ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

កម្ពុជា​នៅសល់​មុខទំនិញ​ប្រមាណ​ជាង ៩.០០០ មុខ​ទៀត ទទួលបាន​ភាពអនុគ្រោះ​ពី​សហភាព​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​EBA

126

 

​ភ្នំពេញ​៖ ក្រសួងពាណិជ្ជកម្ម សេចក្តីប្រកាស​ព័ត៌មាន ស្ដីពី នីតិវិធី​នៃ​ការព្យួរ​ជា​បណ្តោះអាសន្ន នូវ​សម្បទាន​ពន្ធចំពោះ​មុខទំនិញ​មួយចំនួន ក្រោម​ក្របខ័ណ្ឌ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ (EBA)»​។​

​ក្រសួងពាណិជ្ជកម្ម នៃ​ព្រះរាជាណាចក្រ​កម្ពុជា មាន​កិត្តិយស​សូម​ជម្រាបជូន​សាធារណជន មេត្តា​ជ្រាបថា នៅ​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ ក្រសួងពាណិជ្ជកម្ម​បាន​ទទួល​លិខិត​លេខ Ares (2020) 868510 ចុះ​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០ របស់​គណៈកម្មការ​អឺរ៉ុប (European Commission) តាមរយៈ​ស្ថានទូត​សហភាព​អឺរ៉ុប​ប្រចាំ នៅ​ព្រះរាជាណាចក្រ​កម្ពុជា ជូនដំណឹង​អំពី​នីតិវិធី​នៃ​ការព្យួរ​ជា​បណ្តោះអាសន្ន​នូវ​សម្បទាន​ពន្ធ ចំពោះមុខ​ទំនិញ មួយចំនួន ក្រោម​ក្របខ័ណ្ឌ​អនុគ្រោះ​ពន្ធ «​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ (EBA)»​។​

​សេចក្ដី​នៃ​លិខិត​នេះ បាន​គូសបញ្ជាក់​អំពី​មុខទំនិញ​ចំនួន​៤០ (​សែសិប​) មុខ​នៃ​បន្ទាត់​ពន្ធ ៦ (​ប្រាំមួយ​) ខ្ទង់ ដែល​ផលិត​នៅ​កម្ពុជា​ហើយ​មាន​សមត្ថភាព​ប្រកួតប្រជែង ដែល​អ្នក​នាំចេញ​កម្ពុជា​មានលទ្ធភាព​អាច​បង់ពន្ធ​នាំចេញ ទៅកាន់​ទីផ្សារ​អឺរ៉ុប​។ ទន្ទឹម​នោះ នៅសល់​មុខទំនិញ​ប្រមាណ​ជាង ៩.០០០ (​ប្រាំបួន​ពាន់​) មុខ​ទៀត នៅតែ​ទទួល បាន​ភាពអនុគ្រោះ​ពី​សហភាព​អឺរ៉ុប​ក្រោម​ប្រព័ន្ធ​គ្រប់មុខ​ទំនិញ​លើកលែង​សព្វាវុធ (EBA) ក្នុង​គោលបំណង​បន្ត ជួយ​ដល់​កម្ពុជា​ក្នុង​ការធ្វើ​ពិពិធ​កម្ម​សេដ្ឋកិច្ច រក្សា​ការងារ និង​ប្រភព​ចំណូល​ជូន​កម្មករ​-​កម្មការិនី និង​ក្រុមគ្រួសារ​។​

​តាម​នីតិវិធី​នៃ​បទ​ប្បញ្ញត្តិ​ស្ដីពី​ក្របខ័ណ្ឌ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហភាព​អឺរ៉ុប មុខទំនិញ​ដែល​បានស្នើ​សុំ​ព្យួរ សម្បទាន​ពន្ធ​ជា​បណ្ដោះអាសន្ន​ចំនួន ៤០ មុខ​ខាងលើ នឹងត្រូវ​ដាក់ជូន​ក្រុមប្រឹក្សា​អឺរ៉ុប និង​សភា​អឺរ៉ុប ពិនិត្យ​លើ ទម្រង់ និង​គតិ​ច្បាប់ ដែល​ត្រូវ​ប្រើ​ពេលវេលា​ប្រមាណ ២ (​ពីរ​)​ខែ​ជា​បន្តទៀត ចាប់ពី​ថ្ងៃទី​១២ ខែកុម្ភៈ ឆ្នាំ​២០២០​។ ក្នុងន័យនេះ សភា​អឺរ៉ុប​មាន​សិទ្ធិ​ជំទាស់​ទៅនឹង​សេចក្ដីស្នើច្បាប់​សុំ​ព្យួរ​ជា​បណ្ដោះអាសន្ន​របស់​គណៈ​កម្ម​ការ​អឺរ៉ុប​។ ក្នុងករណី​ចាំបាច់ សភា​អឺរ៉ុប​អាច​ប្រើ​ពេលវេលា ២ (​ពីរ​)​ខែ​បន្ថែមទៀត ដើម្បី​ធ្វើការ​ពិចារណា​។​

​តាម​ការពិគ្រោះ​យោបល់​ជាមួយ​តំណាង​រោងចក្រ​ដែល​កំពុង​ផលិត​និង​នាំចេញ​ផលិតផល​ទាំង ៤០​មុខ ទៅ កាន់​ទីផ្សារ​អឺរ៉ុប ឃើញថា បើ​មានការ​សម្រេច​ឲ្យ​ព្យួរ​សម្បទាន​ពន្ធ​ជា​បណ្ដោះអាសន្ន​នៅ​ចុងឆ្នាំ​២០២០ មែន​នោះ បណ្ដា​រោងចក្រ​ទាំងនោះ នៅតែមាន​លទ្ធភាព​បន្ត​ផលិតកម្ម​នៅ​កម្ពុជា ដើម្បី​នាំចេញ​ទៅកាន់​ទីផ្សារ​អឺរ៉ុប​ដដែល ដោយសារ រាជរដ្ឋាភិបាល​បាន និង​កំពុង​អនុវត្ត​នូវ​កំណែទម្រង់​មុត​ស្រួច​ជា​កញ្ចប់ ដែល​បាន​ដាក់ចេញ​ក្នុង​វេទិកា រវាង​រាជរដ្ឋាភិបាល និង​វិស័យ​ឯកជន កាលពី​ថ្ងៃទី​២៩ ខែមីនា ឆ្នាំ​២០១៩​។​

​សេចក្ដី​ដូច​បាន​ជម្រាបជូន​ខាងលើ សូម​សាធារណជន​មេត្តា​ជ្រាប និង​ផ្ដល់​ទំនុកចិត្ត​ទៅលើ​ការដឹកនាំ​របស់​រាជរ​ដ្ឋា​ភិ​បាល​៕

អត្ថបទដែលជាប់ទាក់ទង