ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ភ្លើងស្តុបនៅរាជធានីភ្នំពេញមាន ចំនួន១៦៨ទីតាំង ខណៈ ភ្លើងស្តុបថ្មី នៅមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ ៩២ បានដាក់អោយដំណើរការ

50
ភ្នំពេញ៖ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ លោកសាំ ពិសិដ្ឋបានអោយដឹងថា គិតមកដល់ថ្ងៃទី២៤ មករា ២០២០នេះនៅក្នុងរាជធានីភ្នំពេញមាន ភ្លើងស្តុបនៅរាជធានីភ្នំពេញចំនួន១៦៨ទីតាំងហើយ ខណៈ ដែលភ្លើងស្តុបថ្មី នៅមហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ ៩២  (ផ្លូវចូលផ្សារទំនើប អុីអនម៉ល សែន សុខ) បានដាក់អោយដំណើរការ កាលពីថ្ងៃទី២៣ មករា ២០២០ ។
  នៅទីតាំង មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ ប្រសព្វផ្លូវលេខ ៩២ ចំណុច (ផ្លូវចូលផ្សារទំនើប អុីអនម៉ល សែន សុខ)នេះ ពោលគឺក្រោយពីបង្កើតអោយមាន
ផ្សារទំនើប អុីអនម៉ល បានធ្វើអោយទីតាំងនេះប្រឈមនឹងការកកស្ទះចរាចរណ៍រាល់ថ្ងៃ ដោយមើលឃើញពីបញ្ហានេះទើបរដ្ឋបាលរាជធានីភ្នំពេញសម្រេចបំពាក់ ភ្លើងស្តុបថ្មីតែម្តង ។ ការដាក់អោយដំណើរការ ភ្លើងស្តុបថ្មីនេះ  វានឹងធ្វើអោយតំបន់ខាងលើនេះលែងប្រឈមនិងការកកស្ទះចរាចរណ៍ខ្លាំងដូចមុនទៀត។
   គួរបញ្ជាក់ថា អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង ធ្លាប់បានមានបញ្ជាក់ហើយថា ស្ថានភាពក្នុងរាជធានីភ្នំពេញ បាននិងកំពុងកើតមានបញ្ហាការកកស្ទះចរាចរណ៍ ដោយសារតែការកើនឡើងយ៉ាងគំហុកនូវចំនួនរថយន្តគ្រប់ប្រភេទក្នុងរាជធានីភ្នំពេញ បើគិតត្រឹមខែធ្នូឆ្នាំ២០១៩នេះ ស្ថិតិយានយន្តក្នុងរាជធានីភ្នំពេញមានរថយន្តចំនួន៥០៨១៤៣គ្រឿង និងទោចក្រយានយន្តចំនួន ១៩៦៦៣២២ គ្រឿង ដែលបានចុះបញ្ជីត្រឹមត្រូវ​នៅមន្ទីរសាធារណការ​ និង​ដឹក​ជញ្ជូន​រាជធានីភ្នំពេញ​ ។ តែនៅក្នុងចំនួននេះ មិនបានគិតនិងរាប់បញ្ចូលរថយន្ត​ដែលពាក់ស្លាកលេខខ.ម​ ស្លាកលេខ ន.ប​ រុឺម៉ក​ និង​ត្រីចក្រយានយន្តឡេីយ​ ។ ជាមួយនិងកំណើននេះរដ្ឋបាលរាជធានី ក្រោមការជួយឧបត្ថមគាំទ្រពីទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA បានធ្វើអោយដំណើរការជាផ្លូវការ លើការសាងសង់គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ ក្នុងរាជធានីភ្នំពេញ។គម្រោងអភិវឌ្ឍន៍ប្រព័ន្ធគ្រប់គ្រងចរាចរណ៍ក្នុងរាជធានីភ្នំពេញនេះ ត្រូវបានចាប់ផ្តើមដំណើរការអនុវត្តកាលពីខែមីនា ឆ្នាំ២០១៦ និងបានបញ្ចប់រួចរាល់ជាស្ថាពរនៅក្នុងខែធ្នូ ឆ្នាំ២០១៨ ដែលមានរយៈពេលសរុប៣៥ខែ ក្នុងនោះរួមមាន៖ ការងារតម្លើង និងបំពាក់ភ្លើងស្តុបថ្មី នៅតាមចំណុចប្រសព្វសរុបចំនួន ១១៥ ទីតាំង។ ការងារបំពាក់កាម៉េរ៉ាចាប់រូបភាព និងវិភាគទិន្នន័យយានយន្តឆ្លងកាត់ ចំនួន១៩៤គ្រឿង ។ ការងារបំពាក់កាម៉េរ៉ាសុវត្ថិភាព CCTV ចំនួន២៦គ្រឿង សម្រាប់ត្រតពិនិត្យតាមដានស្ថានភាពចរាចរណ៍ នៅតាមបណ្តាចំណុចផ្លូវប្រសព្វសំខាន់ៗក្នុងរាជធានីភ្នំពេញ។ ការងារសាងសង់មជ្ឈមណ្ឌលគ្រប់គ្រងប្រព័ន្ធចរាចរណ៍ចំនួនមួយកន្លែងនៅក្នុងបរិវេណរដ្ឋបាលរាជធានីភ្នំពេញ នៅជាន់ទី៩នៃអគារសាងសង់ថ្មី ផ្តល់នូវវគ្គបណ្តុះបណ្តាលសំខាន់ៗដល់មន្ត្រីបច្ចេកទេសរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ ក៏ដូចមន្ត្រីបច្ចេកទេសនៃរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីផ្ទេរចំណេះដឹង និងលើកកម្ពស់សមត្ថភាពគ្រប់គ្រង និងប្រតិបត្តិការប្រព័ន្ធបញ្ជាភ្លើងសញ្ញាចរាចរណ៍ផងដែរ 

គម្រោងនេះបានដាក់ឲ្យដំណើរការជាបណ្តោះអាសន្នតាំងពីខែធ្នូ ឆ្នាំ២០១៨ ៕

 

 

អត្ថបទដែលជាប់ទាក់ទង