ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ចាប់ជនល្មើស ២នាក់ ជាមុខសញ្ញាប្លន់បាញ់សម្លា​ប់​ម​នុស្ស នៅស្រុកបាទីនិងធ្លាប់បាញ់ប្លន់យកម៉ូ​តូ

94

 

ភ្នំពេញ ៖

មុខសញ្ញាប៉ុនប៉ងបាញ់សម្លាប់មនុស្សនៅស្រុកបាទីខេត្តតាកែវនិងធ្លាប់បាញ់ប្លន់យកម៉ូតូមិនញញើតដៃក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញត្រូវកម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌសហការជាមួយស្នងការដ្ឋាននគរបាលខេត្តតាកែវនិងស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញតាមស្រាវជ្រាវចាប់ខ្លួនបាន២នាក់។

លោកវរសេនីយ៍ឯកជាវវិបុលអនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថាប្រតិបត្តិការបង្ក្រាបជនសង្ស័យទាំង២នាក់នេះត្រូវបានធ្វើឡើងនៅថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០នេះនៅចំណុចផ្លូវជាតិលេខ៣មុខកងពលតូចលេខ៧០ស្ថិតក្នុងសង្កាត់ចោមចៅ៣ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

បើតាមលោកវរសេនីយ៍ឯកជាវវិបុលប្រតិបត្តិការនេះធ្វើឡើងដោយអនុវត្តតាមការណែនាំពីលោកឧត្តមសេនីយ៍ឯកអ៉ិនបូរ៉ាអគ្គស្នងការរងនគរបាលជាតិនិងដឹកនាំបញ្ជាផ្ទាល់ពីលោកឧត្តមសេនីយ៍ឯកង៉េងជួប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានដាក់បទបញ្ជាឲ្យកម្លាំងជំនាញរបស់នាយកដ្ឋានដឹកនាំស្រាវជ្រាវតាមបង្ក្រាបក្រោមការសម្របសម្រួលពីលោកកែវសុធាព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯកជាវវិបុលបានអះអាងថាជាលទ្ធផលនៃការស្រាវជ្រាវកម្លាំងនគរបាលជំនាញបានចាប់ខ្លួនជនសង្ស័យ២នាក់ទី១៖ឈ្មោះថូថុនហៅផូថុនអាយុ៤២ឆ្នាំមុខរបរមិនពិតប្រាកដនិងទី២៖ឈ្មោះផុនរិទ្ធីអាយុ២៦ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិបឹងក្អែកឃុំបន្ទាយមានជ័យស្រុកពាមរខេត្តព្រៃវែងដោយបានដកហូតវត្តុតាងកាំភ្លើងចំនួន០១ដើមម៉ាកK59 មានគ្រាប់ចំនួន០៤, ម៉ូតូ០១គ្រឿងម៉ាកAIR BLADE ពណ៌ខ្មៅពាក់ផ្លាកលេខតាកែវ1BY-1688, ដែកអក្សរT និងថ្នាំបំពុលឆ្កែចំនួនកញ្ចប់។

យោងតាមរបាយការណ៍របស់លោកវរសេនីយ៍ទោហែមបូណានាយការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌបានឲ្យដឹងថាកាលពីថ្ងៃទី០៦ខែកុម្ភៈឆ្នាំ២០២០ជនសង្ស័យឈ្មោះថូថុនហៅផូថុនបានធ្វើសកម្មភាពប៉ុនប៉ងឃាតកម្ម(ប្រើប្រាស់អាវុធ) ដោយបាញ់ទៅលើជនរងគ្រោះម្នាក់ឈ្មោះកងនីចំនួន៣គ្រាប់បណ្ដាលឲ្យរងរបួសធ្ងន់ហើយជនសង្ស័យបានគេចខ្លួនបាត់។

លោកវរេសនីយ៍ទោហែមបូណាបានបន្ដទៀតថាដោយឡែកកាលពីថ្ងៃទី១២ខែមករាឆ្នាំ២០២០ជនសង្ស័យក៏ធ្លាប់ធ្វើសកម្មភាពបាញ់ប្លន់ជនរងគ្រោះម្នាក់នៅផ្លូវលំភូមិស្ងួនពេជ្រសង្កាត់កន្ទោកខណ្ឌកំបូលដោយយកបានម៉ូតូមួយគ្រឿងម៉ាកDream C125 ឆ្នាំ២០១៩ពណ៌ខ្មៅពាក់ផ្លាកលេខបាត់ដំបង1AG-0104ដោយឡែកជនរងគ្រោះរងរបួសធ្ងន់ត្រង់ជើងដោយសារជនសង្ស័យបាញ់។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះថូថុនហៅផូថុនបានបញ្ជាក់ថារូបគេធ្លាប់ជាប់ពន្ធនាគារម្ដងរួចមកហើយនៅខេត្តកំពតរយៈពេល១៣ឆ្នាំពាក់ព័ន្ធករណីបាញ់សម្លាប់មនុស្ស។

បច្ចុប្បន្នបន្ទាប់ពីបញ្ចប់ការសួរនាំនៅនាយកដ្ឋាននគរបាលព្រហ្មទណ្ឌជនសង្ស័យទាំង២នាក់ត្រូវបានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តតាកែវដែលជាម្ចាស់ករណីចាត់ការបន្តតាមនីតិវិធីនៅរសៀលថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០២០នេះ៕

  1.  qqq

អត្ថបទដែលជាប់ទាក់ទង