មេធាវី គី តិច ទទួលស្គាលការចោទប្រកាន់របស់ សម រង្ស៊ី
ភ្នំពេញ៖ មេធាវីការពារក្តីរដ្ឋាភិបាល លោក គី តិច អះអាងថា ខ្លួនមានភស្តុតាងថ្មីទៀត សម្រាប់ដាក់បន្ទុកលើលោក កឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។ នោះគឺសារលោក សម រង្ស៊ី ដែលបានអះអាងថា លោក កឹម សុខា ជាប់ពាក់ព័ន្ធឧក្រិដ្ឋកម្ម សន្ទិដ្ឋិភាព គឺសមគំនិតជាមួយបរទេស។ មេធាវីរដ្ឋាភិបាល ថា សាររបស់លោក សម រង្ស៊ី នេះនឹងក្លាយជាភស្តុតាងរឹងមាំថែមទៀត ដែលធ្វើឱ្យលោក កឹម សុខា មិនអាចគេចផុតពីទោសបានទេ។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោកមុត ចន្ថា នាយខុទ្ទកាល័យលោកកឹម សុខា បានសរសេរសារលើហ្វេសប៊ុកនៅថ្ងៃទី២៤ខែមករានេះថា “អ្នកណាក៏ដឹងដែរថា លោក សម រង្ស៊ី បានធ្វើការចោទប្រកាន់មកលើរដ្ឋាភិបាល អស់រយៈពេលយ៉ាង ២៥ឆ្នាំមកនេះ ដោយចោទបានរឿងជាច្រើនរាប់មិនអស់ ប៉ុន្តែរដ្ឋាភិបាលច្រានចោលការចោទប្រកាន់ទាំងនោះថា គ្មានមូលដ្ឋាន និងគ្មានភស្តុតាង”។
លោក បានបន្តថា “តើ ឥឡូវនេះ មេធាវី គី តិច ដែលជាមេធាវីដើមបណ្តឹងរដ្ឋប្បវេណី និងតំណាងរាជរដ្ឋាភិបាល ចាប់ផ្តើមទទួលស្គាល់ការចោទប្រកាន់របស់លោក សម រង្ស៊ី ថាជាការពិតហើយមែនទេ?” កាលពីម្សិលមិញ មេធាវី គី តិច បានទទួលស្គាល់អ្វីដែលលោក សម រង្ស៊ី បានបង្ហោះនៅលើ Facebook របស់គាត់ថាជាភស្តុតាងដាក់បន្ទុកមកលើលោកប្រធាន កឹម សុខា។ បើសិនជាមេធាវី គី តិច ទទួលស្គាល់អ្វីដែលលោក សម រង្ស៊ី បាននិយាយ សរសេរ និងបង្ហោះ គឺជាការពិតនោះ ដូច្នេះតុលាការប្រហែលជាត្រូវបើកការស៊ើបអង្កេតសំណុំរឿងព្រហ្មទណ្ឌយ៉ាងច្រើន អស់រយៈពេលជាង ២៥ឆ្នាំមកនេះ ដែលលោក សម រង្ស៊ី បានធ្វើការចោទប្រកាន់ ចាប់តាំងពីឆ្នាំ១៩៩៣ ដល់ ឆ្នាំ២០២០នេះ”។
លោកមុត ចន្ថា បានបន្ថែមទៀតថា ប៉ុន្តែសូមកុំភ្លេចថា ការទទួលស្គាល់ភស្តុតាងដាក់បន្ទុក ឬមិនដាក់បន្ទុក ឬអត់ គឺជាអំណាចឆន្ទានុសិទ្ធិ ឬជាឥស្សរភាពរបស់ក្រុមប្រឹក្សាជំនុំជម្រះ ប៉ុណ្ណោះ!។
លោកប្រធាន កឹម សុខា នៅតែអះអាង និងបន្តអះអាងថាលោកគ្មានកំហុស មិនបាន ហើយក៏មិនដែលបានត្រូវរ៉ូវ ឬឃុបឃិតជាមួយរដ្ឋបរទេស ឬភ្នាក់ងារបរទេស នាំឲ្យមានការប្រទូសរ៉ាយ ឬនាំឲ្យមានអំពើឈ្លានពានប្រឆាំងនឹងព្រះរាជាណាចក្រកម្ពុជាឡើយ។
មេដឹកនាំអតីតគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី បានសរសេរនៅលើហ្វេសប៊ុកខ្លួនថា “កឹម សុខា ពាក់ព័ន្ធតិចជាង សម រង្ស៊ី ឆ្ងាយណាស់ ក្នុងឧក្រិដ្ឋកម្ម សន្ទិដ្ឋិភាព គឺសមគំនិតជាមួយបរទេស ដើម្បីរៀបចំឲ្យមានបដិវត្តន៍ពណ៌ ផ្តួលរំលំរបប ហ៊ុន សែន តាមការចោទប្រកាន់ពីតុលាការទីក្រុងភ្នំពេញ។ នេះជាសំណុំឯកសារទី ២ ដែលខ្ញុំ សម រង្ស៊ី ផ្ញើជូនតុលាការទីក្រុងភ្នំពេញ ដើម្បីបញ្ជាក់ជាភស្តុតាងថាខ្ញុំបានសហការជាមួយអង្គការបរទេសជាច្រើន ក្នុងគោលបំណងរៀបចំឲ្យមានការផ្លាស់ប្តូររបបនយោបាយ នៅប្រទេសកម្ពុជា គឺផ្លាស់ប្តូរពីរបបផ្តាច់ការ មករបបប្រជាធិបតេយ្យ”។
មេធាវីការពារក្តីរដ្ឋាភិបាល លោក គី តិច បានអះអាងថា “ខ្ញុំអរគុណ សម រង្ស៊ី ចំពោះការបង្ហាញភស្តុតាងដាក់បន្ទុក សម្រាប់ខ្លួនឯង ក៏ដូចជាភស្តុតាងដាក់បន្ទុកជនជាប់ចោទ កឹម សុខា។ ខ្ញុំអរគុណចំពោះការស្វែងរកភស្តុតាងដ៏មានសារសំខាន់នេះ ទី១ គឺខ្ញុំសង្ឃឹមថា តំណាងអយ្យការ សមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាចៅក្រមស៊ើបសួរច្បាស់ជាប្រមូលភស្តុតាងដែលសម រង្ស៊ី បានបង្ហាញ ទុកសម្រាប់ដាក់បន្ទុកបន្ថែមទាំងទណ្ឌិត សម រង្ស៊ី ទាំងជនជាប់ចោទ កឹម សុខា”។ លោក គី តិច ដែលបានសង្កត់ធ្ងន់ថា សំណុំរឿងលោក កឹម សុខា នេះ ត្រូវបានតុលាការបំបែករួចហើយ ដើម្បីរង់ចាំស្វាគមន៍លោក សម រង្ស៊ី ៕