ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សម្ដេចក្រឡាហោមសខេង បូកសរុបលទ្ធផលការងារ ឆ្នាំ២០១៩លើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃ

99

ភ្នំពេញ៖

នៅព្រឹកថ្ងៃព្រហស្បតិ៍១២កើតខែមាឃឆ្នាំកុរឯកស័ក.ស២៥៦៣ត្រូវនឹងថ្ងៃទី២០ខែកុម្ភៈឆ្នាំ២០២០នេះសម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបន្តអញ្ជើញជាអធិបតីនៃសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃនៅទីស្ដីការក្រសួង។

អញ្ជើញមានប្រសាសន៍នាឱកាសនោះសម្ដេចក្រឡាហោមខេងបានសម្ដែងការកោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះក្រុមពិភាក្សាទាំងអស់ដែលបានយកចិត្តទុកដាក់លើកឡើងនូវមតិយោបល់យ៉ាងផុលផុសក្នុងកិច្ចពិភាក្សាលើកប្រធានបទដែលបានកំណត់សម្រាប់ក្រុមពិភាក្សានីមួយៗមុននឹងផ្ដល់មតិណែនាំនិងអនុសាសន៍បន្ថែម។

មតិណែនាំនិងអនុសាសន៍សំខាន់ៗត្រូវបានសម្ដេចក្រឡាហោមគូសបញ្ជាក់ជូនអង្គសន្និបាតអំពីវិធានការចាំបាច់មួយចំនួនដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃការអនុវត្តការងារជាអាទិភាពក្នុងឆ្នាំ២០២០និងវិធានការសំខាន់ៗក្នុងការដោះស្រាយបញ្ហាប្រឈមនានាដែលបានលើកឡើងដោយក្រុមពិភាក្សាតាំងពីថ្ងៃទី១៩រហូតដល់ព្រឹកថ្ងៃទី២០ខែកុម្ភៈនេះ។

មតិណែនាំនិងអនសាសន៍ទាំងនោះរួមមានការចាប់ផ្ដើមដំណើរការនៃរចនាសម្ព័ន្ធនិងប្រព័ន្ធគ្រប់គ្រងថ្មីនៃរដ្ឋបាលក្រុងស្រុកខណ្ឌ, ការចាត់ចែងអនុវត្តមូលនិធិផ្នែកអភិវឌ្ឍន៍មូលដ្ឋានដែលបានបង្កើនដល់ឃុំសង្កាត់, ការអនុវត្តមុខងារគ្រប់គ្រងនិងផ្ដល់សេវាសុខាភិបាលដែលបានផ្ទេរទៅឱ្យរដ្ឋបាលរាជធានីខេត្តនិងការផ្ទេរមុខងារអប់រំដល់ក្រុងស្រុកនៃខេត្តបាត់ដំបង។

សម្ដេចក៏បានមានប្រសាសន៍ផ្ដល់មតិណែនាំដល់អង្គសន្និបាតអំពីយន្តការច្រកចេញចូលតែមួយនៅថ្នាក់ក្រោមជាតិ, ការធានារក្សាសន្តិភាពស្ថិរភាពនយោបាយសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈនិងសុវត្ថិភាពសង្គម, បញ្ហាសណ្ដាប់ធ្នាប់ចរាចរណ៍, ការគ្រប់គ្រងជនបរទេស, ការងារអត្តសញ្ញាណកម្ម, ការគ្រប់គ្រងពន្ធនាគារ, ការពង្រឹងស្ថាប័ននិងការបណ្ដុះបណ្ដាលកសាងសមត្ថភាពធនធានមនស្ស។

សូមបញ្ជាក់សន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩និងលើកទិសដៅការងារឆ្នាំ២០២០របស់ក្រសួងមហាផ្ទៃបានប្រារព្ធពិធីបើកក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោមខេងឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃកាលពីព្រឹកថ្ងៃទី១៩ខែកម្ភៈហើយពិធីបិទនឹងត្រូវធ្វើឡើងនារសៀលថ្ងៃទី២០ខែកុម្ភៈនេះក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែននាយករដ្ឋមន្ត្រីនៃកម្ពុជា៕

អត្ថបទដែលជាប់ទាក់ទង