ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នាវាទេសចរណ៍ COSTA FORTUNA ផ្ទុកអ្នកដំណើរ ២ ១០១នាក់ ចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ

13

 

 

នាវាទេសចរណ៍ COSTA FORTUNA ផ្ទុកអ្នកដំណើរ ២ ១០១នាក់ ចូលចតនៅ កំពង់ផែស្វយ័តក្រុងព្រះសីហនុ គឺជាការចេញ-ចូលជាប្រក្រតី អនុលោមតាម លិខិតអនុញ្ញាតចេញចូលនាវា (Entry Permit) របស់ក្រសួងសាធារណការ និងដឹកជញ្ជូន និងការអនុវត្តតាមកាលវិភាគធ្វើដំណើររបស់ខ្លួន។

នាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២០ នាវាCOSTA FORTUNA សញ្ជាតិអ៊ីតាលីមួយគ្រឿង ផ្ទុកអ្នកដំណើរ ២ ១០១នាក់ មានលេខសម្គាល់៩២៣៩៧៨៣ បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

ដើម្បីធានាបញ្ចៀសនូវការភាន់ច្រឡំ ដោយប្រការណាមួយ អំពីការចុះផ្សាយ និងមតិសាធារណជន ក្រសួងសាធារណការ និងដឹកជញ្ជូន មានកិត្តិយស សូមជម្រាបជូនថា៖ ការចូលចតនាវានេះត្រូវបានធ្វើតាមទម្លាប់ធម្មតា និងមានការអនុញ្ញាតជាផ្លូវការ ពីក្រសួងសាធារណការ និងដឹកជញ្ជូន តាមរយៈលិខិតលេខ. ២២៤ សក.ដជទ ចុះថ្ងៃទី៣០ ខែមករា ឆ្នាំ២០២០។

ក្នុងចំណោមអ្នកដំណើរសរុបមានចំនួន ១ ១០៩នាក់ បានចុះនៅកំពុងផែស្វយ័តក្រុងព្រះសីហនុ ក្នុងគោលបំណង ដើរទេសចរណ៍ក្នុងបំបន់ឆ្នេរកម្ពុជា និងក្នុងគោលបំណងផ្សេងៗ។ មុនពេលចាកចេញពីនាវា ក្រុមការងាររបស់ក្រសួងសុខាភិបាលកម្ពុជា បានធ្វើការពិនិត្យសុខភាព និងវាស់កម្តៅបានយ៉ាងហ្មត់ចត់ត្រឹមត្រូវ ដើម្បីធានាសុវត្ថិភាពពីការចម្លងជម្ងឺកូរ៉ូណាថ្មី COVID-19 មកកាន់មនុស្សក្នុងតំបន់។ នាល្ងាចនេះដែរ អ្នកដំណើរនឹងឡើងលើនាវាវិញ ជាមួយនឹងការពិនិត្យសុខភាពជាថ្មី មុននឹងចេញដំណើរទៅប្រទេសគោលដៅបន្ទាប់ តាមកាលវិភាគដូចបានជូនភ្ជាប់។

សូមជម្រាបជូនថា នៅក្នុងកាលវិភាគធ្វើដំណើរ នាវានេះបានចេញដំណើរ មកពីប្រទេសសឹង្ហបុរី ហើយបានចូលមកកម្ពុជាកាលពីថ្ងៃទី០២ កុម្ភៈ រួចបន្តដំណើរទៅប្រទេសមួយចំនួនរួមមានសឹង្ហបុរី ម៉ាឡេស៊ី និង ថៃ។ ថ្មីៗនេះ នាវា COSTA FORTUNA បានចាកចេញពីកំពង់ផែ ឡាំចាបាំងប្រទេសថៃ មកកម្ពុជាវិញ នាម៉ោង៩ព្រឹក ថ្ងៃទី១៦ ខែកុម្ភៈ មុនពេលចេញដំណើរ នៅម៉ោង៦ ល្ងាចនាថ្ងៃដដែលនេះ ដើម្បីឆ្ពោះទៅកាន់ប្រទេសសឹង្ហបុរី និងម៉ាឡេស៊ីវិញ។

សម្រាប់ព័ត៌មានអំពីនាវាចេញចូល កំពង់ផែស្វយ័តក្រុងព្រះសីហនុ សូមតាមដានការចុះផ្សាយលើទំព័រហ្វេសប៊ុក ផ្លូវការរបស់កំពង់ផែ ដែលមានអាសយដ្ឋាន https://www.facebook.com/pas.gov.kh ។

អាស្រ័យហេតុនេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាជ្រាបជាព័ត៌មាន និងសូមបណ្តាញសារព័ត៌មាន មេត្តាចូលរួមផ្សព្វផ្សាយដំណឹងនេះបន្តតាមការគួរ៕

អត្ថបទដែលជាប់ទាក់ទង