ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អនុ​ម័ត លើសេចក្តីព្រាងច្បាប់ស្តីពីការប​ង្កើ​​ត​​ក្រសួ​ងឧ​ស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ​

65

 

ភ្នំពេញ៖ លោកផៃ ស៊ីផាន អ្នកនាំពាក្យរាជរដ្ឋាភិបាល បានថ្លែងថា កិច្ចប្រជុំពេញអង្គគណៈរដ្ឋម​ន្រ្តី​ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់​រ​បស់​សម្តេ​ចអគ្គម​ហាសេនា​ប​តីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណា​ច​ក្រ​កម្ពុជា បានសម្រេចអនុ​ម័ត លើ“សេចក្តីព្រាងច្បាប់ស្តីពីការបង្កើ​ត​ក្រសួ​ងឧ​ស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអ​នុ​ក្រឹត្យ​ស្តីពី​កា​ររៀបចំ និងការប្រព្រឹត្តទៅរបស់​ក្រ​សួ​ងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍” ក៏ប៉ុន្តែដក​មា​ត្រា៤ និងកែ​សម្រួ​លពាក្យ​ពេចន៍ នៅក្នុងមាត្រាមួយចំនួនផង​ដែរ។

កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្រ្តី ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចាប់ផ្តើមពិភាក្សាលើរបៀបវារៈស្តី‌ពី “សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹតស្តីពីការរៀបចំ និងការប្រព្រឹតទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍”។

ខ្លឹមសារសង្ខេបមានដូចខាងក្រោម៖

ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ត្រូវបានអនុញ្ញាតជាគោលការណ៍ឲ្យប្តូរឈ្មោះទៅជា ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ស្របទៅតាមបរិបទនៃបច្ចេកវិទ្យា វិទ្យាសាស្រ្ត ក៏ដូចជារបបគំហើញដែលកំពុងវិវត្តន៍ទៅយ៉ាងឆាប់រហ័ស មានជាលក្ខណៈសកល និងដើម្បីធ្វើឲ្យផ្នែកស្រាវជ្រាវលើវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងរបបគំហើញផ្សេងៗ(នវានុវត្តន៍) របស់កម្ពុជាទទួលបានប្រសិទ្ធភាព និងពង្រីកសក្តានុពលទូលំទូលាយក្នុងយុគសម័យបច្ចុប្បន្ន និងទៅអនាគត ព្រមទាំងជម្រុញ និងទាក់ទាញវិស័យវិទ្យាសាស្ត្រឲ្យមានការរីកចម្រើន និងជម្រុញការផ្ទេរបច្ចេកវិទ្យា ស្របតាមបរិបទនៃបដិវត្តន៍ឧស្សាហកម្ម ជំនាន់ទី៤.០។នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសកម្ពុជាបានសម្រេចនូវវឌ្ឍនភាពសង្គម និងសេដ្ឋកិច្ចជាច្រើនគួរឲ្យកត់សំគាល់ និងប្រកបដោយមោទនភាព ដែលបានផ្តល់ផលជាការផ្លាស់ប្តូរយ៉ាងស៊ីជម្រៅនៃរចនាសម្ព័ន្ធសេដ្ឋកិច្ច និងការលើកកម្ពស់ជីវភាពប្រជាជនឲ្យកាន់តែប្រសើរឡើង ទាំងខាងផ្នែកសម្ភារៈ និងស្មារតី តាមរយៈកំណើនសេដ្ឋកិច្ចប្រកបដោយចីរភាព ការបង្កើតការងារជូនប្រជាជន ការធានាសមធម៌សង្គម និងការពង្រឹងប្រសិទ្ធភាពអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ។ជាការពិតណាស់ វិស័យឧស្សាហកម្ម គឺជាកម្លាំងចលករមួយដែលមិនអាចខ្វះបានក្នុងការជម្រុញការអភិវឌ្ឍន៍សេដ្ឋកិច្ចជាតិ ប្រកបដោយបរិយាប័ន្ន និងភាពធន់។ ការអភិវឌ្ឍន៍វិស័យនេះគឺជាឧបករណ៍គោលនយោបាយប្រកបដោយប្រសិទ្ធភាព សម្រាប់ការតភ្ជាប់រវាងសេដ្ឋកិច្ចសំខាន់ៗ ដែលជាឃ្នាស់ជម្រុញកំណើន និងបង្កើតការងារបន្ថែមក្នុងវិស័យកសិកម្ម ទេសចរណ៍ និងសេវាកម្ម ដែលធ្វើឲ្យផលិតភាពកើនឡើង និងមានចំណូលខ្ពស់ជាងមុន ក្នុងដំណាក់កាលដែលកម្ពុជាកំពុងតែផ្លាស់ប្ដូររចនាសម្ព័ន្ធសេដ្ឋកិច្ច ពីប្រទេសដែលពឹងផ្អែកលើវិស័យកសិកម្ម ទៅជាប្រទេសដែលពឹងផ្អែកលើវិស័យឧស្សាហកម្ម និងសេវាកម្ម។
វិស័យឧស្សាហកម្ម ក៏បានរួមចំណែកដ៏សំខាន់ ក្នុងការបង្កើតការងារ ការបង្កើនប្រាក់ចំណូល និងការលើកកម្ពស់ផលិតភាព តាមរយៈការវិនិយោគ និងការប្រើប្រាស់ ការផ្លាស់ប្ដូរបច្ចេកវិទ្យាថ្មីៗ។ ស្របពេលដែលពិភពលោកបានដើរមកដល់របត់នៃបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤.០ ដែលកំពុងមានការអភិវឌ្ឍន៍យ៉ាងលឿនរហ័សដែលពាក់ព័ន្ធជិតស្និតទៅនឹងផ្នែកវិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍ជាសកល កម្ពុជាត្រូវការជាចាំបាច់នូវយន្តការគ្រប់គ្រងមួយច្បាស់លាស់លើរបបថ្មីនេះ ធ្វើយ៉ាងណាធានាឲ្យបាននូវការអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ខ្លួនប្រកបដោយចីរភាព និងការប្រកួតប្រជែងខ្ពស់ សំដៅធ្វើឲ្យកម្ពុជាសម្រេចបាននៅចក្ខុវិស័យរបស់ខ្លួន ក្នុងការប្រែក្លាយជាប្រទេសដែលមានចំណូលមធ្យមកំរិតខ្ពស់នៅឆ្នាំ២០៣០ និង ជាប្រទេសដែលមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

