ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ពិធីសំណេះសំណាល និងប្រគល់ប្រាក់រង្វាន់ លើកទឹកចិត្តបន្ថែម ដល់ជ័យលាភីក្នុងព្រឹត្តិការណ៍ ប្រកួតកីឡាហែលទឹកដណ្ដើមពានរង្វាន់សម្ដេចតេជោ

76

ភ្នំពេញ៖នារសៀលថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២០ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន និងជាប្រធានក្លិបកីឡាហែលទឹកក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងឲ្យទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល ប្រធានសហព័ន្ធជាតិកីឡាហែលទឹកកម្ពុជាបានអញ្ជើញជួបសំណេះសំណាល និងប្រគល់ ប្រាក់រង្វាន់លើកទឹកចិត្តបន្ថែមដល់កីឡាករ កីឡាការិនីជ័យលាភី ក្នុងការប្រកួតកីឡាហែលទឹកដណ្ដើម ពានរង្វាន់សម្ដេចតេជោ ដោយមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំទទួលបន្ទុក គ្រូបង្វឹក និងកីឡាករ-កីឡាការិនីផង។
លោក រស់ វណ្ណា បានមានប្រសាសន៍ថា យើងមានមោទនភាពយ៉ាងខ្លាំង ដែលក្លិបកីឡាហែលទឹករបស់ក្រសួងសាធារណការ និងដឹកជញ្ជូនទទួលបានមេដាយមាសច្រើនជាងគេ។ ទោះជាយ៉ាងនេះក្ដី លោករដ្ឋលេខាធិការ បានបង្ហាញមហិច្ឆិតាចង់ឃើញកីឡាករ-កីឡាការិនីដណ្ដើមជ័យជម្នះនៅក្នុងការប្រកួតថ្នាក់តំបន់ និងអន្តរជាតិ ដើម្បីលើកកម្ពស់កិត្យានុភាពជាតិលើឆាក អន្តរជាតិផងដែរ។
លោកបានបន្តទៀតថា វិន័យល្អសម្រាប់ខ្លួនឯង ការខិតខំប្រឹងប្រែងហ្វឹកហាត់ និងការរស់នៅប្រកបដោយអនាម័យ គឺជាគន្លឹះនាំមកនូវភាពជោគជ័យក្នុងអាជីពរបស់ខ្លួន។ កីឡាការ-កីឡាការិនីទាំងអស់ខិតខំប្រឹងប្រែងហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមខ្លួនចូលរួមប្រកួតដណ្ដើមមេដាយមាសនៅព្រឹត្តិការណ៍ប្រកួតកីឡាស៊ីហ្គែម ដែលកម្ពុជា គម្រោងធ្វើជាម្ចាស់ផ្ទះនៅឆ្នាំ២០២៣ខាងមុខ៕

អត្ថបទដែលជាប់ទាក់ទង