ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

​លទ្ធផល​នៃ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​

138

 

​ភ្នំពេញ​៖ ក្រសួង​សេដ្ឋកិច្ច​បានចេញ ​សេចក្តីប្រកាស​ព័ត៌មាន​កិច្ចប្រជុំ​ចង្អៀត​គណៈកម្មាធិការ​គោល​នយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ស្តីពី​លទ្ធផល​នៃ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន និង​គោលការណ៍​សម្រាប់​ការចរចា​បន្ត ។ កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​ទ្វេភាគី កម្ពុជា​-​ចិន ដែល​ផ្ដួច​ផ្ដើមគំនិត​ដោយ​សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី​នៃ​កម្ពុជា និង​លោក លី គឺ​ជាំ​ង នាយករដ្ឋមន្ត្រី​ចិន ក្នុង​គោលបំណង​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម​វិនិយោគ​សេវា និង​កិច្ចសហប្រតិបត្តិការ ឲ្យ​កាន់តែ​ស៊ីជម្រៅ​ជាង​មុន គ្រោង​បញ្ចប់​ការចរចា និង​ចុះហត្ថលេខា នៅ​ដំណាច់ឆ្នាំ ២០២០​នេះ​។​

​បើតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំ​ធ្វើឡើង នា​ថ្ងៃទី​១៣ ខែកុម្ភៈ ឆ្នាំ​២០២០ នៅ​ទីស្ដីការក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្រោម​ការដឹកនាំ​របស់​លោក អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​ប្រធាន​គណៈកម្មាធិការ គោលនយោបាយ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ (​គ​.​ស​.​ហ​)​។​

​ដោយ​ក្នុងនោះ មានការ​អញ្ជើញ​ចូលរួម ពី​លោក លោកស្រី រដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន ពាក់ព័ន្ធ ព្រមទាំង​សមាជិក​ក្រុមការងារ​ចរចា​របស់​កម្ពុជា ដើម្បី​ពិនិត្យ និង​ពិភាក្សា​លើ​លទ្ធផល នៃ​ការចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន ជុំ​ទី​១ ដែល​បាន​ប្រព្រឹត្តទៅ កាលពី​ថ្ងៃទី ២០-២១ ខែមករា ឆ្នាំ​២០២០ នៅ​ទីក្រុង​ប៉េកាំង សាធារណរដ្ឋ​ប្រជាមានិត​ចិន កន្លងទៅ​ថ្មីៗ​នេះ ក៏ដូចជា​ផ្តល់​គោលការណ៍​ណែនាំ សម្រាប់​ការចរចា​នៅ​ជុំ​បន្តបន្ទាប់​។​

​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន​នេះ ត្រូវបាន​បង្កើតឡើង​ក្នុង​គោលបំណង​ពង្រីក​ការធ្វើ​ពាណិជ្ជកម្ម វិនិយោគ សេវា និង​កិច្ចសហប្រតិបត្តិការ កាន់តែ​ស៊ីជម្រៅ រវាង ប្រទេស​ទាំងពីរ ។​

​ការ​ឈានដល់​ដំណាក់កាល នៃ​ចរចា​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​នេះ បាន​ឆ្លុះបញ្ចាំង​យ៉ាងច្បាស់​អំពី ការវិវត្តន៍​យ៉ាង​ឆាប់រហ័ស​នូវ​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ដ៏​ស្អិតរ​មួ​ត និង​រឹងមាំ​រវាង​ប្រទេស​ទាំងពីរ​លើ​គ្រប់​វិស័យ ដែល​បច្ចុប្បន្ននេះ បាន​ឈានដល់​កិច្ចសហប្រតិបត្តិការ ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ​។​

​បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ ក៏បាន​បង្ហាញ​អំពី​ការគិតគូរ និង​ការយកចិត្ត​ទុក​ខ្ពស់ របស់​ថ្នាក់ដឹកនាំ​ទាំងពីរ លើ​ការលើកកម្ពស់​ជីវភាព​ប្រជាពលរដ្ឋ នៃ​ប្រទេស​ទាំងពីរ តាមរយៈ​ការជំរុញ​ពាណិជ្ជកម្ម និង​បង្កើត​ឱកាស​ការងារ​។​
​កិច្ចព្រមព្រៀង​នេះ នឹង​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ភាព​កាន់តែ​សំបូរបែប ក្នុងការ​នាំចេញ​ផលិតផល​របស់ខ្លួន ទៅ​ទីផ្សារ​របស់​ចិន​ទាំង​បរិមាណ និង​មុខទំនិញ តាមរយៈ​ការ​ផ្តល់នូវ​ការអនុគ្រោះ​ពន្ធ​ប្រសើរ​ជាង​មុន​។​

