ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

អភិបាលរាជធានីភ្នំពេញជំរុញឲ្យអាជ្ញាធរ ខណ្ឌទាំង ១៤យកចិត្តទុកដាក់ និងចុះពិនិត្យការដ្ឋានសំណង់ទាំងអស់ដែលមាននៅក្នុងមូលដ្ឋានរបស់ខ្លួន

49
ភ្នំពេញ៖ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ លោកឃួង ស្រេង បានជំរុញឲ្យអភិបាលខណ្ឌទាំង១៤ត្រូវចុះ ពិនិត្យការដ្ឋានសំណង់ទាំងអស់នៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីឲ្យការដ្ឋានទាំងនោះ មានច្បាប់ត្រឹមត្រូវចៀសវាងការកើតឡើងនូវហានិភ័យផ្សេងៗបង្ក
គ្រោះថ្នាក់ដល់មនុស្ស ពិសេសកម្មករដែលកំពុងបំពេញការងារនៅក្នុងការដ្ឋាន។
   ការជំរុញបែបនេះរបស់អភិបាលរាជធានីភ្នំពេញ បានធ្វើឡើង ក្នុងកិច្ចប្រជុំមួយ កាលពីរសៀលថ្ងៃទី១៨ ខែ កុម្ភៈ ឆ្នាំ២០២០ នៅសាលារាជធានីភ្នំពេញដោយមានការចូលរួមពីអភិបាលខណ្ឌទាំង១៤ មន្ទីរពាក់ព័ន្ធនិងមន្ត្រីរបស់រដ្ឋបាលរាជធានីភ្នំពេញមួយចំនួនទៀត។
  លោកឃួង ស្រេងបានមានប្រសាសន៍លើកឡើងថាកាលពីដើមឡើយ ការសុំច្បាប់អនុញ្ញាតសាងសង់គឺប្រើប្រាស់ពេលយូរ រហូតដល់កន្លះឆ្នាំដែលធ្វើឱ្យប្រជាពលរដ្ឋមានការលំបាត់ក្នុងការសុំច្បាប់អនុញ្ញាតសាងសង់លំនៅដ្ឋានរបស់ខ្លួន តែមកដល់ពេលនេះក្រោយពីរដ្ឋាភិបាលបានប្រតិភូកម្មឲ្យថ្នាក់ក្រោមជាតិ សំណង់មួយចំនួន ត្រូវបានអនុញ្ញាតត្រឹមថ្នាក់ខណ្ឌនិងថ្នាក់រាជធានី តាមរយៈច្រក ចេញ ចូលតែមួយ  និងប្រើប្រាស់ពេលវេលាមិនយូរដូចពេលមុននោះទេ។ដូច្នេះទេ ការងារនេះត្រូវតែធ្វើឡើងឲ្យបានម៉ត់ចត់ ពោលគឺ ខណ្ឌទាំងអស់ត្រូវតែចុះទៅពិនិត្យមើលដល់
សំណង់នានានៅក្នុងមូលដ្ឋានរបស់ខ្លួន ថាតើការដ្ឋានទាំងនោះមានច្បាប់អនុញ្ញាតឬទេ បើមិនមានច្បាប់ត្រូវជម្រុញអោយពួកគាត់មកបំពេញច្បាប់អោយបានត្រឹមត្រូវ។
  លោកឃួង ស្រេងបានបញ្ជាក់ថា មកដល់ម៉ោងនេះនៅមានការដ្ឋានសំណង់ធំៗមួយចំនួន នៅមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ ដោយការដ្ឋានសំណង់ខ្លះសាងសង់ខុសច្បាប់អនុញ្ញត ពោលគឺច្បាប់អនុញ្ញាតត្រឹមតែ២២ជាន់ ប៉ុន្តែការសាងសង់រំលោភច្បាប់រហូតដល់២៩ជាន់ ។ នេះជាបញ្ហាដែលយើងត្រូវតែធ្វើការ ដើម្បីកុំឲ្យមានបញ្ហាកើតឡើងបង្កគ្រោះថ្នាក់ដល់មនុស្ស។
  លោកឃួង ស្រេង ក៏បានបញ្ជាក់ផងដែរថា ការសង់មិនស្របតាមស្តង់ដាបច្ចេកទេស មិនមានគុណភាព វា
នឹងបង្កហានិភ័យ ដែលអាចបាក់ រលំធ្វើឲ្យមនុស្សស្លាប់ក្នុងខណៈពេលកំពុងសាងសង់និងក្រោយការសាងសង់ ។លោក អភិបាលរាជធានីភ្នំពេញ ក៏បានបញ្ជាឲ្យអភិបាលខណ្ឌទាំងអស់ត្រូវចុះពិនិត្យគ្រប់ការដ្ខាន ដោយ
មិនអនុញ្ញាតឲ្យកម្មករស្នាក់នៅក្នុងការដ្ឋានសំណង់ឡើយ។
  ក្នុងកិច្ចប្រជុំនោះដែរ បើតាមការបញ្ជាក់ពីលោក សេង វណ្ណៈនាយករដ្ឋបាលរាជធានីភ្នំពេញបានឲ្យដឹងថានៅក្នុងទូទាំង១៤ខណ្ឌនៃរដ្ឋបាលរាជធានីភ្នំពេញមានសំណង់មិនមានច្បាប់អនុញ្ញាតប្រមាណជាង៥០០ទីតាំង ។ប៉ុន្តែក្នុងចំនួននេះត្រូវបាន អភិបាលខណ្ឌមួយចំនួនបញ្ជាក់ថា ចំនួននេះបានថយចុះច្រើនហើយ ដោយថ្មីៗនេះ អភិបាលខណ្ឌមួយចំនួននោះ បានអនុវត្តចុះទៅធ្វើការត្រួតពិនិត្យនិងបានជំរុញឲ្យការដ្ឋានសំណង់ដែលមិនច្បាស់នោះទៅបំពេញច្បាប់បានយ៉ាងច្រើនហើយ។
  បើស្ថិតិរបស់មន្ទីររៀបចំដែនដីនគររូបនីណ៏កម្ម និងសំណង់រាជធានីភ្នំពេញឲ្យដឹងថា នៅក្នុងរាជធានីភ្នំពេញចាប់ពីឆ្នាំ២០០៥ដល់ឆ្នាំ២០១៩សំណង់ ដែលបានសាងសង់រួចនិងកំពុងដំណើរការសាងសង់ចាប់ពីកំពស់៥ជាន់ដល់៤០ជាន់មានប្រមាណ ១២៩២អាគារ។សំរាប់ស្ថិតិឆ្នាំ២០១៩សំណង់កំពស់៥ជាន់ដល់៩ជាន់មានចំនួន៣៨១អគារ,កំពស់១០ជាន់ដល់១៩ជាន់មាន១១០អគារ,ចាប់ពីកំពស់២០ជាន់ទៅ២៩ជាន់មាន១៥អគារ,ពី៣០ជាន់ទៅ៣៩ជាន់មាន១៤អគារ,ពី៤០ជាន់ទៅមាន១២អាគារ ចំណែកសំណង់បុរីមានចំនួន២៤៤បុរី៕
អត្ថបទដែលជាប់ទាក់ទង