ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ណែនាំដល់រដ្ឋបាលរាជធានី-ខេត្ត បង្កើនប្រសិទ្ធភាព ដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការទន្ទ្រានមិនស្របច្បាប់

155

ភ្នំពេញ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នាថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០១៨នេះ បានណែនាំដល់រដ្ឋបាលរាជធានី-ខេត្តទាំងអស់ជំរុញនិងបង្កើនប្រសិទ្ធភាពនៃការសម្រុះសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លី និងការទន្ទ្រានមិនស្របច្បាប់ ដើម្បីកាន់កាប់ដីធ្លីនៅតាមរាជធានី ខេត្ត។

សម្តេចក្រឡាហោម បានបញ្ជាក់ថា កន្លងមកក្រសួងមហាផ្ទៃ បានកត់សម្គាល់ឃើញថា បញ្ញាទំនាស់ដីធ្លីមួយចំនួននៅតាមរាជធានី ខេត្ត ដែលបានកើតឡើងជាច្រើនឆ្នាំមកហើយ តែមិនមានការសម្រុះសម្រួល និងដោះស្រាយឲ្យបានចប់ជាស្ថាពរនៅឡើយ។ ករណីខ្លះ ប្រជាពលរដ្ឋដែលមានបញ្ហាទំនាស់ដីធ្លីទាំងនោះ បានមកប្រមូលផ្តុំគ្នា និងសុំដាក់ញត្តិ ជូនស្ថាប័នកំពូលរបស់ជាតិ និងក្រសួងពាក់ព័ន្ធ នៅរាជធានីភ្នំពេញ ជាពិសេសបានដាក់ញ ស្នើសុំការអន្តរាគមន៍ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា ឲ្យជួយដោះស្រាយបញ្ហាដីធ្លីជូនពួកគាត់។ ទន្ទឹមនេះ នៅមុនពេលបោះឆ្នោតម្តងៗ

ក្រុមឱកាសនិយមមួយចំនួន តែងតែឆ្លៀតធ្វើសកម្មភាព រំលោភទន្រ្ទានកាន់កាប់ដីធ្លីសាធារណៈ ដីព្រៃឈើ និងដីធ្លីដែលមានម្ចាស់គ្រប់គ្រងផងដែរ។ ដើម្បីជំរុញ និងបង្កើនប្រសិទ្ធភាព នាំការសម្រុះសម្រួល និងដោះស្រាយបញ្ហាទំនាស់ដីធ្លី នៅតាមរាជធានី ខេត្ត ការបង្ការទប់ស្កាត់ ការចូលទន្រ្ទានមិនស្របច្បាប់ ដើម្បីកាន់កាប់ដីធ្លី សំដោពង្រឹងនីតិរដ្ឋ និងរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ ឲ្យបានល្អប្រសើរ ជាពិសេស ចាប់ពីពេលនេះ រហូតដល់ថ្ងៃបោះឆ្នោត ជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៦ ដែលនឹងប្រព្រឹត្តទៅនា ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០១៨ ក្រសួងមហាផ្ទៃ បានណែនាំដល់រដ្ឋបាលរាជធានី ខេត្ត ឱ្យព្យាយាមដោះស្រាយ បញ្ចប់ទំនាស់ដីធ្លី ជូនប្រជាពលរដ្ឋប្រកបដោយ តម្លាភាព សុចរិតភាព និងយុត្តិធម៌ ដោយត្រូវចុះជួបផ្ទាល់ជាមួយប្រជាពលរដ្ឋ ដើម្បីស្រាវជ្រាវ និងស្វែងយល់ឲ្យបានស៊ីជម្រៅ និងច្បាស់លាស់អំពីសាវតាដីទំនាស់ បញ្ហាទំនាស់ដីធ្លី សាវតារប្រជាពលរដ្ឋ និងការទាមទារតវ៉ា របស់ប្រជាពលរដ្ឋ ដើម្បីធ្វើជាមូលដ្ឋាន បង្អែកសម្រាប់ទាញហេតុផល ក្នុងការសម្រុះសម្រួល និងដោះស្រាយទំនាស់ដីធ្លី និងត្រូវខិតខំ អប់រំ ណែនាំ និងបកស្រាយបំភ្លឺអំពីស្ថានភាព នៃការកាន់កាប់ដីធ្លី ស្ថានភាពទំនាស់ដីធ្លីរបស់ប្រជាពលរដ្ឋ និងឆន្ទៈរបស់រាជរដ្ឋាភិបាលក្នុងប្រឹងប្រែងដោះស្រាយជម្លោះ ឬការទាមទារតវ៉ាអំពីបញ្ហាដីធ្លី ដើម្បិឲ្យពួកគាត់ចូលរួមសហការជាមួយ​ អាជ្ញាធរពាក់ព័ន្ធ ក្នុងសម្រុះសម្រួលដោះស្រាយ បញ្ហាទំនាស់ដីធ្លីដោយសន្តិវិធី ដោយមិនត្រូវជឿតាមការញុះញង់ អូសទាញរបស់មេខ្យល់ ឬជនខិលខូតមួយចំនួនដែលឆ្លៀត ឱកាសកេងយកផលប្រយោជន៍ ឬកេងចំណេញខាងផ្នែកនយោបាយ ពីបញ្ហាទំនាស់ដីធ្លី ហើយអាចបណ្តាល ឲ្យទំនាស់ដីធ្លីកាន់តែមានភាពស្មុគស្មាញ ឬអាចកើតមានអំពើហិង្សា ជាយថាហេតុ ៕

   

 

អត្ថបទដែលជាប់ទាក់ទង