ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ត្រូវបានចុះពិនិត្យវឌ្ឍនភាពសាងសង់

72

 

បាត់ដំបង៖ នៅថ្ងៃអាទិត្យ ទី៩ ខែកុម្ភៈ ឆ្នាំ២០២០ លោក ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការនិងដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អញ្ជើញចុះពិនិត្យគម្រោង ធ្វើឱ្យប្រសើរឡើងវិញកំណាត់ ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ) ដោយមានការចូលរួមពីអាជ្ញាធរដែនដីថ្នាក់ខេត្ត ប្រតិភូតំណាងក្រុមហ៊ុនសាងសង់ និងក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេសផងដែរ។

សូមជម្រាបជូនថា៖ គម្រោងធ្វើឱ្យប្រសើរឡើងផ្លូវជាតិលេខ៥ មានប្រវែងសរុបចំនួន៣៦៦គីឡូម៉ែត្រ ស្ថិតក្នុងខេត្តកំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង និងបន្ទាយមានជ័យ ជាគម្រោងក្រោមកម្ចីឥណទាន សម្បទានពីរដ្ឋាភិបាលជប៉ុន តាមរយៈទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនប្រចាំកម្ពុជា គ្រោង ចំណាយថវិកាប្រមាណ៥០០ លានដុល្លារសហរដ្ឋអាមេរិក។

ការងារស្ថាបនាត្រូវបានបែងចែកជាបីផ្នែក ធំៗរួមមាន៖ ផ្នែកខាងជើង ផ្នែកខាងត្បូង និងផ្នែកកណ្តាល ដោយក្នុងនោះ៖ មានការពង្រីកកំណាត់ផ្លូវ ជាតិមានស្រាប់ពី២គន្លង ទៅ៤គន្លង ទទឹង២៣ម៉ែត្រ មានប្រវែងសរុប៣០៤គីឡូម៉ែត្រ ក្រាលជំនួស ដោយកៅស៊ូAC និងមានសួរច្បារកណ្តាល។

គម្រោងស្ថាបនាកំណាត់ផ្លូវនេះ ត្រូវបានបែងចែកជាពីរកញ្ចប់ក្នុងនោះ៖ កញ្ចប់ទី១សាងសង់ដោយ ក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Tekken-Taiyo JV មានប្រវែង ៤៦,២៧គម (ផ្លូវវាងក្រុងបាត់ដំបងប្រវែង ២៣,៩២គម) ហើយកញ្ចប់ទី២ សាងសង់ដោយក្រុមហ៊ុនសម្ព័ន្ធក្រុមហ៊ុន Daiho-Asanuma JV មានប្រវែង៣៨,៤៧គម (ផ្លូវវាងក្រុងសិរីសោភ័ណប្រវែង ៩,៣៤គម) និងត្រួតពិនិត្យបច្ចេកទេសដោយ ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស KEI-OCG-KCI Joint Venture in association with KCEC និង TANCONS ហើយការស្ថាបនាមានរយៈពេលន៣៦ខែ។

ដោយឡែក គម្រោងធ្វើឱ្យប្រសើរឡើងវិញ កំណាត់ផ្លូវជាតិលេខ៥ ភាគខាងជើង (បាត់ដំបង-សិរីសោភ័ណ)នេះ ចាប់ផ្តើមសាងសង់ចេញពីខេត្តបាត់ដំបង រហូតដល់ ខេត្តបន្ទាយមានជ័យ មានប្រវែងសរុប ៨៤,៧៤ គីឡូម៉ែត្រ គ្រោងចំណាយថវិកាប្រមាណ១៤៣,០៤ លានដុល្លារអាមេរិក និងបានសម្ពោធបើកការដ្ឋានសាងសង់កាលពីថ្ងៃទី២៦ មីនា ២០១៨ ហើយគិតរហូតមកដល់ពេលនេះ សកម្មភាពការងារ ដែលបានសម្រេចបានគិតត្រឹមថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០គឺ៖ កញ្ចប់ទីមួយ សម្រេចបាន ៦៨,១០% និងកញ្ចប់ទីពីរ សម្រេចបាន៦៦,១០%ហើយ។

គួរកត់សម្គាល់ផងដែរថា៖ កំណាត់ផ្លូវជាតិនេះ ជាផ្លូវអាស៊ានហាយវេលេខ១ អាចបង្កើនការនាំចេញ-នាំចូល និងជាផ្លូវមួយប្រកបដោយសក្តានុពលខ្ពស់ សម្រាប់បម្រើវិស័យសេដ្ឋកិច្ចកម្ពុជា ពិសេសអាចកាត់ បន្ថយគ្រោះថ្នាក់ និងការ កកស្ទះចរាចរណ៍បានយ៉ាងច្រើន។ លើសពីនេះទៅទៀត ប្រជាពលរដ្ឋតាមដង ផ្លូវនេះនឹងមានជីវភាពកាន់តែល្អប្រសើរ តាមរយៈកំណើននៃការអភិវឌ្ឍ វិនិយោគ និងទេសចរណ៍៕

អត្ថបទដែលជាប់ទាក់ទង