ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

នៅក្នុង​អាណត្តិ​ការទូត​នៅ​ក​ម្ព​ជា លោកទូត​អា​រ៉ា​ប៊ី​សា​អូឌីត​បាន​ត្រៀម ខ្លួន​ជានិច្ច​ក្នុងការ​ពិភាក្សា​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា

80

 

​ភ្នំពេញ​៖ លោក Saud F.M Al Suwelim ឯកអគ្គរដ្ឋទូត​អា​រ៉ា​ប៊ី​សា​អូឌីត បាន​អះអាងថា នៅក្នុង​អាណត្តិ​ការទូត​នៅ​ក​ម្ព​ជា លោក​បាន​ត្រៀម ខ្លួន​ជានិច្ច​ក្នុងការ​ពិភាក្សា​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ ក្នុងនោះ​ក៏មាន​វិស័យ​សន្តិសុខ​ដែល​ស្ថិតក្រោម​ក្រសួងមហាផ្ទៃ​។​

​នៅ​រសៀល​ថ្ងៃ​អង្គារ ទី​១៨ ខែកុម្ភៈ ឆ្នាំ​២០២០​នេះ សម្ដេច​ក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានអនុញ្ញាត​ជូន​លោក Saud F.M Al Suwelim ឯកអគ្គរដ្ឋទូត​វិសាមញ្ញ និង​ពេញ​សមត្ថភាព នៃ​ព្រះរាជាណាចក្រអា​រ៉ា​ប៊ី​សា​អូឌីត ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ចូលជួប​សម្ដែង​ការគួរសម និង​ពិភាក្សា​ការងារ នៅ​ទីស្ដីការ​ក្រសួងមហាផ្ទៃ​។​

​ជា​កិច្ច​ចាប់ផ្ដើម​នៃ​ជំនួប សម្ដេច​ក្រឡាហោម ស ខេង បាន​សម្ដែង​ការស្វាគមន៍​ចំពោះ​វត្ត​មាននៃ​ការ​មក​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​របស់លោក និង​បានបង្ហាញ​ក្ដី​ជឿជាក់ថា​វត្តមាន​របស់​លោក នឹង​រួមចំណែក​ដល់​កា​រលើ​កម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​រ​វាង​ប្រទេស​ទាំងពីរ​ឱ្យ​កាន់តែ​រីកចម្រើន និង​ទូល​លំ​ទូលាយ​បន្ថែមទៀត​។​

​សម្ដេច​បាន​មានប្រសាសន៍ថា បើទោះបី​រហូតមកដល់​ពេលនេះ ប្រទេស​ទាំងពីរ​មិនទាន់មាន​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​ជាច្រើន​ជាមួយគ្នា​ក៏ពិតមែន ប៉ុន្តែ​សម្ដេច​មាន​ក្ដី​សង្ឃឹមថា​នៅក្នុង​ពេលវេលា​អនាគត ប្រទេស​ទាំងពីរ​នឹង​អាច​រកឃើញ​វិស័យ​សម្រាប់​បង្កើត​កិច្ចសហប្រតិបត្តិការ​បន្ថែម​ទៀត​ដើម្បី​បំរើ​ដល់​ផលប្រយោជន៍​ទៅវិញទៅមក​សម្រាប់​សង្គម​ជាតិ​នៃ​ប្រទេស​ទាំងពីរ​។​

​សម្ដេច​ក៏បាន​ថ្លែងអំណរគុណ​ជូន​រាជរដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត ដែល​កន្លងមក​បាន​ជួយ​គាំទ្រ​ដល់​ការបណ្ដុះបណ្ដាល​ធនធាន​មនុស្ស​កម្ពុជា តាមរយៈ​ការផ្ដល់​អាហារូបករណ៍​ផ្សេងៗ ពោលគឺ​មិន​ត្រឹមតែ​និស្សិត​ខ្មែរឥស្លាម​ប៉ុណ្ណោះ​ទេ និស្សិត​ផ្សេងទៀត​ក៏មាន​ឱកាស​ទទួលបាន​នូវ​អាហារូបករណ៍​នេះដែរ​។​
​សម្ដេច​ក៏បាន​ជម្រាបជូន​ដែរ​ថា​រាជរដ្ឋាភិបាល​កម្ពុជា បាន​ប្រកាន់ខ្ជាប់​នូវ​ការខិតខំ​ធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់ បាន​ប្រតិបត្តិ​តាម​ជំនឿ​សាសនា​រៀងៗ​ខ្លួន និង​រស់នៅ​ជាមួយគ្នា​ប្រកបដោយ​ភាពសុខដុមរមនា ហើយ​រាជរដ្ឋាភិបាល​តែងតែ​ជំរុញ​លើកទឹកចិត្ត​ដល់​គ្រប់​សាសនា​ទាំងអស់​ចូលរួម​ក្នុង​សកម្មភាព​អភិវឌ្ឍន៍​សង្គម ទប់ស្កាត់​បទល្មើស​គ្រឿងញៀន និង​បទល្មើស​ជួញដូរ​មនុស្ស​ជាដើម​។​

