អ្នកភូមិព្រះដាក់ កំពុងសស្រាក់ស្រាំ រៀបចំក្រាលការ៉ូឡា លើចិញ្ចើមសងខាងផ្លូវមុខផ្ទះដោយខ្លួនឯង
សៀមរាប៖លោកឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីនៅថ្ងៃទី១០កុម្ភៈនេះបានបង្ហោះសារមួយថា សុំលួចថតសកម្មភាពអ្នកភូមិព្រះដាក់កំពុងសស្រាក់ស្រាំរៀបចំក្រាលការ៉ូឡាលើចិញ្ចើមសងខាងផ្លូវមុខផ្ទះដោយខ្លួនឯងកាលពីល្ងាចមិញបន្តិច។
លោកបន្តថា សូមកុំច្រលំខ្ញុំលួចស្ងើចសរសើរទឹកចិត្តរបស់អ្នកភូមិព្រះដាក់ទេ។តាមពិតទៅខ្ញុំកំពុងតែគិតរិះរកវិធីយ៉ាងណាដើម្បីគៀងគរថវិកាបដិភាគជម្រុញអោយតំបន់នេះមានរបៀបរៀបរយអនាម័យនិងសោភ័ណភាពប្រសើរជាងមុននៅតាមផ្លូវដើរព្រោះជាតំបន់ទេសចរណ៍មានលក់នំបញ្ចុកនិងចំណីអាហារផ្សេងៗជាពិសេសក្រោយពេលដែលមានការរៀបចំផ្លូវថ្មីនិងអំពូលបំភ្លឺតាមថ្នល់បានស្រស់ស្អាតរួចហើយ។ប៉ុន្តែមិនទាន់ទាំងបានផ្សព្វផ្សាយពីគោលគំនិតនេះផងស្រាប់តែអ្នកភូមិនៅទីនេះស្ម័គ្រចិត្តភ្ញាក់រលឹកដោយខ្លួនឯងនាំគ្នារៀបចំដើម្បីសោភ័ណភាពនៅមុខផ្ទះរៀងៗខ្លួនដោយមិនចាំបាច់រងចាំការផ្តល់ជូនរឺសម្របសម្របពីអាជ្ញាធរមូលដ្ឋានឡើយ។មិនតែប៉ុណ្ណោះពួកគាត់ថែមទាំងបានពិគ្រោះគ្នាស្រុះស្រួលយកព៌ណប្រហាក់ប្រហែលគ្នានិងក្រាលក្នុងកម្ពស់ស្មើៗគ្នាថែមទៀតផង។
លោកបានលើកឡើងថា ខ្ញុំឃើញហើយខ្ញុំរំភើបខ្ញុំញញឹម។ញញឹមប្រកបដោយមោទនភាពដែលបានបម្រើនៅក្នុងស្រុកដែលមានប្រជាពលរដ្ឋចេះខ្វាយខ្វល់បែបនេះ។អរគុណសម្រាប់ស្មារតីចូលរួមអរគុណដែលបានធ្វើជាគំរូដ៏ប្រពៃនៃការរស់នៅស្អាតយល់ពីប្រយោជន៍រួមយល់ពីសោភ័ណភាពនិងភាពទាក់ទាញនៅក្នុសហគមន៍របស់ខ្លួន។ប្រសិនបើគ្រប់ទីកន្លែងនៅក្នុងស្រុកបន្ទាយស្រីសុទ្ធតែមានការយល់ឃើញនិងមានការចូលរួមបែបនេះខ្ញុំជឿជាក់ថាយើងអាចដោះស្រាយបានរាល់បញ្ហាសង្គមនៅក្នុងស្រុករបស់យើង។ក្នុងនាមរដ្ឋបាលស្រុកខ្ញុំនឹងជម្រុញបន្ថែមទៀតទៅលើបញ្ហាបរិស្ថាននៅក្នុងតំបន់នេះលើកទឹកចិត្តអោយមានការដាំដើមផ្កានិងដើមឈើនិងមានការគ្រប់គ្រងអនាម័យសំរាមអោយរឹតតែបានល្អប្រសើរជាងមុន៕