ស្លាប់៣នាក់ របួស៤នាក់ ពេលរថយន្តកូរ៉ូឡា បើកបំពានគន្លង ទៅបុករថយន្តហ៊ីយ៉ាន់ដាយ
ព្រៃវែង៖ រថយន្តកូរ៉ូឡាបើកបុកគ្នាជាមួយរថយន្តហ៊ីយ៉ាន់ដាយ ដឹកអេតចាយ បណ្តាលឲ្យមនុស្ស៣នាក់បានស្លាប់ភ្លាមៗ និងរងរបួសធ្ងន់៤នាក់ នៅរសៀល ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៨ A ស្ថិតត្រង់ចំណុចភូមិឆ្កែកូន ឃុំជាខ្លាង ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង ។
បើតាមប្រភពពីកន្លែងហេតុ បានឲ្យដឹងថា គេឃើញរថយន្តម៉ាកកូរ៉ូឡាពណ៌ខៀវ ពាក់ផ្លាកលេខភ្នំពេញ 2E.6156 បើកបរក្នុងទិសដៅពីកើតទៅលិច លុះដល់ចំណុចកើតហេតុ បានរ៉េចង្កូតទៅបុកជាមួយ រថយន្តធុនធំ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ ស ពាក់ផ្លាកលេខភ្នំពេញ 3E.7722 ដែលកុំពង់បើកបរក្នុងទិសដៅ បញ្ច្រាសគ្នា បុកចំពីមុខពេញទំហឹង បណ្តាលឲ្យអ្នកជិះក្នុងរថយន្តកូរ៉ូឡា ស្លាប់៣នាក់ និងរបួសធ្ងន់៤នាក់។
អ្នកបើករថយន្តកូរ៉ូឡា មាន ឈ្មោះ ម៉ៅ សៅ ភេទប្រុស អាយុ ៣៨ឆ្នាំ មុខរបរ បម្រើការងារនៅពន្ធនាគារខេត្តព្រៃវែង រស់នៅភូមិឡូត៍៦ សង្កាត់កំពង់លាវ ក្រុងព្រៃវែង និង អ្នករួមដំណើរ ៦នាក់ របួសឆ្ងន់ ៤នាក់ (ស្រី ២នាក់) ស្លាប់នៅកន្លែងកើតហេតុ ៣នាក់ (ស្រី)។ ចំណែកឯអ្នកបើកបររថយន្តធំដឹកអេតចាយមិនស្គាល់អត្តសញ្ញាណ ព្រោះក្រោយពេលកើតហេតុគេចខ្លួនបាត់។
នគរបាលមូលដ្ឋាន បានបញ្ជាក់ថា មូលហេតុនៃគ្រោះថ្នាក់ចរាចរណនេះ គឺរថយន្ត កូរ៉ូឡា បើកបំពានគន្លង ទៅបុករថយន្តហ៊ីយ៉ាន់ដាយ៕