សម្តេចតេជោ ជូនពរចូលឆ្នាំចិន Gong Xi Fa Cai ២០២០
- ភ្នំពេញ៖ តាមរយៈផេកហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី២៤ខែមករានេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងថា “ខ្ញុំនិងភរិយា សូមចូលរួមអបអរសាទរ ក្នុងថ្ងៃសែនចូលឆ្នាំចិន នៅថ្ងៃទី ២៤ មករា នេះ “។
សម្តេចតេជោ បានមានប្រសាសន៍ថា ទន្ទឹមនឹងនេះដែរ សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះការចម្អិនម្ហូបអាហារ ដុតក្រដាស់សែន ធូប និង ទៀន ដើម្បីចៀសវាងកុំឲ្យមានអគ្គិភ័យកើតឡើង ដែលធ្វើឲ្យរំខានក្នុងថ្ងៃចូលឆ្នាំ ព្រោះតែការធ្វេសប្រហែស។
ក្នុងថ្ងៃនេះ ក៏មានបងប្អូនមួយចំនួនធ្វើដំណើរ ទៅកាន់បណ្តាខេត្តផ្សេងៗ។ សូមបើកបរគោរពច្បាប់ចរាចរណ៍ កុំផឹកស្រវឹងក្នុងពេលបើកបរ ត្រូវមានការយោគយល់គ្នា និងប្រុងប្រយ័ត្នខ្ពស់ជានិច្ច ទោះបីបើកបរជិតឬឆ្ងាយ ដើម្បីសុវត្ថិភាពក្នុងថ្ងៃចូលឆ្នាំទាំងអស់គ្នា។
ខ្ញុំនិងភរិយា សូមជូនពរបងប្អូនជនរួមជាតិជួបតែសំណាល្អ ជោគជ័យ និងហេហេងគ្រប់ៗគ្នាចាប់ពីឆ្នាំថ្មី ២០២០ នេះតទៅ!
ថ្ងៃទី ២៤ មករា នេះ គឺបងប្អូនខ្មែរ-ចិន និងបងប្អូនខ្មែរមួយចំនួនធំ នៅទូទាំងប្រទេសក៏បានត្រៀមរៀបចំខ្លួនរួចស្រេចហើយ ដើម្បីចូលរួមអបអរសាទរ និងសប្បាយរីករាយក្នុងឆ្នាំថ្មីទាំងអស់គ្នា។
តាមរយៈពិធីបុណ្យទានម្តងៗគឺបានរឹតចំណងមិត្តភាព មេត្រីភាព សាមគ្គីភាព និងការស្រឡាញ់រាប់អាននិងកាន់តែមានភាពស្និទ្ធស្នាល រវាងជាតិសាសន៍យើងទូទាំងប្រទេស ដែលកំពុងរស់នៅសុខដុម ក្រោមដំបូលសន្តិភាពជាមួយគ្នា។
សូមជូនពរបងប្អូនខ្មែរ-ចិន និងជនរួមជាតិទាំងអស់ បានសប្បាយរីករាយជួបជុំក្រុមគ្រួសារ នៅក្នុងឱកាសនៃពិធីបុណ្យចូលឆ្នាំចិននេះ៕