ប្រភពព័ត៌មានទាន់ហេតុការណ៍ក្រុងភ្នំពេញ

សារព័ត៌មានអន្តរជាតិមួយក្រុម ស្កាត់មកស្រាវជ្រាវ ពីទេសចរណ៍កម្ពុជាយកទៅផ្សព្វផ្សាយបន្តដល់ពិភពលោក

56

(ភ្នំពេញ)ក្រសួងទេសចរណ៍បានឲ្យដឹងថា ប្រតិភូសារព័ត៌មានល្បីៗកម្រិតពិភពលោកមកពីសហគមន៍អឺរ៉ុបចំនួន៨នាក់បានមកធ្វើទស្សនកិច្ចសិក្សាស្រាវជ្រាវពីសក្ដានុពលវិស័យទេសចរណ៍កម្ពុជាក្នុងគោលបំណងដើម្បីយកទៅផ្សព្វផ្សាយបន្តប្រាប់ដល់ពិភពលោកនិងភ្ញៀវទេសចរឱ្យបានដឹងបានឃើញខណៈដែលកម្ពុជាកំពុងត្រូវការដៃគូផ្សព្វផ្សាយបន្ថែមស្រាប់។

ក្រុមអ្នកសារព័ត៌មានទាំងនោះមានអ្នកខ្លះជាអ្នកសរសេរBlog របស់សារព័ត៌មានCanberra Time និងតំណាងសមាគមបោះពុម្ភផ្សាយព័ត៌មានដទៃទៀតមកពីប្រទេសអូស្ត្រាលី, អ្នកខ្លះជាអ្នកសារព័ត៌មានTAZ សារព័ត៌មានNZZ វិទ្យុXY ប្រចាំទីក្រុងប៊ែកឡាំងនិងប្រព័ន្ធផ្សព្វផ្សាយផ្សេងទៀតមកពីប្រទេសអាល្លឺម៉ង់, អ្នកខ្លះទៀតតំណាងមកពីទស្សនាវដ្តីVolkskrant.nl-Daily មកពីប្រទេសហូឡង់និងមកពីប្រទេសប៊ែលហ្សិកទស្សនាវដ្តីThe Telegraph ទស្សនាវដ្តីឯករាជ្យ(Independent) ទស្សនាវដ្តីភូមិសាស្ត្រ(RGS) សារព័ត៌មានBBC សារព័ត៌មានMetro សារព័ត៌មានGuardian សារព័ត៌មានWanderlust ទស្សនាវដ្តីអាហារនិងទេសចរណ៍ដែលសុទ្ធតែមកពីចក្រភពអង់គ្លេស។

ទស្សនកិច្ចនេះធ្វើឡើងចាប់បាទបងប្អូនរង់ចាំពីថ្ងៃទី១៦២៤ខែកុម្ភៈឆ្នាំ២០២០នៅតាមគោលដៅតំបន់ទេសចរណ៍សំខាន់ៗរួមមាន៖ខេត្ដសៀមរាបខេត្ដព្រះសីហនុខេត្ដកំពតខេត្ដកែបនិងរាជធានីភ្នំពេញ។

ប្រតិភូសារព័ត៌មានខាងលើនេះបានមកដល់កម្ពុជាតាមអាកាសយានដ្ឋានអន្ដរជាតិសៀមរាបនិងមានការជជែកពាក់ព័ន្ធពីការវិវត្ដថ្មីៗនិងលើកិច្ចការងារជួសជុលថែរក្សាប្រាង្គប្រាសាទរួមជាមួយផែនការអភិវឌ្ឍន៍បន្ដទៅអនាគតរបស់ខេត្ដសៀមរាបជាមួយភាគីកម្ពុជាផងដែរ។

នៅថ្ងៃបន្ដបន្ទាប់ក្រុមប្រតិភូសារព័ត៌មានបានចាប់ផ្ដើមដំណើរទស្សនកិច្ចតាមចូលក្នុងព្រៃដើម្បីសិក្សាស្វែងយល់និងថតយករូបភាពតាមប្រាង្គប្រាសាទមួយចំនួននៅតំបន់អង្គរនិងបានទៅទស្សនាដំរីនៅព្រៃគូលែន។

ក្រុមប្រតិភូបានទៅទស្សនាមជ្ឈមណ្ឌលពិព័រណ៍ផ្សេងៗនិងរបស់អង្គការក្រៅរដ្ឋាភិបាលមួយចំនួនដែលមានទីតាំងក្នុងខេត្តសៀមរាបផងដែរដើម្បីសិក្សាស្វែងយល់ពីសិល្បៈវប្បធម៌អរិយធម៌ខ្មែរ។

ក្នុងដំណើរទស្សនកិច្ចនេះក្រុមអ្នកសារព័ត៌មានក៏បានទៅសិក្សាស្វែងយល់ពីមុខម្ហូបខ្មែរដែលមានការធ្វើបទបង្ហាញយ៉ាងក្បោះក្បាយពាក់ព័ន្ធឈ្មោះមុខម្ហូបខ្មែរនិងរបៀបនៃការចម្អិនឲ្យមានរសជាតិឆ្ងាញ់នៅតាមភោជនីយដ្ឋានល្បីៗក្នុងខេត្ដសៀមរាប។