​បន្ថែម​ពីនេះ កិច្ចព្រមព្រៀង​នេះ ក៏​នឹងធ្វើ​ឲ្យ​ប្រសើរឡើង​នូវ​កិច្ច​សម្រួល​ពាណិជ្ជកម្ម តាមរយៈ​ការជួយ​សម្រួល និង​កាត់បន្ថយ​បែបបទ នីតិវិធី និង​វិធានការ​នានា ដែល​មិនចាំបាច់ និង​ធ្វើ​ឲ្យ​រាំងស្ទះ ដល់​លំហូរ​ពាណិជ្ជកម្ម​ទំនិញ​។​

​ចំពោះ​ការវិនិយោគ កិច្ចព្រមព្រៀង​នេះ នឹងចូលរួម​ចំណែក​ប​ង្ក​លក្ខណៈ​ងាយស្រួល ដល់​វិនិយោគិន​ដែលមាន​ស្រាប់ ក្នុងការ​ព​ង្រឹ​ក​ប្រតិបត្តិការ​របស់ខ្លួន និង​ទាក់ទាញ​វិនិយោគ​ថ្មីៗ បន្ថែមទៀត​មក​កម្ពុជា ដែល​នឹង​បង្កើត​ការងារ​ថ្មី បន្ថែម​ជូន​ប្រជាពលរដ្ឋ តាមរយៈ​ការកែលម្អ កិច្ចការ​ពាក់ព័ន្ធ​នឹង​ការជំរុញ និង​សម្រួល​វិនិយោគ​។​

​កត្តា​ទាំងអស់នេះ នឹងចូលរួម​ចំណែក នៅក្នុង​ការអភិវឌ្ឍន៍ និង ទ្រទ្រង់​កំណើន​សេដ្ឋកិច្ចជាតិ​ក៏ដូចជា​ព​ន្លឿ​ន​ដំណើរការ នៃ​ការធ្វើ​សមារ​ហណកម្ម​សេដ្ឋកិច្ចកម្ពុជា ទៅក្នុង​តំបន់ និង សកលលោក​។​

​អង្គប្រជុំ បានធ្វើការ​កត់សម្គាល់ និង​វាយតម្លៃ​ខ្ពស់​លើ​វឌ្ឍនភាព​នៃ​ការចរចា​ជុំ​ទី​១ នេះ និង​បានផ្តល់ គោលការណ៍​ណែនាំ​ដល់​ក្រុមការងារ​ចរចា ដើម្បី​ជា​មូលដ្ឋាន​រឹងមាំ សម្រាប់​ការចរចា​នៅ​ជុំ​បន្តបន្ទាប់ សំដៅ​បញ្ចប់ ការចរចា​លើ​កិច្ចព្រមព្រៀង​ទាំងមូល​ឲ្យ​ឆាប់ ស្របតាម​ការណែនាំ និង​ការចង់បាន​របស់​ប្រមុខ​រដ្ឋាភិបាល​នៃ​ប្រទេស​ទាំងពីរ​។​
​ក្រៅពីនេះ អង្គប្រជុំ ក៏បាន​ឯកភាព​លើ​គម្រោង បញ្ចប់​ការចរចា​លើ​កិច្ចព្រមព្រៀង​ពាណិជ្ជកម្ម​សេរី​កម្ពុជា​-​ចិន នៅ​ពាក់កណ្តាល​ឆ្នាំ ២០២០ ខាងមុខនេះ និង​គ្រោង​ចុះហត្ថលេខា នៅ​ដំណាច់ឆ្នាំ ២០២០​។​

​លោក​អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី ប្រធាន​អង្គប្រជុំ បាន​ថ្លែងអំណរគុណ ដល់​ថ្នាក់ដឹកនាំ​នៃ​ក្រសួង​-​ស្ថាប័ន​ពាក់ព័ន្ធ ជាពិសេស សមាជិក​ក្រុមការងារ ចរចា​របស់​កម្ពុជា ដែល​បាន​ខិតខំ និង​ចូលរួម​យ៉ាងសកម្ម ក្នុងការ​រៀបចំ និង​ជួយ​គាំទ្រ​ដល់​ដំណើរការ នៃ​ការចរចា​កិច្ចព្រមព្រៀង​នេះ និង​បាន​ជំរុញ​លើកទឹកចិត្ត​ដល់ ក្រុមការងារ​ចរចា​ឲ្យ​ខិតខំ​បន្ថែមទៀត សម្រាប់​ត្រៀម​ចរចា​នៅ​ជុំ​បន្ទាប់ ដោយ​ប្រកាន់​ភ្ជាប់​នូវ​គោលការណ៍​ណែនាំ ក៏ដូចជា បិទ​បញ្ចប់​ការចរចា តាម​កាលបរិច្ឆេទ​ដែល​បានគ្រោង​ទុក​៕​

អត្ថបទដែលជាប់ទាក់ទង