ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានី អញ្ជើញទទួលស្វាគមន៍ ភ្ញៀវទេសចរដែលចុះពីលើនាវា Westerdam ដើរទស្សនាតំបន់រាជធានីភ្នំពេញ ខណៈពួកគាត់ស្នាក់នៅសណ្ឋាគារសុខា រ៉េស៊ីដង់

107

ភ្នំពេញ៖ ភ្ញៀវទេសចរលើនាវា Westerdam ចំនួន១២០នាក់ ក្នុងចំណោម៦២០នាក់ដែលកំពុងស្នាក់នៅសណ្ឋាគារសុខា រ៉េស៊ីដង់ភ្នំពេញ ខណ្ឌជ្រោយចង្វា នារសៀលថ្ងៃច័ន្ទ ទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២០ នេះ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ លោកមាន ចាន់យ៉ាដា លោកកើត ឆែ និងលោកនួន ផារ័ត្ន អភិបាលរងរាជធានីភ្នំពេញ បានអញ្ជើញ ទៅទទួលស្វាគមន៍ និងបាននាំពួកគាត់ដើរ ទស្សនាតំបន់មួយចំនួននៅក្នុងរាជធានីភ្នំពេញ ក្រោយពីពួកគាត់
ចុះពីលើនាវា Westerdam មកស្នាក់នៅសណ្ឋាគារ សុខារ៉េស៊ីដង់ ភ្នំពេញ ។
មន្ត្រីរដ្ឋបាលរាជធានីភ្នំពេញ បានឲ្យដឹងថា ក្នុង
ដំណើរទស្សនកិច្ចនេះ នឹងនាំជនបរទេសដែលចុះពីនាវា Westerdam ហើយបន្តសម្រាក នៅសណ្ឋាគារសុខា រ៉េស៊ីដង់ភ្នំពេញ ដើម្បីទស្សនកិច្ចតាមរមណីយដ្ឋាន តាមដងទន្លេ មុខ ព្រះបរមរាជវាំង និងកន្លែងផ្សេងៗទៀត មុនពេលដែលត្រឡប់ ទៅកាន់ប្រទេសរបស់ពួកគេវិញ ។ ការជូនជនបរទសធ្វើទស្សនកិច្ចនេះ ដើម្បីចង់បង្ហាញពីភាពរីកចំរើន របស់រាជធានីភ្នំពេញផងដែរ។
រដ្ឋបាលរាជធានីភ្នំពេញតែងបានយកចិត្តទុកដាក់ចំពោះបងប្អូនជនបរទេសទាំង៤២ប្រទេស ដោយកាលថ្ងៃទី១៤ ខែកុម្ភៈ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានអញ្ជើញ ទទួលស្វាគមន៍ភ្ញៀវទេសចរដែលជិះលើនាវា Westerdam ប្រមាណ៥០០នាក់ នៅព្រលានយន្តហោះ អន្តរជាតិភ្នំពេញបន្ទាប់ពីពួកគេត្រូវបានអនុញ្ញាតឲ្យចាកចេញពីនាវានិង ធ្វើដំណើរត្រឡប់ទៅប្រទេសកំណើតវិញ។ ជនបរទេសទាំងនេះ ត្រូវបានឆ្លងកាត់ការត្រួតពិនិត្យសុខភាព យ៉ាងម៉តចត់ ពីមន្ត្រីក្រសួងសុខាភិបាលថា គ្មាន រោគសញ្ញាពាក់ព័ន្ធនឹងវីរុស Covid-19 នោះឡើយ ក្រោយចុះកប៉ាល់ទេសចរ Westerdam ដឹកមនុស្សសរុបជាង ២,២០០នាក់ បានចាកចេញពីទីក្រុងហុងកុង ប្រទេសចិន កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២០ ប៉ុន្តែត្រូវបានអាជ្ញាធរ កោះតៃវ៉ាន់ ហ្វីលីពីន ជប៉ុន កូរ៉េខាងត្បូង កោះហ្គាំ(អាមេរិក) និងប្រទេសថៃ បដិសេធមិនឲ្យចូលចតឡើយ ។ដោយសារតែការព្រួយបារម្ភថា ក្នុងចំណោមមនុស្សរាប់ពាន់នាក់នៅលើនោះ អាចមានផ្ទុកវីរុសកូរ៉ូណាថ្មី (Covid-19)។
យោងតាមបញ្ជី អ្នកដំណើរបង្ហាញថា នាវាទេសចរខ្នាតយក្សនេះ ផ្ទុកអ្នកទេសចរចំនួន ៤២ ជាតិសាសន៍ ក្នុងនោះជន ជាតិអាមេរិកច្រើនជាងគេ មានរហូតដល់៦៥១នាក់ ជនជាតិកាណាដា២៧១នាក់ អង់គ្លេស១២៧នាក់ និងជាតិសាសន៍ ដទៃ ក្នុងនោះមានជនជាតិខ្មែរ ដែលចូលសញ្ជាតិកាណាដា ចំនួន៥នាក់ផងដែរ។
គួររំលឹកថានៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអញ្ជើញទៅកាន់ខេត្តព្រះសីហនុ ដើម្បីជួបស្វាគមន៍ដោយផ្ទាល់ ជាមួយអ្នកទេសចរចម្រុះជាតិសាសន៍ ជាង២ពាន់នាក់ នៅលើនាវាទេសចរណ៍ Westerdam របស់សហរដ្ឋអាមេរិក បន្ទាប់ពីត្រូវបានអនុញ្ញាត ឱ្យចូលចតនៅកំពង់ផែ ក្រុងព្រះសីហនុនិងចាកចេញពីនាវាដើម្បីធ្វើដំណើរមកកំសាន្ត នៅរាជធានីភ្នំពេញផងដែរ៕

 

អត្ថបទដែលជាប់ទាក់ទង