ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

លើកកម្ពស់ការចូលរួម ប្រកបដោយ ប្រសិទ្ធភាពក្នុងការងារកូដិចនៅកម្ពុជាដើម្បីពង្រឹងស្តង់ដារ គុណភាពនិងសុវត្ថិភាពម្ហូបអាហារ

110

ភ្នំពេញ៖អគ្គនាយកដ្ឋានកាំកុងត្រូលនៃក្រសួងពាណិជ្ជកម្មសហការជាមួយអង្គការស្បៀងនិងកសិកម្មនៃអង្គការសហប្រជាជាតិក្រោមការឧបត្ថម្ភពីរាជរដ្ឋាភិបាលជប៉ុនបានរៀបចំសិក្ខាសាលាថ្នាក់ជាតិស្ដីពីការលើកកម្ពស់ការចូលរួមប្រកបដោយប្រសិទ្ធភាពក្នុងការងារកូដិចនៅកម្ពុជាដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកប៉ានសូរស័ក្ដិរដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មនិងជាប្រធានគណៈកម្មាធិការអន្តរក្រសួងសម្របសម្រួលការត្រួតពិនិត្យគុណភាពសុវត្ថិភាពផលិតផលនិងសេវាកម្មនិងគណៈកម្មាធិការកូដិចជាតិនិងមានការចូលរួមពីតំណាងក្រសួងស្ថាប័នពាក់ព័ន្ធពីវិស័យសាធារណៈនិងឯកជនដែលទាក់ទងនឹងវិស័យកសិកម្មបរិស្ថានពាណិជ្ជកម្មនិងឧស្សាហកម្មសរុប៤០នាក់។

នៅក្នុងឱកាសបើកសិក្ខាសាលាកាលពីព្រឹកថ្ងៃទី១៨ខែកុម្ភៈឆ្នាំ២០២០លោកប៉ានសូរស័ក្តិមានប្រសាសន៍ថាសិក្ខាសាលាថ្នាក់ជាតិនេះនឹងបង្កើនសមត្ថភាពយល់ដឹងដល់មន្ត្រីស្ថាប័នពាក់ព័ន្ធឱ្យបានស៊ីជម្រៅពីដំណើរការប្រព្រឹត្តទៅនៃកិច្ចការកូដិចជាតិដើម្បីជំរុញការចូលរួមរបស់កម្ពុជាឱ្យបានសកម្មនិងមានប្រសិទ្ធភាពនៅក្នុងដំណើរការរៀបចំអភិវឌ្ឍន៍ស្តង់ដារគុណភាពនិងសុវត្ថិភាពម្ហូបអាហារ។តម្លៃស្នូលនៃកូដិចគឺការបង្កើតស្តង់ដារលើមូលដ្ឋានវិទ្យាសាស្រ្តនិងសមស្របតាមគោលបំណងប្រើប្រាស់ដោយឈរលើទស្សនៈប្រកបដោយបរិយាប័ន្នកិច្ចសហការការឯកភាពនិងតម្លាភាព។ជាមួយគ្នានេះដែររាជរដ្ឋាភិបាលកម្ពុជាក៏មានគោលដៅយុទ្ធសាស្រ្តបង្កើនផលិតភាពនិងប្រសិទ្ធភាពសេដ្ឋកិច្ចលើកកម្ពស់ឧត្តមភាពនិងជំរុញនវានុវត្តន៍ដែលក្នុងនោះការបន្តជំរុញការរៀបចំស្តង់ដារទំនិញសេវានិងការគ្រប់គ្រងការលើកកម្ពស់គុណភាពគឺជាគោលនយោបាយអាទិភាព។

