ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

ម្រេចធម្មជាតិ កំពត គឺជាផលិតផលដែលមាន លក្ខណៈ ពិសេស ពោរពេញទៅដោយសារធាតុសរីរាង្គ

199

កំពត ៖ ម្រេចកំពត គឺជាផលិតផលមួយ ដែលមានលក្ខណៈពិសេស ពោរពេញទៅដោយសារធាតុសរីរាង្គល្អៗ ហើយក៏ជាគ្រឿងបន្ថែមរបៀប ហិលធម្មជាតិដែល ត្រូវចាត់ជាគ្រឿងបន្សំសម្រាប់ផ្សំជាម្ហូប អាហារនៅក្នុងផ្ទះ ឬភោជនីយដ្ឋាននានាទូទាំងប្រទេស។
ការលើកឡើងបែបនេះជាប្រសាសន៍ របស់លោក ហោ មុន្នីរ័ត រដ្ឋលេខាធិការក្រសួងទេសចរណ៍ នៅរសៀលថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២០ ក្នុងឱកាសសម្ពោធបើកឱ្យដំណើរការសារមន្ទីរឧបករណ៍កិនម្រេច នៅ La Plantation ក្នុងខេត្តកំពត ដោយពិធីនេះក៏មានការចូលរួមពី លោក ភូ លិ អភិបាលរងខេត្តកំពត និងថ្នាក់ដឹកនាំនៃមន្ទីរជំនាញពាក់ព័ន្ធមួយចំនួនទៀត។
លោករដ្ឋលេខាធិការបានគូសបញ្ជាក់ទៀតថា ម្រេចកំពតជាគ្រឿងផ្សំដ៏សំខាន់មិនអាចខ្វះបានសម្រាប់មុខម្ហូបទូទៅប្រចាំតំបន់ និងម្ហូបពិសេសៗរបស់ពលរដ្ឋកម្ពុជា ដូចជា ឆារក្តែម ,មឹកបំពង,និងបង្គាឆារជាមួយម្រេចខ្ចី ឬឆារឡុកឡាក់ ,សាច់គោជាមួយនឹងទឹកម្រេចដែលមានបីប្រភេទ គឺ៖ ម្រេចខ្មៅ ម្រេចស និងម្រេចក្រហម។
ជាមួយនេះ លោក ហោ មុន្នីរ័ត ក៏បានលើកយកពីប្រវត្តិសាស្ត្រ ដើម្បីឱ្យយើងស្វែងយល់ពីការប្រើប្រាស់ ឧបករណ៍កិនម្រេចផ្សេងៗគ្នា នៅជុំវិញពិភពលោក ថ្វីបើវាជាឧបករណ៍ដែលមានភាពពិសេសប្លែកគ្នាក៏ដោយ ប៉ុន្តែឧបករណ៍កិនម្រេចទាំងនោះសុទ្ធតែបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងសំខាន់ សម្រាប់បម្រើសេចក្តីត្រូវការដល់អ្នកប្រើប្រាស់របស់មនុស្សនៅទូទាំងពិភពលោក។
សូមជម្រាបថា៖ បើតាមការលើកឡើងរបស់ លោក ភូ លិ អភិបាលរងខេត្តកំពត បានឱ្យដឹងថា ខេត្តកំពតជាខេត្តមួយមានសក្តានុពលប្រកបដោយការរីកចម្រើនលើគ្រប់វិស័យទាំងសេដ្ឋកិច្ច ទាំងវិស័យទេសចរណ៍ ពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ដោយខេត្តកំពតមានរោងចក្រផលិតសុីម៉ងត៍ចំនួន៤ ដែលកំពុងដំណើរការផលិតសុីម៉ងត៍រាប់លានតោនក្នុងមួយឆ្នាំៗ មានដំណាំម្រេចដែលមានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ និងជាទំនិញម្ចាស់ភូមិសាស្ត្រ(GI) មានស្រែអំបិលរាប់ពាន់ហិកតា ពិសេសយើងមានផលិតផលថ្មីមួយទៀតគឺផលិតផលផ្កាអំបិល ហើយផលនេសាទសមុទ្រក៏ជាផលិតផលមានសក្តានុពលរបស់ខេត្តយ៉ាងសំខាន់ផងដែរ។លើសពីនេះខេត្តកំពតក៏មានផ្លែទុរេន ដែលមានរសជាតិឈ្ងុយឆ្ងាញ់ ហើយភោគផលកសិកម្មដូចជា ដូង ស្វាយ ស្រូវ ក៏មានច្រើនអនេកផងដែរ។
ជាងនេះទៅទៀតខេត្តកំពត ក៏ជាខេត្តមួយសំបូរទៅដោយរមណីយដ្ឋានទេសចរណ៍ តំបន់ទេសចរណ៍ មានទេសភាពយ៉ាងស្រស់ត្រកាល ដែលអាចទាក់ទាញអ្នកទេសចរមកសម្រាក លម្ហែ កម្សាន្ត ដ៏ច្រើនលើសលប់ ធ្វើឱ្យមានកំណើនភ្ញៀវទេសចរណ៍ពីមួយឆ្នាំទៅមួយឆ្នាំ៕
ដោយ៖ សំរិត

អត្ថបទដែលជាប់ទាក់ទង