​លោក ឯកអគ្គរដ្ឋទូត​ក៏បាន​មានប្រសាសន៍​ជម្រាប​សម្ដេច​ក្រឡាហោម ស ខេង ដោយបាន​សម្ដែង​ការអបអរសាទរ​ចំពោះ​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​បាន​ផ្ដល់ឱកាស​ជូន​ពលរដ្ឋ​បាន​ប្រតិបត្តិ​តាម​ជំនឿ​សាសនា​រៀងៗ​ខ្លួន ដែល​លោក ចាត់ទុកថា​នេះហើយ​គឺជា​ប្រជាធិបតេយ្យ​ពិតប្រាកដ និង​សូម​កោតសរសើរ​កម្ពុជា​ដែល​បាន​ការពារ​យ៉ាងរឹងមាំ​នូវ​សុខសន្តិភាព និង​ការអភិវឌ្ឍ​សេដ្ឋកិច្ច និង​សង្គម​។​

​លោក ក៏បាន​ជម្រាប​សម្ដេច​ដែរ​ថា រាជរដ្ឋាភិបាល​អា​រ៉ា​ប៊ី​សា​អូឌីត មាន​គោលនយោបាយ​ប្រឆាំង​ដាច់ខាត​ចំពោះ​អំពើ​ជ្រុលនិយម ឬ​ភេ​វរ​កម្ម និង​បាន​ជួយ​ជ្រោមជ្រែង​ក្នុង​កិច្ចការ​ប្រឆាំង​អំពើ​ទាំងនេះ រហូតដល់​មានការ​គាំទ្រ​ពី​អង្គការសហប្រជាជាតិ​។

​លោក បាន​បន្ថែមថា នៅក្នុង​អាណត្តិ​ការទូត​នៅ​ក​ម្ព​ជា លោក​ត្រៀម ខ្លួន​ជានិច្ច​ក្នុងការ​ពិភាក្សា​ធ្វើការ​ជាមួយ​ភាគី​កម្ពុជា ដើម្បី​បង្កើត​កិច្ចសហប្រតិបត្តិការ​លើ​វិស័យ​ផ្សេងៗ ក្នុងនោះ​ក៏មាន​វិស័យ​សន្តិសុខ​ដែល​ស្ថិតក្រោម​ក្រសួងមហាផ្ទៃ​ដែរ​។​

​លោក ក៏បាន​បង្ហាញ​បំណង និង​ស្នើ​សម្ដេច ឱ្យមាន​ការបង្កើតឡើង​នូវ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​សម្រាប់​កិច្ចសហប្រតិបត្តិការ​រ​វាង​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ទាំងពីរ និង​បាន​សម្ដែង​ការស្វាគមន៍​ក្នុងការ​បង្កើតឱ្យមាន​កា​រ​ផ្លាស់ប្ដូរ​គណៈប្រតិភូ​កម្រិត​មន្ត្រី​ជំនាញ និង​ជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​កម្ពុជា ជាមួយ​សម​ភាគី​អា​រ៉ា​ប៊ី​សា​អូឌីត ដើម្បី​លើកកម្ពស់​ទំនាក់ទំនង និង​កិច្ចសហប្រតិបត្តិការ​ក្នុង​វិស័យ​សន្តិសុខ​។​

​ជាការ​ឆ្លើយតប​សម្ដេច​ក្រឡាហោម ស ខេង បាន​ថ្លែងអំណរគុណ​ចំពោះ​បំណង​ដ៏​ល្អ​របស់​ឯកឧត្តម​ឯកអគ្គរាជទូត​ដែល​ចង់​បង្កើតឱ្យមាន​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែច្រើន​បន្ថែមទៀតរ​វាង​ប្រទេស​ទាំងពីរ ពិសេស​ជាមួយ​ក្រសួងមហាផ្ទៃ​ផ្ទាល់​តែម្ដង ដើម្បី​បំរើ​ផលប្រយោជន៍​ជាតិ និង​ប្រជាជន​ប្រទេស​ទាំងពីរ​។​
​សម្ដេច​ក្រឡាហោម​ក៏បាន​បង្ហាញ​ការឯកភាព​ដែរ​ថា ប្រទេស​ទាំងពីរ ពិត​មានឱកាស​បង្កើត​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ទូលំទូលាយ​ជាង​នេះ​បន្ថែមទៀត ពិសេស​ក្នុង​វិស័យ​សន្តិសុខ​ដែល​ស្ថិតក្រោម​ក្រសួងមហាផ្ទៃ​នៃ​ប្រទេស​ទាំងពីរ​ផ្ទាល់​។ សម្ដេច​ក៏បាន​បញ្ជាក់​ពី​ការត្រៀមខ្លួន​ផ្ដល់​ការគាំទ្រ និង​សម្របសម្រួល​តាម​សំណូមពរ​ផ្សេងៗ​របស់​ស្ថានទូត​អា​រ៉ា​ប៊ី​សា​អូឌីត​ទៅតាម​សមត្ថកិច្ច​របស់​ក្រសួង និង​បាន​ជូនពរ​ឯកឧត្តម​ទទួលបាន​ជោគជ័យ​ក្នុងការ​បំពេញបេសកកម្ម​ការទូត​នៅ​កម្ពុជា​៕

អត្ថបទដែលជាប់ទាក់ទង