទៅហើយនោះ ហើយដែលកំពុងព្យាយាម ធ្វើឲ្យអន្តរាយដល់ការប្រកួតប្រជែង តាមបែបប្រជាធិបតេយ្យនៅកម្ពុជា តាមរយៈការលើកទឹកចិត្ត អ្នកបោះឆ្នោតឲ្យធ្វើពហិការការបោះឆ្នោត និងបង្រៀនធ្វើឲ្យខូចសន្លឹកឆ្នោត នៅថ្ងៃបោះឆ្នោត។ មិនដូចប្រទេសខ្លះនោះទេ កម្ពុជាមិនមានច្បាប់ណាមួយ ដាក់ទោស ដល់អ្នកដែលមិនបានទៅបោះឆ្នោតនោះទេ។ ទោះជាយ៉ាងណា ច្បាប់បោះឆ្នោតរបស់កម្ពុជា ដាក់ទោសតែអ្នកដែលទប់ស្កាត់ អ្នកដទៃមិនឲ្យបោះឆ្នោត ដូចដែលមានចែងនៅក្នុងមាត្រា១៤២ នៃច្បាប់បោះឆ្នោត តែប៉ុណ្ណោះ។

អ្នករាយការណ៍ពិសេស ហាក់ដូចជា មើលមិនឃើញពីទង្វើ ប្រជានិយមដ៏គ្រោះថ្នាក់របស់ សម រង្ស៊ី និងក្រុមរបស់គាត់ ដែលបានអំពាវនាវឲ្យយោធាបះបោរប្រឆាំងនឹងរដ្ឋាភិបាល អុចអាលឲ្យមានការស្អប់ខ្ពើម ពូជសាសន៍ និងជនបរទេស ព្រមទាំងបង្កគំនិតជាតិនិយមជ្រុល ដែលធ្វើឲ្យប៉ះពាល់ដល់ទំនាក់ទំនង សន្តិភាពជាមួយ ប្រទេសជិតខាងមួយរបស់កម្ពុជា។ ការប្រព្រឹត្តបែបនេះ ពុំមានជាលក្ខណៈលទ្ធិប្រជាធិបតេយ្យ ទាល់តែសោះ ហើយដែលត្រូវទទួល បានការថ្កោលទោសយ៉ាងខ្លាំងនៅក្នុងសង្គមប្រជាធិបតេយ្យ។

ទាក់ទងបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមធ្វើការកត់សម្គាល់ ប្រកបដោយការសោកស្តាយ យ៉ាងខ្លាំង ចំពោះអ្នករាយការណ៍ពិសេស ដែលមិនបានលើកឡើង ទាល់តែសោះ ពីការប្រព្រឹត្តអប្រជាធិបតេយ្យ ដូចដែលបានលើកឡើងខាងលើ។ ការសង្កេតប្រកបដោយ យុត្តិធម៌និងសត្យានុម័ត នៃដំណើរការបោះឆ្នោត គួរគូសបញ្ជាក់ពីធម្មជាតិបក្សប្រឆាំង ដ៏កំសោយ ដែលប៉ុនប៉ងរំខានដល់សន្តិភាព ស្ថិរភាពនយោបាយ និងការអភិវឌ្ឍ ដែលទទួលបានដោយលំបាកនៅកម្ពុជា។
ពាក់ព័ន្ធបញ្ហានេះ ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមស្នើដល់អ្នករាយការណ៍ពិសេស ឲ្យគោរពឲ្យបានហ្មត់ចត់នូវ “ក្រមប្រតិបត្តិសម្រាប់អ្នកដែលមានអាណត្តិ នៅក្នុងកិច្ចដំណើរការពិសេស នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស” និង “កូនសៀវភៅណែនាំ អំពីប្រតិបត្តិការ នៃនីតិវិធីពិសេស នៃក្រុមប្រឹក្សាសិទ្ធិមនុស្ស”។

ចំពោះរបាយការណ៍ដែលថា អាជ្ញាធរមូលដ្ឋានបានគំរាម មិនផ្តល់សេវាសាធារណៈ ដល់អ្នកដែលមិនបោះឆ្នោត ឲ្យគណបក្សកាន់អំណាច ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមបញ្ជាក់ជាថ្មីម្តងទៀតថា រដ្ឋធម្មនុញ្ញ នៃព្រះរាជាណាចក្រកម្ពុជា ធានាផ្តល់ដល់ប្រជាជនកម្ពុជាទាំងអស់ នូវសេវាសាធារណៈ ដោយមិនគិតពីនិន្នាការនយោបាយ និងឋានៈសង្គមរបស់ពួកគេឡើយ៕

 

អត្ថបទដែលជាប់ទាក់ទង