គណៈកម្មាធិការសិទ្ធិមនុស្ស ផ្តល់មេធាវីការពារក្តីជូនស្ត្រីជាប់ឃុំ នៅមណ្ឌលអប់រំកែប្រែម២ ដែលកូនអាយុ៥ខែ ស្លាប់
ភ្នំពេញ៖ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា មក មណ្ឌលអប់រំកែប្រែទី២ (ម២) ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បី ធ្វើ ការស៊ើបឣង្កេតករណីទារិកា ឣាយុ ៥ខែ បានស្លាប់ នៅ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត។
នៅថ្ងៃទី១៩ ខែកុម្ភ: ឆ្នាំ២០២០ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពី លោកកែវ រ៉េមី រដ្ឋមន្ត្រី ប្រតិភូអមនាយករដ្ឋមន្ត្រី និងជា ប្រធាន គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ឲ្យក្រុមការ ងារ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា ដឹកនាំដោយ លោក ជូ ហេង សមាជិក គ.ស.ម.ក. និងជាអគ្គនាយករង នៃអគ្គនាយក ដ្ឋានស៊ើបអង្កេត និងអប់រំសិទ្ធិមនុស្ស រួមដំណើរដោយ លោកប៊ុត ផល្លា សមាជិក គ.ស.ម.ក. និងជាប្រធាននាយកដ្ឋាន ស៊ើប អង្កេត លោក រស់ សាវី អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និង លោក អ៊ឹម ម៉ានិត អនុប្រធាននាយដ្ឋានស៊ើបអង្កេត ចុះមក មណ្ឌលអប់រំកែប្រែទី២ (ម២) ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បី ធ្វើ ការស៊ើបឣង្កេតករណីទារិកា ឣាយុ ៥ខែ បានស្លាប់ នៅ មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត (ពេទ្យរុស្សី) នៅពេលដែល បញ្ជូន ទារិការដល់មន្ទីរពេទ្យបានមួយថ្ងៃ។
គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានផ្តល់មេធាវីការពារក្តីជូនស្ត្រីម្នាក់ជាប់ឃុំនៅមណ្ឌលអប់រំកែប្រែទី២ (ម២) ដែលមានកូនអាយុ៥ខែស្លាប់ដោយជំងឺនៅមន្ទីរពេទ្យ។
ការសម្រេចរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានធ្វើឡើងក្រោយទទួលព័ត៌មាន តាមបណ្តាញសារព័ត៌មានផ្សេងៗ ដែលបានចុះផ្សាយកាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ ស្តីពីការស្លាប់របស់ទារិកា អាយុ៥ខែ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ ដែលរស់នៅជាមួយម្តាយ នៅមណ្ឌលអប់រំកែប្រែទី២ (ម២) នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដោយសារជំងឺរលាកសួតធ្ងន់ធ្ងរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានឲ្យដឹងបន្ថែមថា ក្រោយពីទទួលបានព័ត៌មាននេះ គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានចាត់ក្រុមការងារស៉ីបអង្កេត ធ្វើការប្រមូល ពិនិត្យ សិក្សា និងវិភាគលើព័ត៌មាននិងរបាយការណ៍បឋម និងចុះស៉ើបអង្កេតដោយផ្ទាល់នៅនឹងកន្លែង ដោយជួបជាមួយគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រួមមាន៖ ប្រធានពន្ធនាគារ មន្ត្រីប៉ុស្តិ៍សុខភាព ជនជាប់ឃុំដែលនៅបន្ទប់ជាមួយគ្នាចំនួន ២រូប ម្តាយទារិកា និងប្រធានអគារ ហើយទទួលបាននូវលទ្ធផលដូចតទៅ៖