អំពីដំណើរការនៃការរៀបចំសេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍
ដើម្បីតាក់តែងរៀបចំសេចក្តីព្រាងច្បាប់ និងអនុក្រឹត្យខាងលើ ដោយផ្អែកលើមូលដ្ឋានបទបញ្ញតិ្តនៃច្បាប់ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅនៃគណៈរដ្ឋមន្ត្រី លំនាំច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងលំនាំនៃអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មក៏ដូចជាបទបញ្ញតិ្តពាក់ព័ន្ធដទៃទៀត ដែលមានជាធរមាន។
សេចក្តីព្រាងច្បាប់ស្តីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ និងសេចក្តីព្រាងអនុក្រឹត្យស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ ត្រូវបានដាក់ឆ្លងពិគ្រោះយោបល់ ពិភាក្សា ពិនិត្យកែសម្រួលឡើងវិញ ក្នុងកិច្ចប្រជុំអន្តរក្រសួងដែលបានប្រព្រឹត្តទៅកាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២០ ដោយមានក្រសួងពាក់ព័ន្ធចំនួន១៥ រួមទាំងតំណាងក្រុមប្រឹក្សាអ្នកច្បាប់ផងបានចូលរួមផ្តល់ជាមតិយោបល់ និងបានលើកឡើងនូវចំនុចមួយចំនួនពាក់ព័ន្ធនឹងទម្រង់ ខ្លឹមសារ បទបញ្ញតិ្ត ដែលគួរត្រូវបានកែសម្រួល និងចែងក្នុងសេចក្តីព្រាងច្បាប់ និងសេចក្តីព្រាងអនុក្រឹត្យនេះ។ ជាពិសេសអង្គប្រជុំអន្តរក្រសួង និងតំណាងក្រុមប្រឹក្សាអ្នកច្បាប់ ក៏បានផ្តល់ធាតុចូល បញ្ជាក់បន្ថែមអំពីអត្ថន័យនៃពាក្យដែលបានប្រើប្រាស់ អំពីក្របខណ្ឌគតិយុត្ត ទិដ្ឋភាពបច្ចេកទេស ក៏ដូចជាសមត្ថកិច្ចទទួលខុសត្រូវ ធ្វើយ៉ាងណាឲ្យការរៀបចំឯកសារគតិយុត្តិទាំងពីរ មានលក្ខណគ្រប់ជ្រុងជ្រោយដែលអាចទទួលយកបាន(ដូចមានបញ្ជាក់នៅក្នុងកំណត់ហេតុប្រជុំ។ ចំពោះការលើកឡើងរបស់អង្គប្រជុំ អន្តរក្រសួង និងមតិចូលរួមកែលម្អរបស់តំណាងក្រុមប្រឹក្សាអ្នកច្បាប់។

