អាជ្ញាធរជាតិអប្សរាមានគម្រោងយកសត្វក្ងោក និងសត្វព្រៃប្រឈមផុតពូជមួយចំនួនទៀតមកលែងនៅក្នុងព្រៃ នៃរមណីយដ្ឋានអង្គរ
សៀមរាប៖ លោក យិត ចាន់ដារដ្ឋ អគ្គ នាយករងអាជ្ញាធរជាតិអប្សរា បានថ្លែងប្រាប់ឱ្យដឹងកាលពីរសៀលថ្ងៃអង្គារ១១កើត ខែមាឃ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០នេះថា រមណីយដ្ឋានអង្គរក្រៅពីមានប្រាង្គប្រាសាទដ៏មហស្ចារ្យ ក៏ មានព្រៃជាដែន ជម្រកសត្វព្រៃដ៏មានសុវត្ថិ ភាព ដែលត្រូវបានអង្គការសម្ព័ន្ធមិត្តសត្វព្រៃ (WILDLIFEA LLIANCE) សហការជាមួយអាជ្ញាធរជាតិអប្សរា និង រដ្ឋបាលព្រៃឈើ សម្រេចជ្រើសរើសជាទីតាំងសម្រាប់លែងសត្វព្រៃកម្រ និងជិតផុត ពូជមួយចំនួនផង ដែរ។
នៅរយៈពេល៦ឆ្នាំកន្លងមកនេះសត្វព្រៃកម្រ និងជិតផុតពូជចំនួន៥ប្រភេទ រួមមាន សត្វទោចម្កុដចំនួន ៨ក្បាល,សត្វឈ្លូស ៤ក្បាល,សត្វសំពោចក្រអូប៥ក្បាល,សត្វភេ៥ក្បាល,និងសត្វស្វាព្រាហ្មណ៍១២ ក្បាល ត្រូវបានយកមកផ្សាំនិងលែងឱ្យរស់នៅក្នុងព្រៃឧទ្យានអង្គរ ក្រោមការ មើលថែទាំយ៉ាងល្អប្រសើរ ។ ប្រភពសត្វទាំងនេះខ្លះយកមក ពីឧទ្យានភ្នំតាម៉ៅ និងខ្លះយកមកពីកោះក្រពី ខេត្តកោះកុង ហើយយកមកលែង នៅទីតាំងសំខាន់ចំនួន៣ ក្នុងរមណីយដ្ឋានអង្គរដូចជា នៅខ្លោងទ្វារខ្មោច ខ្លោងទ្វារតាកាវ និងប្រាសាទតានៃ ដែលមានព្រៃ ស៊ុបទ្រុប សុវត្ថិភាពសម្រាប់ការស់ នៅរបស់ពួកវា។
លោកបានបញ្ជាក់ថា អាជ្ញាធរជាតិអប្សរាក៏គ្រោងយកសត្វក្ងោក និងសត្វព្រៃប្រឈមផុតពូជមួយចំនួនទៀតមកលែង នៅក្នុងព្រៃនៃរមណីយដ្ឋានអង្គរ ក្នុងបំណងរួមចំណែកអភិរក្សសត្វព្រៃដែលបច្ចុប្បន្នកំពុងប្រឈមនឹងគ្រោះថ្នាក់ និងការផុតពូជ។ ពិសេស សត្វព្រៃក៏ជាប្រភពដ៏សំខាន់មួយក្នុងការទាញភ្ញៀវទេសចរ ព្រោះវាមិនបានផ្តល់ផលអាក្រក់ ឬគ្រោះថ្នាក់ដល់មនុស្សឡើយ បើមនុស្សមិនរំលោភបំពានលើពួកវា។
លោកបន្តថា ចំពោះការថែទាំសត្វព្រៃកម្រទាំង ៥ប្រភេទនេះ មានភ្នាក់ងារបំ ពេញការងារជាប្រចាំពីរនាក់ មានកាម៉េរាសុវត្ថិភាពសម្រាប់តាមដានសកម្មភាពសត្វ និងសកម្មភាពយាយីពីជនខិលខូច ។ មិនតែប៉ុណ្ណោះក៏មានការចុះតាមដានដោយផ្ទាល់ពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃយ៉ាងតិច ១ខែម្តង ដើម្បីតាមដានពីសុខភាពសត្វផង ដែរ។
នៅក្នុងតំបន់អង្គរ ក្រៅពីមានសត្វព្រៃកម្រទាំង៥ប្រភេទនេះ ក៏មានសត្វជាច្រើនប្រភេទដែលបានរស់នៅតាំងពីយូរមកហើយដែរ ដូចជា សត្វស្ទាំង សត្វពស់ សត្វកាំប្រមា និងសត្វមាន់ព្រៃជាដើម។ ជា មួយគ្នានេះ លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលរស់នៅជុំវិញតំបន់នេះសូមចូលរួមថែរក្សាសត្វព្រៃទាំងនេះ ឱ្យបានគង់វង្ស ហើយនៅពេលឃើញពពួកសត្វទាំងនេះកុំតាមសម្លាប់ពួកវា ៕ ដោយ៖ សំរិត