នាថ្ងៃទី១៩ខែកុម្ភៈក្រុមអ្នកសារព័ត៌មានបានចាកចេញទៅកាន់ខេត្ដព្រះសីហនុដែលជាតំបន់ឆ្នេរសមុទ្រកម្ពុជាក្នុងគោលបំណងទៅថតយករូបភាពឆ្នេរសមុទ្រកម្ពុជាដ៏ស្រស់ស្អាតនិងរមណីយដ្ឋានធំៗល្បីថ្នាក់ផ្កាយកម្រិតពិភពលោកក៏ដូចជាទទួលយកបទពិសោធន៍ស្នាក់នៅលើកោះមួយចំនួនរបស់កម្ពុជា។

ក្រុមប្រតិភូខាងលើបានបន្ដដំណើរទៅទស្សនារមណីដ្ឋានមួយចំនួនដែលល្បីៗរបស់ខេត្ដកំពតនិងបានទៅសិក្សាស្វែងយល់ពីតំបន់ចម្ការម្រេចកំពតដែលល្បីល្បាញពាសពេញពិភពលោកផង។

រាជធានីភ្នំពេញដែលជាមជ្ឈមណ្ឌលសេដ្ឋកិច្ចពាណិជ្ជកម្មនយោបាយនិងជាបេះដូងនៃកម្ពុជាគឺជាគោលដៅចុងក្រោយនៃដំណើរទស្សនកិច្ចរបស់ក្រុមប្រតិភូសារព័ត៌មានដោយបានទៅថតយករូបភាពស្អាតៗតាមកន្លែងគោលដៅទេសចរណ៍ល្បីៗនិងធ្វើការសិក្សាស្វែងយល់ពីការរស់នៅប្រចាំថ្ងៃរបស់អាជីវករលក់ដូរតាមផ្សារមួយចំនួនក៏ដូចជាទៅទស្សនាតាមទីតាំងគោលដៅកម្សាន្ដនានាដែលបានបង្ហាញខ្លួនយ៉ាងស្រស់ស្អាតរំលេចដោយភ្លើងពណ៌បំភ្លឺលម្អទីក្រុងភ្នំពេញពេលរាត្រី។

នៅចុងបញ្ចប់នៃដំណើរទស្សនកិច្ចខាងលើក្រុមប្រតិភូអ្នកសារព័ត៌មានល្បីៗបានចូលជួបសម្ដែងការគួរសមជាមួយលោកសូវិសុទ្ធីអនុរដ្ឋលេខាធិការក្រសួងទេសចរណ៍និងលោកថោងរដ្ឋស័ក្កិអគ្គនាយកនៃអគ្គនាយកដ្ឋានអភិវឌ្ឍន៍ទេសចរណ៍និងសហប្រតិបត្ដិការអន្ដរជាតិនៅទីស្ដីការក្រសួងទេសចរណ៍និងបានជជែករៀបរាប់ពីបទពិសោធន៍នៃដំណើរទស្សនកិច្ចខាងលើនិងបានសាកសួរព័ត៌មានខ្លះៗបន្ថែមទៀតពាក់ព័ន្ធកិច្ចការជំរុញផ្សព្វផ្សាយពីសក្ដានុពលទេសចរណ៍កម្ពុជានិងផែនការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់រាជរដ្ឋាភិបាលកម្ពុជាសម្រាប់ការវិត្ដថ្មីៗនៃវិស័យទេសចរណ៍ពិភពលោកផង។

ជាការឆ្លើយតបថ្នាក់ដឹកនាំក្រសួងទេសចរណ៍បានបកស្រាយជូនក្រុមប្រតិភូសារព័ត៌មានខាងលើយ៉ាងក្បោះក្បាយក៏ដូចជាបានសន្យាបន្ដកិច្ចសហប្រតិបត្ដិការល្អជាមួយគ្នាបន្ដទៅទៀតដើម្បីជំរុញផ្សព្វផ្សាយពីគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជាទៅកាន់ពិភពលោកឲ្យបានស្គាល់ពីកម្ពុជាកាន់តែច្បាស់ក៏ដូចជាជំរុញលើកទឹកចិត្ដឲ្យភ្ញៀវទេសចរជុំវិញពិភពលោកធ្វើដំណើរមកកម្ពុជាតាមរយៈអត្ថបទរូបភាពវីដេអូដែលបានបង្ហោះលើបណ្ដាសារព័ត៌មាននានាប្រព័ន្ធផ្សព្វផ្សាយសង្គមនិងទំនាក់ទំងសង្គមផ្សេងៗរបស់ក្រុមប្រតិភូសារព័តមានល្បីៗខាងលើកាន់តែច្រើនថែមទៀត៕

អត្ថបទដែលជាប់ទាក់ទង