១)ពិតជាមានករណីស្លាប់របស់ទារិកា អាយុ៥ខែ ជាកូនរបស់ស្ត្រីជាប់ឃុំ ដែលជាប់ចោទពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ទារិការូបនេះ បានបញ្ជូនទៅពិនិត្យព្យាបាល នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២០ ដោយសណ្តកឆ្អឹង១ រួចមន្ទីរពេទ្យ ក៏បញ្ជូនបន្តទៅព្យាបាលនៅមន្ទីរពេទ្យកុមារជាតិ។ នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២០ ខាងពន្ធនាគារក៏បានបញ្ជូនមកមន្ទីរពេទ្យកុមារជាតិ មុនការណាត់ជួបជាលើកទី២។ នៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ទារិកាបានបញ្ជូនមកមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត ហើយបានស្លាប់នៅថ្ងៃទី២៦ ខែមករា ឆ្នាំ២០២០ វេលាម៉ោង ០៨៖៣០នាទីព្រឹក ដោយជំងឺរលាកសួតធ្ងន់ធ្ងរ។
២)ខាងពន្ធនាគារបានតាមដាន និងបញ្ជូនទារិកាទៅព្យាបាលដោយយកចិត្តទុកដាក់ គ្មានការធ្វេសប្រហែសម្តងណាឡើយ ប៉ុន្តែដោយអាការៈរបស់ទារិការូបនេះ មានសភាពធ្ងន់ធ្ងរពេក ទើបមិនអាចជួយសង្គ្រោះបាន ហើយខាងពន្ធនាគារពិតជាមានការសោកស្តាយចំពោះការស្លាប់របស់ទារិការូបនេះ។
៣)គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា បានរកឃើញថាស្ត្រីជាប់ឃុំរូបនេះ មិនបានទទួលព័ត៌មានគ្រប់គ្រាន់ពាក់ព័ន្ធនឹង សិទ្ធិការពារខ្លួនតាមផ្លូវច្បាប់ឡើយ ដោយមិនមានមេធាវីការពារក្តីជូនគាត់។
៤)គណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា សម្រេចផ្តល់នូវមេធាវីការពារក្តី តាមការស្នើសុំរបស់ស្ត្រីជាប់ឃុំរូបនេះ ដោយឥតគិតថ្លៃ និងចូលរួមគ្រប់ដំណើរការនីតិវិធីរបស់តុលាការ ក្នុងការការពារសិទ្ធិរបស់ជនជាប់ឃុំតាមផ្លូវច្បាប់ និងស្នើសុំឱ្យជនជាប់ឃុំរូបនេះបានស្ថិតនៅក្រៅឃុំជាបណ្តោះអាសន្នផងដែរ។
អង្គការលីកាដូ នៅថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០ បានផ្សាយព័ត៌មានថា ទារកអាយុ៥ខែម្នាក់រស់នៅជាមួយម្ដាយ ដែលកំពុងជាប់ឃុំក្នុងមណ្ឌលអប់រំកែប្រែទី២ (ព្រៃស) បានស្លាប់កាលពីថ្ងៃអាទិត្យ ទី២៦ ខែមករា នៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ក្នុងរាជធានីភ្នំពេញ។ ការស្លាប់ដ៏ខ្លោចផ្សារនេះបង្ហាញពី តម្រូវការចាំបាច់សម្រាប់អាជ្ញាធរក្នុងការផ្ដល់អាទិភាពសិទ្ធិនៅក្រៅឃុំបណ្ដោះអាសន្នសម្រាប់ស្ត្រីដែលមានកូនតូចនៅជាមួយ។
ស្ត្រីជាម្ដាយក្មេងរងគ្រោះ ត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារបណ្ដោះអាសន្នរង់ចាំសវនាការ កាលពីពាក់កណ្ដាលឆ្នាំ២០១៩ បន្ទាប់ពីរងការចោទប្រកាន់ពីអាជ្ញាធរថាបានកាន់កាប់កញ្ចប់ថ្នាំញៀនប្រភេទមេតាហ្វេតាមីនដែលមានតម្លៃត្រឹមតែមួយម៉ឺនរៀល ឬ២.៥ដុល្លារ។ អ្នកស្រីមិនត្រូវបានផ្ដល់មេធាវីការពារក្ដីទេ ហើយក៏មិនបានដឹងពីសិទ្ធិក្នុងការស្នើសុំនៅក្រៅឃុំផងដែរ។ អ្នកស្រីមានផ្ទៃពោះ៨ខែ នៅពេលត្រូវបានបញ្ជូនទៅឃុំខ្លួនក្នុងពន្ធនាគារ។
យើងខ្ញុំ សូមស្នើសុំដោយទទូចឱ្យអាជ្ញាធរចាត់វិធានការឱ្យបានឆាប់រហ័ស ដើម្បីធានាថាករណីបែបនេះមិនកើតមានឡើងម្ដងទៀត។
កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២០ ទារក ទេវី អាយុ៥ខែ ដែលលីកាដូបានប្ដូរឈ្មោះដើម្បីរក្សាឯកជនភាព បានរងរបួសជាទម្ងន់ដោយបាក់ឆ្អឹងភ្លៅ។ នៅតែមិនទាន់មានភាពច្បាស់លាស់អំពីរឿងហេតុដែលនាំឱ្យនាងរងរបួសនេះ។ បុគ្គលិកពេទ្យនៅមណ្ឌលអប់រំកែប្រែទី២បានពិនិត្យស្ថានភាពជំងឺរបស់នាង និងបានបញ្ជូននាងនិងម្ដាយ ទៅមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ដែលបានព្យាបាលអ្នកជាប់ឃុំមកពីពន្ធនាគារកន្លងមក។ បុគ្គលិកពេទ្យបានថតកាំរស្មីអ៊ិច និងបានរកឃើញថា ទារកនេះបានបាក់ឆ្អឹងភ្លៅ។
ទេវី និងម្ដាយ ត្រូវបានបញ្ជូន ទៅកាន់មន្ទីរពេទ្យកុមារជាតិ ដោយសារខាងមន្ទីរពេទ្យលើកឡើងថា មិនមានអ្នកជំនាញដើម្បីព្យាបាលអ្នកជំងឺក្មេងបែបនេះទេ។ មន្ទីរពេទ្យកុមារជាតិក៏បានព្យាបាល ទារករងគ្រោះ រួចហើយក៏បញ្ជូននាងត្រឡប់ទៅមណ្ឌលអប់រំកែប្រែទី២វិញ ទោះបីជាបុគ្គលិកពន្ធនាគារបានស្នើសុំ ទេវី និងម្ដាយ ស្នាក់នៅពេទ្យមួយយប់ដើម្បីតាមដានស្ថានភាពជំងឺ។ បុគ្គលិកមន្ទីរពេទ្យបានបដិសេធ និងត្រូវបានរាយការណ៍ថា បាននិយាយថា គ្មានបន្ទប់ទំនេរសម្រាប់ ទេវី និងម្ដាយទេ។
អំឡុងពេលមួយសប្ដាហ៍ក្រោយមក ស្ត្រីជាម្ដាយបានកត់សម្គាល់ឃើញថា ទេវីមានអាការៈក្ដៅខ្លួន និងក្អកជាប្រចាំ។ មន្ត្រីពន្ធនាគារបាននាំ ទេវី ត្រឡប់ទៅមន្ទីរពេទ្យកុមារជាតិវិញ។ វេជ្ជបណ្ឌិតនៅទីនោះបានជួបជាមួយ ទេវី និងម្ដាយរយៈពេលខ្លីប៉ុណ្ណោះ មុនពេលកំណត់ការណាត់ជួបតាមដានជំងឺនៅ៣សប្ដាហ៍ក្រោយ។ ស្ត្រីជាម្ដាយបានប្រាប់វេជ្ជបណ្ឌិតថា នាងអស់ថ្នាំដែលបានផ្ដល់ឱ្យ ទេវី លេបកាលពីលើកមុនហើយ ប៉ុន្តែវេជ្ជបណ្ឌិតមិនបានឱ្យថ្នាំលេបបន្ថែមសម្រាប់ ទេវី ទេ។ មិនមានភាពច្បាស់លាស់ពីវេជ្ជបញ្ជារដែលត្រូវបានណែនាំដោយគ្រូពេទ្យទេ។
ត្រឹមថ្ងៃទី២៥ ខែមករា ឆ្នាំ២០២០ ទេវី មានការពិបាកដកដង្ហើម។ ម្ដាយរបស់នាង បានកត់សម្គាល់ឃើញថា ទេវី បានចាប់ផ្ដើមបាត់បង់ស្មារតី និងបានប្រាប់ទៅមន្ត្រីពន្ធនាគារភ្លាមៗ។ បុគ្គលិកពេទ្យនៅមណ្ឌលអប់រំកែប្រែទី២ បានដាក់សេរ៉ូម ទេវី និងបញ្ជូននាងទៅកាន់មន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត ជាកន្លែងដែលអ្នកទាំងនោះសម្អាតស្លេស និងថតកាំរស្មីអ៊ិច សួតរបស់នាង។ ទេវី និងម្ដាយ ត្រូវបានអនុញ្ញាតឱ្យសម្រាកព្យាបាលមួយយប់នៅក្នុងមន្ទីរពេទ្យ។
ការធ្វើកោសល្យវិច័យសាកសពបានបង្ហាញថា ទេវី បានស្លាប់ដោយសារជំងឺរលាកសួត និងកង្វះអាហាររូបត្ថម្ភ។
លុះដល់ព្រឹកថ្ងៃ២៦ ខែមករា ទេវី ពិបាកដកដង្ហើមជាខ្លាំង។ នាងត្រូវបានបញ្ជូនទៅកាន់បន្ទប់សង្គ្រោះបន្ទាន់ ជាកន្លែងដែលវេជ្ជបណ្ឌិតបានព្យាយាមយកស្លេសចេញពីសួតរបស់នាង និងបានធ្វើចលនាបេះដូង ប៉ុន្តែនាងនៅតែមិនដឹងខ្លួន។ បន្ទាប់មក ទេវី ត្រូវបានដាក់នៅក្នុងទូកញ្ចក់បំពាក់ជាមួយនឹងអុកស៊ីសែន។
៣នាទីក្រោយមក នាងក៏បានស្លាប់បាត់បង់ជីវិត។
ការធ្វើកោសល្យវិច័យសាកសពបានបង្ហាញថា ទេវី បានស្លាប់ដោយសារជំងឺរលាកសួត និងកង្វះអាហាររូបត្ថម្ភ៕