ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

បណ្ដាញសង្គមហ្វេសបុក ស្នើអភិបាលខេត្តសៀមរាប ជួយពន្យល់និងដោះស្រាយ ទំនាស់លើដីចំណីផ្លូវ ជូនពល​រ​ដ្ឋចំ​នួន៩គ្រួសារ

60

 

សៀមរាប៖ បន្ទាប់ពីមានគណនេយ្យទំនាក់ទំនងបណ្ដាញសង្គមហ្វេសបុក ឈ្មោះ “Bosavy Chhet” បានបង្ហោះខ្លឹមសា​រ សូមគោរពជូនលោក ទៀ សីហា អភិបាលខេត្តសៀមរាប ជួយពន្យល់និងដោះស្រាយជូនពល​រ​ដ្ឋចំ​នួន៩គ្រួសារនៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែងមកនោះ រដ្ឋបាលស្រុកជីក្រែងបានចេញសេចក្ដីបំភ្លឺ។

រដ្ឋបាលស្រុកជីក្រែង នៅថ្ងៃសៅរ៍ទី៨ ខែកុម្ភៈ ឆ្នាំ២០២០បានចេញសេចក្ដីបំភ្លឺ ពីករណីទំនាស់លើដីចំណីផ្លូវរវាងប្រជាពលរដ្ឋចំនួន ៩ គ្រួសារ ដណ្ដើមចង់បានដីចំណីផ្លូវសាធារណៈរបស់រដ្ឋជាប្រយោជន៍ផ្ទាល់ខ្លួន ស្ថិតនៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

រដ្ឋបាលស្រុកជីក្រែង មានកិត្តិយសសូមជម្រាបជូនដំណឹង ដល់សាធារណៈជនជ្រាបថា “មានគណនេយ្យទំនាក់ទំនង បណ្ដាញសង្គមហ្វេសបុក(Facebook) ឈ្មោះ “Bosavy Chhet” បានបង្ហោះខ្លឹមសារពីថា ” សូមគោរពជូនឯកឧត្ដម ទៀ សីហា អភិបាលខេត្តសៀមរាបសូមឯកឧត្ដមមេត្តា ជួយពន្យល់និងដោះស្រាយជូនពលរដ្ឋចំនួន០៩គ្រួសារនៅភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ករណី លោក ធូ ចន្ថុល អភិបាលរងស្រុកជីក្រែង បង្ខំអោយរុះរើផ្ទះគាត់ដោយចោទថា រស់នៅលើដីចំណីផ្លូវរដ្ឋ ស្របពេលផ្លូវនេះបានពង្រីកនិងធ្វើរួចរាល់ព្រមទាំងដាក់ដោយប្រើប្រាស់ហើយ ហេតុអ្វីអោយគាត់រុះរើបន្ថែមជាមួយគ្នានោះគេវាស់វែងពួកគាត់បានកាត់ដីចំណីផ្លូវផ្ដល់ជូនរដ្ឋរួចហើយ “។

ចំពោះករណីនេះ រដ្ឋបាលស្រុកសូមធ្វើការបំភ្លឺ ដូចខាងក្រោម៖

១. ចំពោះករណីនេះដំបូងឡើយនៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០១៩ គម្រោងស្ថាបនាផ្លូវខេត្ត ដែលអនុវត្តគម្រោងដោយក្រសួងសាធារណៈការ និងដឹកជញ្ជូន និងមាន កងវិស្វកម្មក្រសួងការពារជាតិ ជាអ្នកសាងសង់បានចុះកំណត់យកផ្លូវក្នុងភូមិយាង ឃុំឬស្សីលកនេះ ជាគម្រោងផ្លូវសាងសង់របស់ខេត្ត និងបានបន្តស្ថាបនាជាដំណាក់កាលៗ ហើយក៏កើតមានជាបញ្ហាទំនាស់ប្ដឹងផ្ដល់គ្នា រវាងប្រជាពលរដ្ឋ និងប្រជាពលរដ្ឋផ្ទាល់ក្នុងចំណោម ០៩គ្រួសារក្នុងនោះដែលបានឈ្លោះប្រកែកគ្នាដណ្ដើមកាន់កាប់ដីចំណីផ្លូវសាធារណៈរបស់រដ្ឋដោយសារការរំលោភបំពានរបស់ខ្លួនធ្វើសំណង់ចូលលើដីចំណីផ្លូវរបស់រដ្ឋ មានប្រវែងប្រមាណជាង ៥០០ម៉ែត្រ មានទំហំ ១៥ម៉ែត្រ និងមានចំណីផ្លូវប្រវែង ៧,៥ម៉ែត្រពីអ័ក្សកណ្ដាល ស្ថិតនៅក្នុងភូមិយាង ឃុំឬស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប។

