ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អ្នកនាំពាក្យស្នើសុំបណ្តាញសារព័ត៌មានកុំឲ្យធ្វើការបកស្រាយហួសជុំវិញផលប៉ះពាល់វីរុសកូរ៉ូណាមកលើវិស័យឧស្សាហកម្មនៅកម្ពុជា

58

ភ្នំពេញ៖ លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានស្នើឲ្យបណ្តាញសារព័ត៌មានទាំងអស់សុំកុំធ្វើអត្ថាធិប្បាយហួសជុំវិញផលប៉ះពាល់ដោយសារវីរុសកូរ៉ូណាមកលើវិស័យឧស្សាហកម្មនៅកម្ពុជា ដោយសារតែបញ្ហាការខ្វះវត្ថុធាតុដើមពីប្រទេសចិនដើម្បីមកបំពេញតម្រូវការសង្វាក់ផលិតកម្មរោងចក្រនៅកម្ពុជា ។
ក្នុងសន្និសីទសារព័ត៌មាននៅព្រឹកថ្ងៃទី១០ កុម្ភៈនេះ នាទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ផៃ ស៊ីផាន បានបញ្ជាក់ថា «នៅលើពិភពលោកបានជួបនឹងវិបត្តិខ្វះខាតវត្ថុធាតុដើមដើម្បីផលិតនៅតាមរោងចក្រ របស់គេ»។ ឯកឧត្តមថា ត្រង់បញ្ហានេះប្រហែលជាមានផលប៉ះពាល់ដល់កម្ពុជាផងដែរចំពោះរោងចក្រកមួយចំនួនដែលទទួលវត្ថុធាតុដើមនៅប្រទេសចិន ហើយអាស្រ័យដោយប្រទេសចិនបានបិទទ្វាររោងចក្រទាំងអស់ ។

ជុំវិញបញ្ហានេះ ឯកឧត្តមស្នើបណ្តាញសារព័ត៌មានកុំឲ្យធ្វើព័ត៌មានណាមួយហួសពីព្រំដែនដែលលោកបានផ្តល់ឲ្យ ។

ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ហេង សួរ អ្នកនាំពាក្យក្រសួងការងារ បានឲ្យដឹងនៅថ្ងៃទី១០ កុម្ភៈនេះ ថា យ៉ាងហោចណាស់មានរោងចក្រចន្លោះពី១០ ទៅ១៥ កំពុងពិចារណាសុំព្យួរកិច្ចសន្យាការងារមួយរយៈដោយសារតែខ្វះ«វត្ថុធាតុដើម»ដើម្បីដំណើរការសង្វាក់ផលិតកម្មរបស់ខ្លួន។

ឯកឧត្តម បានបន្តថា បច្ចុប្បន្នរោងចក្រទាំងនោះបានជូនដំណឹងទៅក្រសួងការងាររួចរាល់ហើយ ហើយកំពុងពិភាក្សាជាមួយក្រសួងរកដំណោះស្រាយស្វែករកវត្ថុធាតុដើម ដើម្បីបំពេញសង្វាក់ផលិតកម្ម។ ឯកឧត្តម ថា ប្រសិនបើរោងចក្រទាំងអស់នោះត្រូវបិទទ្វាវានឹងប៉ះពាល់ដល់កម្មករកម្មការិនីរោងចកក្រប្រមាណពី៦ពាន់ទៅ៨ពាន់នាក់៕

អត្ថបទដែលជាប់ទាក់ទង