នៅទីក្រុងប៉េកាំងពេលនេះធាតុអាកាសត្រជាក់ធ្លាក់ទឹកកក ប៉ុន្តែសុខភាពសម្តេចតេជោ គឺល្អរឹងមាំ
ប៉េកាំង៖ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងតាមរយៈហ្វេសប៊ុកផ្លូវការ នៅថ្ងៃទី៥ខែកុម្ភៈឆ្នាំ២០២០នេះថា នៅពេលបន្តិចទៀតនេះ ខ្ញុំនឹងដឹកនាំគណៈប្រតិភូចាកចេញពីទីក្រុងប៉េកាំង ឆ្ពោះមកកាន់ប្រទេសកម្ពុជា តាមជើងយន្តហោះពិសេសរបស់រាជរដ្ឋាភិបាល។
សម្តេចហ៊ុន សែន បានមានប្រសាសន៍ថា “ខ្ញុំពិតជាសប្បាយរីករាយ និងកក់ក្តៅយ៉ាងខ្លាំង ក្រោយពីបានជួបពិភាក្សាការងារ ជាមួយភាគីមិត្តចិន ដោយបានដឹងច្បាស់ អំពីការយកចិត្តទុកដាក់ខ្ពស់ និងវិធានការទាំងឡាយរបស់មិត្តចិន ក្នុងការមើលថែពលរដ្ឋ និងសិស្សនិស្សិតខ្មែរ ដែលកំពុងសិក្សា និងរស់នៅក្នុងប្រទេសចិន ជាពិសេសនៅក្នុងទីក្រុងវូហាន ខេត្ត ហ៊ូប៉ីនេះតែម្តង។ ដូច្នេះសូមក្មួយៗទាំងអស់ មានទំនុកចិត្ត ហើយត្រូវមានជំនឿ និងសង្ឃឹម ចំពោះវិធានការទប់ស្កាត់ មិនឲ្យជំងឺឆ្លងនេះ រីករាលដាលមកដល់កន្លែងសុវត្ថិភាពរបស់កូនក្មួយដែលកំពុងរស់នៅ”។
ប៉ុន្តែទោះបីយ៉ាងណាក៏ដោយ ក៏ពូសោកស្តាយដែលមិនបានទៅជួបកូនក្មួយដោយផ្ទាល់ ប៉ុន្តែពូសូមអរគុណ កូនក្មួយនិស្សិតនៅវូហានទាំងអស់ ដែលបានផ្ញើសារនិងឃ្លីបវីដេអូសម្តែងនូវការគោរពស្រឡាញ់នឹករលឹក និងការព្រួយបារម្ភ ចំពោះសុវត្ថិភាពពូដែលគ្រោងទៅសួរសុខទុក្ខក្មួយៗនៅទីនោះ។ ទោះបីពេលនេះពូមិនបានទៅ ប៉ុន្តែពូសង្ឃឹមថា នឹងបានជួបក្មួយៗ នៅពេលខាងមុខណាមួយមិនខាន។ សូមក្មួយៗថែរក្សាសុខភាពឲ្យបានល្អ យកចិត្តទុកដាក់ធ្វើតាមការណែនាំរបស់សាលា និងអាជ្ញាធរសុខាភិបាលចិន ដើម្បីចៀសវាងការឆ្លងជំងឺរលាកផ្លូវដង្ហើមថ្មីកូរ៉ូណា (Coronavirus) និងជំងឺផ្សេងៗទៀត។
សូមជូនពរបងប្អូនជនរួមជាតិ និងក្មួយៗទាំងអស់ជួបតែសេចក្តីសុខ និងសំណាងល្អគ្រប់ៗគ្នា ជាពិសេសសូមចៀសផុតពីជំងឺទាំងឡាយរួមទាំងជំងឺឆ្លងកូរ៉ូណានេះផងដែរ៕