លោកប៉ានសូរស័ក្តិបានមានប្រសាសន៍បន្តថាកម្ពុជាបានចូលរួមកម្មវិធីកូដិចជាតិយ៉ាងសកម្មតាមរយៈការបង្កើតឱ្យមានចំណុចទំនាក់ទំនងកូដិចជាតិ(National Codex Contact Point) ដើម្បីផ្សារភ្ជាប់ក្នុងការធ្វើទំនាក់ទំនងជាមួយលេខាធិការដ្ឋានកូដិចដើម្បីទទួលនិងចែកចាយរាល់ព័ត៌មានឬឯកសារកូដិចដល់ស្ថាប័ននិងភាគីពាក់ព័ន្ធរបស់កម្ពុជាក៏ដូចជាការបញ្ជូនប្រតិភូកម្ពុជាទៅចូលរួមពិភាក្សាក្នុងកិច្ចប្រជុំសំខាន់ៗមួយចំនួនរបស់គណៈកម្មាធិការកូដិច។ទោះជាយ៉ាងនេះក៏ដោយការចូលរួមរបស់កម្ពុជានៅក្នុងកិច្ចការកូដិចនៅមានកម្រិតទាំងនៅក្នុងក្របខ័ណ្ឌកូដិចជាតិទាំងនៅក្នុងក្របខ័ណ្ឌកូដិចអន្តរជាតិដែលចំបាច់ត្រូវតែពង្រឹងដើម្បីធានាបាននូវការយល់ដឹងនិងការចូលរួមប្រកបដោយប្រសិទ្ធភាពទាំងការគ្រប់គ្រងនិងទាំងការងារបច្ចេកទេសវិទ្យាសាស្រ្ត។ការផ្សារភ្ជាប់គ្នារវាងពាណិជ្ជកម្មនិងសុវត្ថិភាពម្ហូបអាហារអាចត្រូវបានបង្ហាញច្បាស់ណាស់នៅក្នុងកិច្ចព្រមព្រៀងស្ដីពីវិធានការអនាម័យនិងភូតគាមអនាម័យ(SPS) របស់អង្គការពាណិជ្ជកម្មពិភពលោក។កិច្ចព្រមព្រៀងនេះធានាថាលក្ខខណ្ឌតម្រូវនៃសុវត្ថិភាពម្ហូបអាហារគឺផ្អែកលើមូលដ្ឋានវិទ្យាសាស្ត្រនិងសមស្របទៅតាមគោលបំណងប្រើប្រាស់។តាមរយៈនេះស្តង់ដារកូដិចត្រូវបានទទួលស្គាល់ដោយកិច្ចព្រមព្រៀងSPS យ៉ាងច្បាស់ហើយវាក៏ពាក់ព័ន្ធសម្រាប់វិធានការទាក់ទងនឹងម្ហូបអាហារក្រោមកិច្ចព្រមព្រៀងអង្គការពាណិជ្ជកម្មពិភពលោកស្តីពីរបាំងបច្ចេកទេសពាណិជ្ជកម្ម។ដូច្នេះការរៀបចំអភិវឌ្ឍន៍ស្តង់ដារសុវត្ថិភាពម្ហូបអាហារអន្តរជាតិឬស្តង់ដារកូដិចក៏ដូចជាស្តង់ដារសុខភាពរុក្ខជាតិនិងសុខភាពសត្វដោយផ្អែកលើកិច្ចព្រមព្រៀងអនាម័យនិងភូតគាមអនាម័យ(SPS) គឺជាការចាំបាច់សម្រាប់ការទទួលបានអត្ថប្រយោជន៍នៃពាណិជ្ជកម្មម្ហូបអាហារនិងដើម្បីជៀសវាងហានិភ័យដែលអាចកើតមានដល់សុខភាពមនុស្សសត្វនិងរុក្ខជាតិ

លោករដ្ឋមន្ត្រីជឿជាក់ថាសិក្ខាសាលាដែលមានរយៈពេលបីថ្ងៃពីថ្ងៃទី១៨ដល់ថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នេះនឹងផ្ដល់ការចែករំលែកចំណេះដឹងនិងបទពិសោធន៍ជាច្រើនពីវាគ្មិននិងបានពិភាក្សាគ្នាដើម្បីស្វែងយល់ពីបញ្ហានិងយន្តការដោះស្រាយលើបញ្ហាប្រឈមនានានៅក្នុងកូដិចជាតិក្នុងគោលបំណងជំរុញការចូលរួមរបស់កម្ពុជាឱ្យទទួលបានប្រសិទ្ធភាពខ្ពស់នៅក្នុងវិស័យអភិវឌ្ឍន៍ស្តង់ដារម្ហូបអាហារអន្តរជាតិ៕

អត្ថបទដែលជាប់ទាក់ទង