ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ក្រុមហ៊ុនអភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្មកម្ពុជា ប្ដេជ្ញា ខ្លួននឹងបង្កើនបរិមាណផលិត ចេកស្រស់ឱ្យ​​បាន​៥០០ពាន់តោនក្នុងឆ្នាំ២០២០ ដើម្បីនាំចេញទៅក្រៅប្រទេស

258


ភ្នំពេញ៖ ក្រុមហ៊ុនដែលកំពុងអភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្មកម្ពុជា ហ័ងអា ញយៀកឡាយ អាហ្គ្រីកូ (HAGL AGRICO) ប្រកាសថា ខ្លួននឹងបង្កើនបរិមាណផលិតកម្មចេក ស្រស់ឱ្យ កើនឡើងដល់ ៥០០ពាន់តោនក្នុងឆ្នាំ២០២០ ខណៈ បច្ចុប្បន្នក្រុមហ៊ុននេះ ក៏មានរោងចក្រ វេច ខ្ចប់ចំនួន១០ផងដែរនៅកម្ពុជា ដែលមាន សមត្ថភាពផលិតបាន២៥ម៉ឺនតោនក្នុង១ឆ្នាំ ដើម្បីនាំចេញទៅក្រៅប្រទេស ។
នេះជាការលើកឡើងរបស់លោក Doan Nyuyen Duc តំណាងឱ្យក្រុមហ៊ុនហ័ង អាញយៀកឡាយ អាហ្គ្រីកូ នៅក្នុងជំនួបពិភាក្សាការងារ ដើម្បីពិនិត្យស្ថានភាព និងវឌ្ឍនភាព ដែលក្រុមហ៊ុនសម្រេចបានលើផែនការវិនិយោគ សម្បទានដីសេដ្ឋកិច្ច ដំណាំឧស្សាហកម្មកាលពីរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ជាមួយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ក្នុងឱកាសនោះ តំណាងក្រុមហ៊ុនបានលើកឡើងថា បច្ចុប្បន្ន ក្រុមហ៊ុនកំពុងអភិវឌ្ឍន៍ដំណាំកសិឧស្សាហកម្មលើផ្ទៃដី១៨ពាន់ហិកតា ក្នុងនោះបាន ដំណើរការរៀបចំចំការចេកលើផ្ទៃដីជាង៧ពាន់ហិកតា ក្នុងនោះជាង៣ពាន់ហិកតា កំពុងប្រមូលផល ដែលបានប្រើប្រាស់ទុនវិនិយោគ ជាង៤០០លានដុល្លារ សម្រាប់រៀបចំរចនាសម្ព័ន្ធផ្លូវថ្នល់ រៀបចំដី ប្រព័ន្ធទឹក ការរៀបចំកូនចេកដាំ ការរៀបចំរច នាសម្ព័ន្ធប្រមូលផល អនាម័យ វេចខ្ចប់ និងឃ្លាំងស្តុកចំនួន២ ដោយរចនាសម្ព័ន្ធវេចខ្ចប់ចំនួន៨ ដែលបានចែកចេញជា២ ស្តង់ដាគឺចិន និងជប៉ុន។ល។ ក្នុងខ្សែសង្វាក់ផលិតកម្មទាំងមូលប្រើប្រាស់ពលកម្មសរុប ២០០នាក់។
ក្រុមហ៊ុនក៏មានរោងចក្រវេចខ្ចប់ចំនួន១០ផងដែរ ដែលមានសមត្ថភាពផលិត បាន២៥ម៉ឺនតោនក្នុង១ឆ្នាំ ហើយក្នុងឆ្នាំ២០២០នេះ ក្រុមហ៊ុននឹងបង្កើន បរិមាណផលិតកម្មចេកស្រស់ឱ្យកើនឡើងដល់៥០០ពាន់តោន និងបន្តជំរុញការ ដាំដុះកែច្នៃ និងនាំចេញដំណាំមួយចំនួនទៀតដូចជាស្វាយ ក្រូចថ្លុង ស្រកានាគ និងខ្មុរ ដែលត្រូវការកម្លាំងពលកម្មក្នុងស្រុកបន្ថែមទៀត។ ដូច្នេះតាមរយៈឯកឧត្តមរដ្ឋមន្ត្រី លោកសូមស្នើដល់ក្រសួង និងអាជ្ញាធរពាក់ព័ន្ធជួយទាកទាញកំលាំងពលកម្ម ទាំងពលករដែលបានចំណាក់ស្រុកហើយ និងពលករដែលកំពុងនៅក្នុងស្រុក មកធ្វើការនៅក្រុមហ៊ុនបុត្រសម្ព័ន្ធទាំង៥ ដែលកំពុងប្រទះនូវបញ្ហាកង្វះខាតពលកម្ម។ ម៉្យាងវិញទៀត ក្រុមហ៊ុនក៏មានផែនការពង្រីកការវិនិយោគផងដែរ ដោយសំដៅទៅលើការបង្កើតកសិដ្ឋានចិញ្ចឹមគោ យកសាច់ចំនួន ៥ពាន់ក្បាល ដើម្បីរួមចំណែកក្នុងការជំរុញកំណើន នៃការចិញ្ចឹមសត្វក្នុងស្រុក ជាពិសេសនាំចេញ នាពេលអនាគត។

ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន បានធ្វើការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង ពុះពារគ្រប់ឧបសគ្គ និងបញ្ហាប្រឈម រហូតដល់សម្រេចបានសមិទ្ធផលដ៏សំខាន់ៗជាច្រើន ដើម្បីរួមគ្នាអភិវឌ្ឍន៍ វិស័យកសិកម្មកម្ពុជាប្រកបដោយចីរភាព និងនិរន្តរភាព។
ភ្ជាប់ទៅនឹងការវិនិយោគនេះដែរ ឯកឧត្តមរដ្ឋមន្ត្រីបានលើកឡើងថា ស្ថិតក្នុងបរិបទនៃកំណើនសេដ្ឋកិច្ច ការរីកចម្រើនផ្នែកបច្ចេកវិទ្យាកសិកម្ម ការកែច្នៃ វេចខ្ចប់ និងនាំចេញ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបាន និងកំពុងខិតខំពង្រឹងកិច្ច សហប្រតិបត្ដិការជាមួយគ្រប់ដៃគូអភិវឌ្ឍន៍ និងវិស័យឯកជនតាមអភិក្រម «រដ្ឋ ឯកជន ដៃគូអភិវឌ្ឍន៍ និងសហគមន៍» ដើម្បីគាំទ្រលើការវិនិយោគគ្រប់ខ្សែច្រវាក់ តម្លៃកសិកម្មចាប់ពីចំណុច A ដល់ Z តាមរយៈការបង្កើនផលិតភាពផលិតផល ការវេចខ្ចប់ ការរក្សាស្តុកទុក ការកែច្នៃប្រកបដោយគុណភាព អនាម័យ និងសុវត្ថិភាព សមស្របតាមស្តង់ដារនៃទីផ្សារអន្តរជាតិ ធ្វើយ៉ាងណាចូលរួមគាំទ្រ និងជំរុញបរិមាណ នាំចេញកសិផលកម្ពុជា ទៅកាន់ទីផ្សារអន្តរជាតិ ឱ្យកាន់តែច្រើនថែមទៀត នាពេលអនាគត។

ទន្ទឹមនឹងនេះ ឯកឧត្តមរដ្ឋមន្ត្រីបានណែនាំដល់ក្រុមហ៊ុនធ្វើយ៉ាងណាបង្កើន កិច្ចសហប្រតិបត្តិការ ឱ្យកាន់តែល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសជាមួយលេខាធិការដ្ឋាន ដីសម្បទានសេដ្ឋកិច្ច នូវរាល់ការងារបំពេញបែបបទ ដែលនៅសេសសល់ និងជាមួយអគ្គនាយកដ្ឋានកសិកម្មក្នុងការអនុវត្តច្បាប់ និងបច្ចេកទេសសំដៅលើអនាម័យ និងភូតគាមអនាម័យ ដើម្បីបង្កើនជំនឿ ទុកចិត្តលើគុណភាព និងសុវត្ថិភាព៕ ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង