ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងការសាងសង់ផ្លូវ លេខ៥៨ដើម្បីធ្វើឱ្យផ្លូវនេះមានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង

178

ផ្លូវលេខ៥៨នេះមានប្រវែងសរុបចំនួន១៧៤,៤៧៨គីឡូម៉ែត្រ និងទទឹង១២ម៉ែត្រ សាងសង់ឡើងក្រោមប្រាក់កម្ចី សម្បទានពីរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន រួមជាមួយនឹងថវិកាបដិភាគរបស់រាជរដ្ឋាភិបាល កម្ពុជាសរុបប្រមាណជាង១២២លានដុល្លារសហរដ្ឋអាមេរិក ជាប្រភេទផ្លូវDBST គិតចាប់ពីផ្លូវបំបែកផ្លុង ភូមិផ្អុង សង្កាត់កូនក្រៀល ក្រុងសំរោង ខេត្តឧត្តរមានជ័យ រហូតដល់ផ្លូវជាតិលេខ៥ ចំណុចភូមិផ្សារ កណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ថ្ងៃអង្គារ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ ២០១៨ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការនិង ដឹកជញ្ជូន បានដឹកនាំគណៈប្រតិភូក្រសួង អមដោយតំណាងក្រុមហ៊ុនម៉ៅការសាង សង់ ក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស និងមន្ត្រីនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តឧត្តរមានជ័យ និងបន្ទាយមានជ័យ អញ្ជើញចុះត្រួតពិនិត្យលក្ខណៈបច្ចេកទេស និងស្ថានភាពសាងសង់កំណាត់ផ្លូវជាតិលេខ៥៨ ដែលកំពុង សាងសង់ដោយក្រុមហ៊ុន Shanghai Construction Group Co., Ltd ក្រោមការត្រួតពិនិត្យលក្ខណៈ បច្ចេកទេសពីក្រុមហ៊ុន Guangzhou Wanna Construction Supervision Co., Ltd នៃសាធារណរដ្ឋ ប្រជាមានិតចិន។

គម្រោងផ្លូវនេះបានចាប់ដំណើរការបើកការដ្ឋានសាងសង់នៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥ និងគ្រោងនឹង បញ្ចប់ការសាងសង់នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០១៨ ដែលរហូតមកដល់ពេលនេះក្រុមហ៊ុនសាងសង់ សម្រេចជិត១០០ភាគរយហើយ។

ជាលទ្ធផលនៃការចុះត្រួតពិនិត្យនេះ លោក ទេសរដ្ឋមន្ត្រី បានពិនិត្យឃើញមានបញ្ហាបច្ចេកទេសមួយ ចំនួនទាក់ទងនឹងការសាងសង់ ហើយបានណែនាំឲ្យក្រុមហ៊ុនម៉ៅការសាងសង់ ក្រុមហ៊ុនទីប្រឹក្សាបច្ចេក ទេស និងភាគីពាក់ព័ន្ធទទួលខុសត្រូវកែសម្រួលលក្ខណៈបច្ចេកទេសឱ្យបានត្រឹមត្រូវ ដើម្បីធ្វើឱ្យផ្លូវនេះ មានគុណភាពរឹងមាំ និងប្រើប្រាស់ជាប់បានយូរអង្វែង ជាងនេះទៅទៀត ឯកឧត្តមទេសរដ្ឋមន្ត្រី បានគូសបញ្ជាក់ថា៖ មន្ត្រីបច្ចេកទេសសាងសង់របស់ក្រសួង ត្រូវដើរពិនិត្យមើលផ្លូវ មិនត្រូវជិះឡានមើល ផ្លូវទេ។

ផ្លូវនេះជាសសៃឈាមសេដ្ឋកិច្ចមួយយ៉ាងសំខាន់សម្រាប់ការតភ្ជាប់ទំនាក់ទំនង សមាហរណកម្មផ្ទៃក្នុង ក៏ដូចជាការសម្រួលដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋបានងាយស្រួលនិងឆាប់រហ័ស និងរួមចំណែក ដល់ការប្រែក្លាយតំបន់សក្តានុពលផ្នែកកសិកម្ម ពិសេសតំបន់ដាច់ស្រយាលជាប់ព្រំដែនកម្ពុជាថៃ ដែលអាចតភ្ជាប់មកកាន់ទីប្រជុំជនបានងាយស្រួល ជាពិសេសជាងនេះទៀត ផ្លូវនេះជួយធ្វើឱ្យប្រសើរ ឡើងដល់ការតភ្ជាប់រវាងកម្ពុជានិងបណ្តាប្រទេសជិតខាងជួយដល់ ការសម្របសម្រួលការធ្វើពាណិជ្ជកម្ម ឆ្លងកាត់ព្រំដែន ការវិនិយោគ និងជំរុញដល់ការអភិវឌ្ឍទេសចរណ៍ និងកសិកម្មផងដែរ៕

អត្ថបទដែលជាប់ទាក់ទង