ខ្លឹមសារសង្ខេប៖
១.សេចក្ដីព្រាងច្បាប់ស្ដីពីការបង្កើតក្រសួងឧស្សាហកម្ម វិទ្យាសាស្ត បច្ចេកវិទ្យា និងនវានុវត្តន៍
សេចក្ដីព្រាងច្បាប់នេះ ត្រូវបានរៀបចំឡើងដោយមាន៩មាត្រា ដោយក្នុងនោះ៖
-កំណត់អំពីឈ្មោះក្រសួងថ្មីនេះ អំពីសមត្ថកិច្ចរបស់ក្រសួង និងសមត្ថកិច្ចដឹកនាំគ្រប់គ្រងក្រសួង
-បានចែងអំពីបទប្បញ្ញត្តិ ដើម្បីធានាបាននិរន្តរភាពនៃការអនុវត្តលិខិតបទដ្ឋានគតិយុត្តទាំងឡាយដែលកំពុងមានជាធរមាន រហូតដល់ពេលមានលិខិតបទដ្ឋានគតិយុត្តថ្មីជំនួស
-បានចែងអំពីបញ្ហាដែលពាក់ពន្ធ័នឹងការគ្រប់គ្រងដឹកនាំក្រសួងតាមច្បាប់,លិខិតបទដ្ឋានគតិយុត្តិនានា ដែលពាក់ពន្ធ័នឹងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្ម និងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម និងសិប្បកម្មដែលត្រូវមានអនុភាពអនុវត្តទៅមុខទៀតរហូតដល់មានលិខិតបទដ្ឋានគតិយុត្តិថ្មីមកជំនួស ស្របតាមបទប្បញ្ញត្តិនៃច្បាប់ថ្មីនេះ។
២.សេចក្ដីព្រាងអនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្ម វិទ្យាសាស្តបច្ចេកវិទ្យា និងអនុវត្តន៍
អនុក្រឹត្យនេះ ត្រូវបានរៀបចំឡើង ដោយផ្អែកលើអនុក្រឹត្យចំនួនពីរដែលមានជាធរមានគឺ(១)អនុក្រឹត្យស្ដីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់ក្រសួងឧស្សាហកម្មនិងសិប្បកម្ម(ដែលមាន៣២មាត្រា)និងអនុក្រឹត្យបំពេញបន្ថែមស្ដីពីការរៀបចំនិងការប្រព្រឹត្តទៅរបស់អគ្គនាយកដ្ឋានទឹកស្អាត(១២មាត្រា) ដោយច្របាច់ខ្លឹមសារអនុក្រឹត្យទាំងពីរបញ្ចូលគ្នាតែមួយវិញ ព្រមទាំងបង្កើតនូវជំពូកថ្មីនៅក្នុងសេចក្ដីព្រាងអនុក្រឹត្យថ្មីដែលចែងអំពីអគ្គនាយកដ្ឋានវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ និងវិទ្យាស្ថានជាតិវិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវាវត្តន៍អោយស្របទៅនឹងបេសកកម្មថ្មីរបស់ក្រសួងថ្មី។
ជាមួយនឹងការទទួលយកនូវការផ្លាស់ប្ដូររចនាសម្ព័ន្ធថ្មីរបស់ក្រសួងនៅពេលនេះ ជាវិញ្ញាសារថ្មីមួយទៀតដែលត្រូវរែកពុន ពុះពារដោះស្រាយរាល់បញ្ហាប្រឈមនានាក្នុងរបត់ថ្មី និងក៏ជាបន្ទុកទទួលខុសត្រូវកាន់តែខ្ពស់ជាងមុន ដែលទាមទារការឯកភាពគ្នា ប្រកបដោយឆន្ទៈមុតស្រួច និងមានមនសិការវិជ្ជាជីវៈក្នុងការបំពេញបេសកកម្មថ្មីនេះ៕

អត្ថបទដែលជាប់ទាក់ទង