២. រហូតដល់ថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០១៩ លោក ធូ ចន្ថុល អភិបាលរង នៃគណៈអភិបាលស្រុកជីក្រែង តំណាង លោក ពៅ ប៊ុនធឿន អភិបាល នៃគណៈអភិបាលស្រុកជីក្រែង បានដឹកនាំក្រុមការងារ ចុះប្រជុំដោះស្រាយផលប៉ះពាល់លើការរំលោភដីចំណីផ្លូវរបស់រដ្ឋ ស្ថិតនៅចំណុចភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ម្ដងទៀត ជាលទ្ធផលគឺ បានពន្យល់អំពីច្បាប់លិខិតបទដ្ឋានគតិយុត្តិនានាដែលពាក់ព័ន្ធនឹងផ្លូវថ្នល់ និងបានរកឃើញថាប្រជាពលរដ្ឋចំនួន ០៩គ្រួសារនេះបានរស់នៅ និងសាងសង់ផ្ទះលើដីចំណីផ្លូវមុនពេលដែលរដ្ឋចេញប្លង់រឹង(ប្លង់ចេញដោយគម្រោងអេកូហ្សូន)នោះទៅទៀត ហើយក្រុមការងាររដ្ឋបាលស្រុក ដែលមានការិយាល័យភូមិបាលស្រុក ការិយាល័យសាធារណៈការ និងដឹកជញ្ជូនស្រុក និងអាជ្ញាធរភូមិយាង ឃុំឫស្សីលក និងប្រជាពលរដ្ឋពលរដ្ឋចំនួន ០៩គ្រួសារដែលបានរស់នៅលើដីចំណីផ្លូវ ក៏បានសហការចុះកំណត់រកអ័ក្សផ្លូវ និងទំហំដីចំណីផ្លូវឲ្យឃើញទាំងអស់គ្នាទៅតាមប្លង់រឹង(ប្លង់ចេញដោយគម្រោងអេកូហ្សូន)ដែលមានស្រាប់ និងបានកំណត់ផ្លូវ១៥ម៉ែត្រ គឺ៧,៥ម៉ែត្រសង្ខាងពីអ័ក្សផ្លូវ និងរកឲ្យឃើញចំណុចអ័ក្សផ្លូវ ៧,៥ម៉ែត្រ នៅត្រង់ណាទៅតាមប្លង់រឹង ដើម្បីជាការស្មើភាពគ្នា និងតម្លាភាពទៅវិញទៅមក ជៀសវាងការចោទប្រកាន់ថាការពង្រីកផ្លូវនេះមានភាពលម្អៀង និងបានស្នើឲ្យលោកស្រីមេឃុំចេញសេចក្ដីជូនដំណឹងដើម្បីឲ្យប្រជាពលរដ្ឋចំនួន ០៩គ្រួសារ ដែលប៉ះពាល់ធ្វើការរុះរើសំណង់ដែលបានសាងសង់លើដីចំណីផ្លូវ ប្រសិនប្រជាពលរដ្ឋមានការតវ៉ាសូមដាក់ពាក្យបណ្ដឹងមករដ្ឋបាលស្រុកបន្តនីតិវិធី។

ប៉ុន្តែរហូតមកទល់ពេលនេះប្រជាពលរដ្ឋចំនួន ០៩គ្រួសារមិនព្រមអនុវត្តតាមសេចក្ដីជូនដំណឹងរបស់រដ្ឋបាលឃុំឬស្សីលក និងមិនបានដាក់ពាក្យបណ្ដឹងតវ៉ាមករដ្ឋបាលស្រុកទេ ថែមទាំងដើរដាក់ពាក្យប្ដឹងទៅដល់សាលាខេត្តសៀមរាបនិង រហូតឈានទៅដល់ការប្ដឹងទៅសារព័ត៌មានទូរទស្សន៍ BTV និងមានការបង្ហោះតាមគណនេយ្យទំនាក់ទំនងបណ្ដាញសង្គមហ្វេសបុក(Facebook) ឈ្មោះ “Bosavy Chhet” ដូចមានក្នុងខ្លឹមសារខាងលើ ដោយសារការចុះទៅយកព័ត៌មានរបស់អ្នកសារព័ត៌មាន សូមមេត្តាយកព័ត៌មានឲ្យបានច្បាស់លាស់ មុននឹងចេញផ្សាយព័ត៌មានរបស់ខ្លួន ដែលមិនបានយល់ពីអង្គហេតុនៃរឿងទំនាស់នេះសិន ជៀសវាងព័ត៌មានមិនមែនជាការពិត កុំទៅតាមការបង្ហាញរបស់ជនឆ្លៀតឱកាសយកចំណេញជាផលប្រយោជន៍ផ្ទាល់ខ្លួនតែភាគីម្ខាងៗ និងសូមអោយអ្នកសារព័ត៌មានគោរពតាមវិជ្ជាជីវៈរបស់ខ្លួន និងសូមអោយយកព័ត៌មានដែលពិតចាំបង្ហោះ និងផ្សព្វផ្សាយអោយសាធារណៈជនដឹង ប្រសិនបើចង់ជ្រាបព័ត៌មានច្បាស់លាស់ សូមទៅទំនាក់ទំនងយកព័ត៌មាន នៅអង្គភាពរបស់គេផ្ទាល់ ជៀសវាងការបង្ហោះ និងផ្សព្វផ្សាយព័ត៌មានមិនពិត៕

អត្ថបទដែលជាប់ទាក់ទង